ភ្នំពេញៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កំពុងសម្របសម្រួលជាមួយសម្ព័ន្ធសម្លៀកបំពាក់ម៉ាកល្បីៗនៅអឺរ៉ុប (EBCA) ដើម្បីស្នើសុំទៅលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបឲ្យពន្យារពេលការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ពីប្រទេស កម្ពុជា ដោយសារការរីករាលដាលកូវីដ ១៩ កំពុងរំខានដល់ការផលិត ការនាំចេញ និងតម្រូវការ។
EBCA បានដាក់លិខិតមួយទៅសហភាពអឺរ៉ុប (EU) តាំងពីថ្ងៃទី ៣០ ខែមីនា ដោយលើកឡើងថា ការរីករាលដាលកូវីដ ១៩ កំពុងបង្កឲ្យមានបញ្ហាប្រឈមដែលមិនធ្លាប់មាននៅក្នុងពិភពសកលភាវូបនីយកម្ម។
EBCA បន្តថា៖ «ការរំខានដោយកូវីដ១៩ ផ្ដល់ហានិភ័យជាច្រើនដល់ការងារទាំងនៅក្នុង និងក្រៅ EU។ នៅក្នុង EU ការលក់ក្នុងវិស័យរបស់យើងបានធ្លាក់ចុះរួចហើយប្រហែល ៩០ ភាគរយ និងប្រហែល ៩០ ភាគរយនៃបុគ្គលិកបច្ចុប្បន្នត្រូវបានគាំទ្រហិរញ្ញវត្ថុដោយថៅកែរបស់ពួកគេ។ ការធ្លាក់ចុះខ្លាំងនៅក្នុងការលក់បែបនេះមានផលប៉ះពាល់ចៀសមិនផុតលើការបញ្ជាទិញឡើយ»។
EBCA បានលើកឡើងថា៖ «ដើម្បីលើកកម្ពស់ និងអាចឲ្យពួកយើងបន្តការគាំទ្របុគ្គលិករបស់យើង និងនៅក្នុងប្រទេសផលិតកម្មជាច្រើន យើងចង់ស្នើ EU និងរដ្ឋជាសមាជិកត្រូវគាំទ្រឧស្សាហកម្មរបស់យើងនៅក្នុងរយៈពេលវែង ដោយសារតែការងើបឡើងវិញនឹងត្រូវការរយៈពេលយូរ។
ជាពិសេសយើងចង់ស្នើក្នុងកម្រិត EU ត្រូវកាត់បន្ថយជាបណ្ដោះអាសន្ននូវពន្ធអាករលើតម្លៃបន្ថែម (VAT) និងតម្លៃពន្ធគយលើការនាំចូលក្នុង EU លើសម្លៀកបំពាក់ ដើម្បីផ្ដល់ជំនួយសង្គ្រោះរួមជាមួយនឹងចង្វាក់ផ្គត់ផ្គង់ទាំងមូល ដែលរួមទាំងនៅក្នុងបណ្ដាប្រទេសផលិតកម្មនានាផងដែរ»។
ការពន្យារពេលនៃការដក EBA ពីប្រទេស កម្ពុជា ដោយសារតែកាលៈទេសៈពិសេស និងផលប៉ះពាល់ធ្ងន់ធ្ងររួចហើយដល់ឧស្សាហកម្មពិភពលោក និងសូមស្នើឲ្យមានការពន្យារពេល ៩០ ថ្ងៃ ដោយស្វ័យប្រវត្ដិនៃការទូទាត់ពន្ធផងដែរ»។ នេះបើយោងតាមការស្នើរបស់ EBCA។
កាលពីថ្ងៃទី ១២ ខែកុម្ភៈ គណៈកម្មការអឺរ៉ុបបានសម្រេចដកមួយផ្នែកនៃប្រព័ន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ពីកម្ពុជាដែលធ្វើឲ្យប៉ះពាល់ប្រហែល ១ ភាគ ៥ នៃការនាំចេញរបស់កម្ពុជារួមមានសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ។ វិធានការនេះបានត្រូវរំពឹងថា នឹងធ្វើឲ្យកម្ពុជាខាតបង់ប្រហែល ១,១ ពាន់លានដុល្លារ។ ការសម្រេចចិត្តនេះនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី ១២ ខែសីហា។
លោក ខេន លូ អគ្គលេខាធិការ GMAC បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃព្រហស្បតិ៍ថា បច្ចុប្បន្នសមាគមកំពុងធ្វើការងារប្រកៀកស្មាគ្នាជាមួយ EBCA ជុំវិញការស្នើសុំទៅ EU ដោយសារតែការរីករាលដាលកូវីដ ១៩ ប៉ះពាល់ដល់ឧស្សាហកម្មនេះ។
លោកថ្លែងថា៖ «យើងកំពុងសហការសម្របសម្រួលជាមួយ EBCA។ យើងសង្ឃឹមថា EU នឹងពិចារណា និងយល់ព្រមចំពោះការស្នើសុំនេះ។ នៅពេលនេះយើងមិនដឹងពីស្ថានភាពនោះទេ។ នៅពេលនេះយើងកំពុងព្យាយាមដោះស្រាយបញ្ហាបន្ទាន់នៃកូវីដ ១៩ និងរបៀបក្នុងការបន្តរស់ក្នុងរយៈពេល ២-៣ ខែក្រោយ»។
លោកបន្តទៀតថា៖ «យើងក៏ចង់ស្នើសុំ EU សម្រាប់ការពន្យារពេលដែលអាចធ្វើបាននៃកាលបរិច្ឆេទសម្រាប់ការអនុវត្តនេះផងដែរ។ បើត្រូវបានយល់ព្រម វានឹងមានប្រយោជន៍ខ្លាំងសម្រាប់រោងចក្រមួយចំនួនដែលផលិតទំនិញមិនតាមរដូវកាល។ ដោយសារវីរុសកូរ៉ូណា អតិថិជនជាច្រើនកំពុងរៀបចំជាដំណាក់កាលការនាំចេញនៅខែមេសាដល់ខែមិថុនាទៅខែសីហាតទៅដែលនឹងត្រូវរងផលប៉ះពាល់ដោយបញ្ហាពន្ធ។ ដូច្នេះការពន្យារពេលការដកនេះច្បាស់ណាស់ជួយនៅក្នុងស្ថានការណ៍នេះ»។
ការនាំចេញសរុបរបស់កម្ពុជាទៅ EU បានកើនឡើង ៥,៤ ពាន់លានអឺរ៉ូ កាលពីឆ្នាំ ២០១៨។ ក្នុងនោះចំនួន ៩៥,៧ ភាគរយ ឬ ៥,២ ពាន់លានអឺរ៉ូ ក្នុងចំណោម ៥,៤ ពាន់លានអឺរ៉ូចូលទៅទីផ្សារ EU ស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធ EBA៕ LA