ភ្នំពេញៈ ​ខណៈ​ជំងឺ​ប៉េស្ត​ជ្រូក​អា្រហ្វិក​ ​កំពុង​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​ និង​រីក​រាលដាល​នៅ​ក្នុង​តំបន់សមា​គម​អ្នក​ចិញ្ចឹម​សត្វ កម្ពុជា ជំរុញ​ឲ្យ​ក្រសួង​កសិ​កម្ម​ត្រួត​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់​រាល់​សត្វ​ជ្រូក​នាំ​ចូល​ពី​បណ្ដា​ប្រទេស​ជិត​ខាង​ ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​នេះ​មក​កម្ពុជា​។

លោក ស៊្រុន ពៅ ប្រធាន​សមា​គម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា​ប្រទេស ចិន បាន​សម្លាប់​សត្វ​ជ្រូក​ឆ្លង​រោគ ៣៨ ០០០ ក្បាល​រួច​ហើយ​ ខណៈ​​វា​ក៏​ជា​ក្តី​​បារម្ភ​ដ៏​ធំ​ សម្រាប់​កសិករ​ខ្នាត​តូច​ និង​ក្រុម​ហ៊ុន​ក្នុង​ស្រុក​របស់​កម្ពុជា​ផង​ដែរ​​។​

បើ​ទោះ​មិន​មាន​ទិន្ន​ន័យ​​ពី​ការ​នាំចូល​ជ្រូក​ដោយ​ផ្ទាល់​ពី​ចិន​មក​កម្ពុជា​ក្តី ​លោក ស៊្រុន ពៅ បាន​ឲ្យ​ដឹង​ថា ​វា​ងាយ​​រីក​រាល​ដាល​មក​ដល់​កម្ពុជា ​តាម​រយៈ​ការ​នាំចូល​មក​ពី​ប្រទេស វៀតណាម ដែល​ជា​ប្រទេស​ជិត​ខាង​របស់​ចិន​។​

​លោក​ថ្លែង​ថា​៖«​វា​ជា​ការ​បារម្ភ​ដ៏​ធំ​ សម្រាប់​កសិករ​របស់​​យើង​ ក្រោយ​ពី​ទទួលរ​ង​ដោយ​សារ​តម្លៃ​ជ្រូក​កន្លង​មក ​ហើយ​​ពេល​នេះ​ក៏​កំពុង​ប្រឈ​ម​នឹង​​បញ្ហា​ធំ​ផ្សេង​ទៀត​​​​»​។ លោក​បន្តថា​៖«​បើ​ជំងឺ​នេះ​ រី​ក​រាល​ដាល មក​ដល់​ប្រទេស​របស់​យើង ​ឧស្សាហ​កម្ម​ជ្រូក នឹង​ត្រូវ​ដួល​ទាំង​ស្រុង»។

លោក ស៊្រុន ពៅ​ បន្ត​ថា ​ក្រសួង​​កសិ​កម្ម​កម្ពុជា ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ចូល​ជ្រូក​ជា​ផ្លូវ​ការ​ពី​វៀត​ណាម ១ ២៥០ ក្បាល​​ក្នុង​១​ថ្ងៃ​ ប៉ុន្តែ​ជាក់​ស្តែង​​ការ​នាំ​ចូល​អាច​កើន​ដល់​ជាង ២ ០០០​ក្បាល​​។

​ចិន ជា​ប្រទេស​ផលិត​ និង​ប្រើ​ប្រាស់​សាច់​ជ្រូក​ឈាន​មុខ​គេ​របស់​ពិភព​លោក ​បាន​រាយ​​ការណ៍​ករណី​លើក​ដំបូង​របស់​​ខ្លួន​កាល​ពី​ខែ​សីហា​ នៅ​ក្នុង​​ខេត្ត Liaoning ភាគ​ខាង​ឦសាន។ ចាប់​ពី​ពេល​នោះ​​មក​ជំងឺ​នេះ​បាន​រីក​រាល​ដាលដល់​ភាគ​ខាង​ត្បូង ដែល​បណ្ដាល​ឲ្យ​មាន​ការ​សម្លាប់​សត្វ​ជ្រូក ៣៨ ០០០ ក្បាល​​។​

