ក្រុងស៊ាងហៃៈ សភាពាណិជ្ជកម្មសហភាពអឺរ៉ុប (EU) ក្នុងប្រទេស ចិន បានច្រានចោលការសន្យាចុងក្រោយបំផុតរបស់លោកប្រធានាធិបតីចិន ស៊ី ជីនភីង ទាក់ទងនឹងការបើកចំហទីផ្សារថាជាការសន្យាខ្យល់ដដែលៗ ដោយឲ្យដឹងថា ក្រុមហ៊ុនអឺរ៉ុបស៊ាំទៅនឹងការប្ដេជ្ញាចិត្តរបស់ប្រទេស ចិន ទៅហើយ។
ក្នុងការបើកដំណើរការនៃពិព័រណ៍នាំចូល CIIE លើកដំបូងនៅទីក្រុងស៊ាងហៃកាលពីថ្ងៃចន្ទ លោក ស៊ី បានប្ដេជ្ញាថា ប្រទេស ចិន មានការ «ប្ដេជ្ញាចិត្តដ៏ស្ម័គ្រស្មោះ» ក្នុងការបើក ចំហទីផ្សាររបស់ខ្លួន ទោះបីជាការចោទប្រកាន់ពីបរទេសថា ប្រទេសនេះធ្វើដំណើរយ៉ាងយឺតយ៉ាវ ឬក៏ដើរថយក្រោយក្តី ក្នុងពេលដែលមានការអំពាវនាវឲ្យមានការជម្រុះចោលឧបសគ្គចូលទីផ្សារ។
មេដឹកនាំរបស់ប្រទេស ចិន បានប្រកាសថា នឹងចាត់វិធានការជាច្រើនក្នុងវិស័យមួយចំនួន ប៉ុន្តែសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេស ចិន បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានដោយប្រើពាក្យខ្លាំងៗថា ភាគច្រើននៃអ្វីដែលលោក ស៊ី បានសន្យាគ្រាន់តែជាការបញ្ជាក់ឡើងវិញពីសេចក្ដីថ្លែងការណ៍កន្លងមកប៉ុណ្ណោះ។
សភាពាណិជ្ជកម្មអឺរ៉ុបបានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃចន្ទថា៖ «ការនិយាយម្ដងហើយម្ដងទៀតជារឿយៗនេះ ដោយមិនមានការបង្ហាញវិធានការ ឬពេលវេលាច្បាស់លាស់គ្រប់គ្រាន់នោះ បានបណ្ដាលឲ្យសហគមន៍ពាណិជ្ជកម្មអឺរ៉ុប មិនសូវមានភាពជឿជាក់ចំពោះការសន្យាទាំងនេះទេ»។
សភាពាណិជ្ជកម្មមួយនេះបានឲ្យដឹងថា ការរំពឹងទុកសម្រាប់សុន្ទរកថារបស់លោក ស៊ី ដែលថ្លែងបើកដំណើរការ ពិព័រណ៍នាំចូលអន្តរជាតិរបស់ប្រទេស ចិន ត្រូវបាន «ជំរុញជាបន្តបន្ទាប់» ដោយរដ្ឋាភិបាលរបស់ប្រទេស ចិន។
លោក ស៊ី បានឲ្យដឹងថា ប្រទេស ចិន នឹង «បង្កើន» កិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការនាំចូល បន្ទាបពន្ធនាំចូល បន្ធូរបន្ថយនីតិវិធីជម្រះពន្ធគយ និងអនុវត្តការពិន័យធ្ងន់ធ្ងរលើការរំលោភកម្មសិទ្ធិបញ្ញា ក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត។
ប៉ុន្តែលោកមិនបានលើកឡើងជាក់លាក់ និងមិនបានផ្ដល់ការកំណត់ពេលវេលានោះទេ។
សភាពាណិជ្ជកម្មបានកត់សម្គាល់ថា លោក ស៊ី បានលើកឡើងដោយសង្ខេបអំពីការលុបចោលការកម្រិតលើការវិនិយោគបរទេសក្នុងសេវាអប់រំ និងឱសថ និងគាំទ្រការបង្កើនល្បឿនការចរចាស្ដីពីកិច្ចព្រមព្រៀងការវិនិយោគអឺរ៉ុប និងប្រទេស ចិន ដោយហៅកត្តាទាំងនោះថា «ជាសក្ដានុពលដ៏សំខាន់»។
លោក Carlo D''Andrea អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបបានថ្លែងថា៖ «ទោះបីជាយ៉ាងនោះក្តី សភាពាណិជ្ជកម្មអឺរ៉ុបមានក្ដីសង្ឃឹមកាន់តែខ្លាំងថា អ្វីដែលត្រូវបានលើកឡើងដោយរដ្ឋាភិបាលចិន ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ»។
លោកមានប្រសាសន៍ថា៖ «បញ្ហាអ្វីក៏ដោយដែលកើតឡើងចំពោះពួកយើងគឺថា វិធានការច្បាស់លាស់នឹងកើតឡើងនៅពេលខាងមុខ និងថាកំណែទម្រង់ត្រូវបានកំណត់ពេលវេលាច្បាស់លាស់។
ប្រសិនបើប្រទេស ចិន ពិតជានឹងបន្តការបើកចំហមែន យើងនឹងរំពឹងថា នឹងមានការប្ដេជ្ញាចិត្ត និងជាក់លាក់បន្ថែម ដែលត្រូវបានប្រកាសដោយលោកប្រធានាធិបតី ស៊ី»។
នៅក្នុងសុន្ទរកថានៅទីក្រុងដាវ៉ូសកាលពីជិត ២ ឆ្នាំមុន លោក ស៊ី បានបង្ហាញថា ចិនជានិមិត្តរូបនៃសកលភាវូបនីយកម្ម ដែលផ្ទុយនឹងលោក ត្រាំ ប៉ុន្តែក្រុមអ្នករិះគន់ បានឲ្យដឹងថា លោកមិនទាន់បានផ្ដល់ការបំពេញតាមការសន្យាដូចនោះនៅឡើយទេ៕ AFP/LA