ភ្នំពេញៈ ២០១៧ ជា​ឆ្នាំ​ដែល​កម្ពុជា​ញាំញី​ដោយ​វិបត្តិ​នយោបាយ​ខ្លាំង​បំផុត​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយនេះ​។

ការរំលាយ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ពី​សំណាក់​រដ្ឋាភិបាល​បានធ្វើ​ឲ្យ​កម្ពុជា ​រង​ការគំរាមកំហែង​ទាំង​ផ្នែក​ទំនាក់​ទំនង​ការទូត ពាណិជ្ជកម្ម វិនិយោគ និង សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ​។

ប្រទេស​ដែលជា​ទីផ្សារ​នាំចេញ​ដ៏​សំខាន់​របស់​កម្ពុជា ក្នុង​នោះ​សហភាព​អឺរ៉ុប បានចេញ សេចក្ដីថ្លែងការណ៍​រំឭក​បែប​ព្រមាន​ថា ការ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​របស់​កម្ពុជា​តាមរ​យៈ​គម្រោង «​អ្វីៗ​គ្រប់យ៉ាង​លើក​លែង​តែ​សព្វាវុធ​» នៅពេលនេះ​អាច​ស្ថិតក្នុង​ភាព អន្តរាយ​។​

បើ​ទោះ​បី​យ៉ាង​នេះ​ក្តី ផល​ប៉ះ​ពាល់​ណា​មួយ​មក​លើ​ពាណិជ្ជកម្ម វិនិយោគ និង​សេដ្ឋកិច្ច​មក​លើ​កម្ពុជា​មិន​ទាន់​កើត​មាន​នៅ​ឡើយ​ទេ​នៅ​ឆ្នាំ​ ២០១៧ នេះ ខណៈ​សកម្មភាព ពាណិជ្ជកម្ម វិនិយោគ នៅ​តែ​មាន​ភាព​រឹង​មាំ​។

ភ្នំពេញ ប៉ុស្តិ៍ បាន​សរុប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់ៗ​ដែល​បាន​កើត​ឡើង​ក្នុង​ឆ្នាំ ​២០១៧ ឡើង​វិញ​។

- ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ឧកញ៉ា​ឈើ​ដ៏​ល្បី​ល្បាញ គឺ​លោក​ទ្រី ភាព ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ដាក់​ការ​វិនិយោគ​ទៅ​លើ​វិស័យ​ផ្សេងៗ​ជាច្រើន បន្ទាប់​ពី​អាជីវកម្ម​ឈើ​ដ៏​រសើប​របស់​លោក​។

កាលពី​ខែមករា ក្រុមហ៊ុន ទ្រី​ភាព​គ្រុប បាន​បើក​សម្ពោធ​រោងចក្រ​ដំឡើង​ម៉ូតូ ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​ចិន ឆាណា ស៊ីឈួង​ជាអ៊ី​។

ក្រុមហ៊ុន​នេះ​មិន​បាន​បង្ហាញ​ទុនវិនិយោគ​ពិត​ប្រាកដ​នៅ​ក្នុង​គម្រោង​នេះ​ទេ ប៉ុន្តែ​បាន​ឲ្យ​ដឹង​ថា រោងចក្រ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្នែក​មួយ​នៃ​ថវិកា​វិនិយោគ​សរុប​ ៥០ ​លាន​ដុល្លារ ដែល​លោក ទ្រី ភាព វិនិយោគ​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​ចិន ឆាណា ស៊ីឈួង​ជាអ៊ី។

- ក្រុមហ៊ុន Toshiba Plant Systems and Services Corporation (TPSC) ដែល​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Toshiba ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិច​ត្រូនិក​ឈាន​មុខ​គេ​របស់​ជប៉ុន​កាល​ពី​ខែ​កុម្ភៈ ទទួល​បាន​កិច្ច​ព្រមព្រៀង​សាងសង់​រោងចក្រ​ថាមពល​ធ្យូង​ថ្ម​ទំហំ​១៥០ មេហ្គា​វ៉ាត់​ឲ្យ​ក្រុមហ៊ុន​ម៉ាឡេស៊ី​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។ គម្រោង​នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០១៩​។

- រឿង​ដែល​ចាប់​អារម្មណ៍​ជាង​គេ​នៅ​ដើម​ឆ្នាំ​២០១៧​នោះ​គឺ​ធនាគារ​ជាតិ​នៃ​កម្ពុជា នៅ​ខែ​មីនា បាន​ចូល​អន្តរាគមន៍​អត្រា​ការ​ប្រាក់​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​ដោយ​បាន​ដាក់​ពិតាន​អត្រា​ការ​ប្រាក់​កម្ចី​មិន​ឲ្យ​លើស​ពី​១៨​ភាគរយ​ក្នុង​មួយ​ឆ្នាំ​។

