ភ្នំពេញ៖ សមាគមវារីវប្បកម្មនៅកម្ពុជាអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធបន្តរឹតបន្តឹងការនាំចូលត្រីខុសច្បាប់ និងជូយសម្រួលដល់ការដឹកជញ្ជូន ដើម្បីធានាបាននូវការផ្គត់ផ្គង់ត្រីនៅលើទីផ្សារឲ្យវិលមកស្ថានភាពដើមវិញ ស្របពេលតម្លៃត្រីហក់ឡើងខ្ពស់។
សេចក្តីប្រកាសព័ត៌មានរបស់សមាគមចុះកាលពីថ្ងៃទី ១៩ ខែមេសា ឲ្យដឹងថា ក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ តម្លៃត្រីលក់រាយនៅលើទីផ្សារបានឡើងតម្លៃខ្ពស់គួរឲ្យព្រួយបារម្ភ។
សេចក្តីប្រកាសព័ត៌មានបន្តថា តម្លៃត្រីលក់រាយនៅក្នុងទីផ្សារឡើងថ្លៃក្នុងពេលថ្មីៗនេះបណ្តាលមកពីការដឹកជញ្ជូនផលិតផលជលផលមកកន្លែងស្តុកចែកចាយនៅភ្នំពេញកំពុងជួបប្រទះការលំបាកក្នុងការធ្វើចរាចរណ៍ ដែលនាំឲ្យមានការយឺតយ៉ាវ។
ជាមួយគ្នានេះ អ្នកចែកចាយតូចៗទាំងនៅតាមបណ្តាខេត្តជុំវិញរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក៏មានការលំបាកក្នុងការធ្វើដំណើរទៅកន្លែងស្តុកចែកចាយផលិតផលជលផលនៅភ្នំពេញ ដើម្បីទទួលបានត្រីគ្រប់ប្រភេទទៅចែកចាយបន្តនៅតាមផ្សារនានា ហើយការនាំចូលត្រីដោយខុសច្បាប់ និងការបន្លំនានា មិនអាចធ្វើបានច្រើនដូចកាលពីមុនៗបានទៀតទេ។
សមាគមនេះអំពាវនាវដល់សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធបន្តរឹតបន្តឹងការនាំចូលត្រីដោយខុសច្បាប់ និងសូមមេត្តាជួយសម្រួលដល់ការដឹកជញ្ជូនត្រី ការចុះចាប់ត្រីនៅតាមស្រះ និងការមកទទួលយកត្រីទៅចែកចាយបន្តតាមផ្សារនានា ដើម្បីធានាដល់ការផ្គត់ផ្គង់ត្រីលើទីផ្សារក្នុងស្ថានភាពដ៏លំបាកនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
សេចក្តីប្រកាសព័ត៌មាន៖ «សមាគមវារីវប្បកម្មនៅកម្ពុជានឹងសហការជួយអាជីវករទាំងអស់គ្រប់ពេលវេលា ប្រសិនបើចង់បានលេខទំនាក់ទំនងអ្នកចិញ្ចឹមត្រីដែលមានត្រីក្នុងស្តុកតាមតម្រូវការប្រភេទត្រី។
ទន្ទឹមនឹងនេះ សមាគមកត់សម្គាល់ថា មានអ្នកសារព័ត័មាន និងអ្នកលេងបណ្តាញសង្គមមួយចំនួនបានធ្វើសេចក្តីសន្និដ្ឋានមិនត្រឹមត្រូវដែលថា តម្លៃត្រីឡើងថ្លៃនេះបណ្តាលមកពីកម្ពុជាកង្វះត្រីសម្រាប់ផ្គត់ផ្គង់ទីផ្សារ ដោយបានទាមទារឲ្យមានការបើកការនាំចូលត្រីដោយទ្រង់ទ្រាយធំពីប្រទេសជិតខាងថែមទៀត។
ប៉ុន្តែសមាគមវារីវប្បកម្មនៅកម្ពុជា សូមជម្រាបថា បច្ចុប្បន្ននេះវារីវប្បករនៅទូទាំងប្រទេសកំពុងកកស្ទះត្រីរាប់ពាន់តោននៅក្នុងស្រះនៅឡើយចាប់តាំងពីខែ មករា ឆ្នាំ ២០២១។ ចំណែកតម្លៃត្រីលក់ចេញពីស្រះ គឺមិនបានឡើងថ្លៃទាល់តែសោះ៕