ជំងឺ​ប៉េស្ត​ជ្រូក​អា្រហ្វិក​​​មិន​ប៉ះ​ពាល់​ដល់​មនុស្ស​នោះ​ទេ ​ប៉ុន្តែ​បណ្ដាល​ឲ្យ​មាន​ជំងឺ​ផ្ដា​សាយ​លើ​សត្វ​ជ្រូក​ដែល​នឹង​បង្ក​ឲ្យ​សត្វ​ជ្រូក​ងាប់​។ ​​មក​ដល់​ពេល​នេះ​មិន​មាន​ថ្នាំ​សម្លាប់​មេរោគ​នេះ​ ឬ​វ៉ាក់​សាំង​​ការ​ពារ​នៅ​ឡើយ​ទេ​ ហើ​យ​វិធាន​ការ​តែ​១​គត់​គឺ​សម្លាប់​​សត្វ​ដែល​ឆ្លង​រោគ​ចោល​។​

ប្រទេស​នៅ​ក្នុង​តំបន់​នៅ​សប្តាហ៍​​នេះ​បាន​ជួប​ប្រជុំ​រយៈ​ពេល ៣ ថ្ងៃ​នៅ​ក្នុង​ប្រទេស ថៃ ដែល​រៀប​ចំ​ដោយ​អង្គ​ការ​ស្បៀង​អាហារ និង​កសិ​កម្ម (FAO) របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ដោយ​​ប្រមូល​ផ្ដុំ​អ្នក​ជំនាញ​ខាង​ជំងឺ​សត្វ​ ព្រម​ទាំង​គោល​នយោ​បាយ​កសិ​កម្ម​ មក​ពី​​បណ្ដា​ប្រទេស​ចំនួន ៩ ដែល​នៅ​ជិត​ខាង​ចិន​។​

​ក្រុម​អ្នក​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​មាន​​មក​ពី កម្ពុជា ចិន ជប៉ុន ឡាវ ម៉ុង​ហ្គោ​លី មី​យ៉ាន់​ម៉ា ហ្វី​លី​ពីន កូរ៉េ​ខាង​ត្បូង ថៃ និង​វៀត​ណាម​។​

ប៉ុន្តែ​ មន្ដ្រី​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​ ជំងឺ​នេះ​​មិន​ទាន់​បាន​រក​ឃើញ​នៅ​ឡើយ​ទេ ​សូម្បី​​នៅ​ក្នុង​​ប្រទេស​ជិត​ខាង​កម្ពុជា​។​

​លោក សេន សុវណ្ណ អគ្គ​នា​យក​​នៃ​អគ្គ​នាយក​ដ្ឋាន​សុខ​ភាព​​សត្វ ​និងផលិត​កម្ម​សត្វ ​នៅ​ក្រសួង​កសិ​កម្ម​ដែល​​ចូល​រួម​​ក្នុង​កិច្ច​ប្រជុំ​នេះបាន​​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ថា ​វី​រុស​ជំងឺ​ប៉េស្ត​ជ្រូក​អា្រហ្វិកមិន​ទាន់​រីក​រាល​ដាល​នៅ​ក្នុង​ប្រទេស ថៃ វៀត​ណាម និង​កម្ពុជា​នោះ​ទេ ​ប៉ុន្តែ​​មន្ដ្រី​កំពុង​​ត្រួត​ពិនិត្យ​យ៉ាង​ដិត​ដល់​លើ​បញ្ហា​នេះ​។​

លោក​ថ្លែង​ថា​៖ «​​ពេល​នេះ​យើង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ប្រទេស ថៃ និង​អាជ្ញា​ធរ​​វៀត​ណាម​ ដែល​តាម​ដាន​យ៉ាង​​តឹង​រ៉ឹង​រាល់​ផលិត​ផល​នាំ​ចូល​ទាំង​អស់​»​។​

លោក​បាន​បន្ត​ថា​៖ «​​យើង​នឹង​រៀប​ចំ​​សិក្ខា​សាលា​ជា​មួយ​ក្រុម​ហ៊ុន​​ផលិត​សាច់​ជ្រូក​របស់​​​យើង ​ដើម្បី​យល់​ដឹង​អំពី​វីរុស​នេះ ​ដើម្បី​ជួយ​ការ​ពារ​»​។​

លោក​បន្ត​ថា​៖ «​បើ​​​វី​រុស​នេះ​​កើត​ឡើង​​ក្នុង​កសិដ្ឋាន ១០០ នៃ​សត្វ​ជ្រូ​ក​ដែ​ល​ឆ្លង​រោគ​ នឹង​​ត្រូវ​ងាប់​»​៕​LA