អន្តរាគមន៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​លើ​អត្រា​ការ​ប្រាក់​កម្ចី​នៅ​ពេល​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​កម្ពុជា​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​នឹង​អន្តរាគមន៍​បន្ទាប​អត្រា​ការ​ប្រាក់​កម្ចី ដែល​ការ​អះអាង​នេះ​ធ្វើ​ឡើង​មុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​។ នេះ​ជា​ការ​ធ្វើ​អន្តរាគមន៍​លើ​អត្រា​ការប្រាក់​កម្ចី​ជា​លើក​ដំបូង​មិន​ធ្លាប់​មាន​។

ជា​ការ​អះអាង​របស់ NBC គោលដៅ​នៃ​ការកំណត់​នេះ គឺ​ដើម្បី​ការពារ​អតិថិជន​ពី​ការទទួល​កម្ចី​ដែល​មាន​ការប្រាក់​ខ្ពស់​ពេក និង​ដើម្បី​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​កម្ចី​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ពិតាន​អត្រា​ការប្រាក់​នេះ​បាន​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៧ នេះ​តទៅ​ជា​កំហិត​»​។

- វា​ជា​លើក​ដំបូង​សម្រាប់​ប្រទេស​កម្ពុជា ដែល​កាលពី​ពាក់​កណ្តាល ខែ​ឧសភា ឆ្នាំ ២០១៧ បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន ក្រោម​ប្រធាន​បទ «​ក្តី​ស្រមៃ​អាស៊ាន​» ដែល​មាន​យុវជន​កម្ពុជា​ជាង ២ ០០០​នាក់ និង​វិនិយោគិន មេ​ដឹក​នាំ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ជាង​ ៧០០ ​នាក់ មកពី​ប្រទេស​ ៤០ បាន​ប្រមូល​ផ្តុំ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF) ស្តីពី​អាស៊ាន​លើក​ទី ​២៦ នៅ​ទីក្រុង​ភ្នំពេញ​។

ក្នុងនាម​ជា​ម្ចាស់​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹងថា កម្ពុជា​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ហើយ​ប្រទេស​នេះ​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ស្រូប​យក​បច្ចេកវិទ្យា​ថ្មី​ក្នុងចំណោម​ប្រជាជន​វ័យក្មេង​។

- នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៧ ក្នុង​ខែ​មិថុនា កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​(PAS) បាន​ក្លាយ​ជា​សហគ្រាស​រដ្ឋ​ទី​៣​ដែល​បាន​ឡើង​ផ្សារ​ហ៊ុន​ដោយ​ជោគជ័យ ដោយ​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​ក្រុមហ៊ុន​ដែល​មាន​ភាព​ទាក់ទាញ​ជាងគេ​ក្នុង​ការបង្កើន​ការ​ជួញដូរ​នៅលើ​ផ្សារ​ហ៊ុន​ដែល​មិនសូវមាន​សកម្មភាពរ​បស់​កម្ពុជា​មួយ​នេះ​។​

កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បានក្លាយ​ជា​ក្រុមហ៊ុន​ទី​ ៥ ដែល​ចុះបញ្ជី​ជួញដូរ​ក្នុង​ផ្សារ​ហ៊ុន​។ ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​មួយ​នេះ​បានធ្វើការ​បោះផ្សាយ​លក់​ភាគហ៊ុន​ជា​សាធារណៈ​ជា​លើកដំបូង ​(IPO) ដោយ​ជោគជ័យ​មុននឹង​ចុះបញ្ជី​ជួញដូរ​ជា​ផ្លូវការ ហើយ​ប្រមូល​បាន​ទុន​សរុប ២៦,៩៩ លាន​ដុល្លារ​។ តម្លៃ​ភាគហ៊ុន​នៅពេល​បោះផ្សាយ (IPO) គឺ ៥០៤០ រៀល​ក្នុង​មួយ​ហ៊ុន​។

កម្មករ​​ដក​ឡូហ្គោ​អេស៊ីលីដា​ចេញ​ពី​អគារ​ការិយាល័យ​​កណ្តាល​​។ ហុង មិនា

- មួយ​ខែ​បន្ទាប់ពី​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ទប់ស្កាត់​ការ​នាំចូល​ជ្រូក​ដោយ​ខុសច្បាប់​មក​ទីផ្សារ​កម្ពុជា ក្រុមការងារ​ពិសេស​វិស័យ​ឯកជន ត្រូវបាន​រំលាយចោល​វិញ​កាលពី​ខែកក្កដា ដោយសារ​ក្រសួង​កសិកម្ម​អះអាងថា ក្រុមការងារ​នេះ​គ្មាន​ភារកិច្ច​ក្នុងការ​ត្រួតពិនិត្យ​លើ​ការងារ​នេះ​ទេ​។ មក​ដល់​ពេល​នេះ​វិស័យនេះ​នៅតែ​ប្រឈម​បញ្ហា​នៃ​ការ​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​យ៉ាងគំហុក ដែល​ធ្វើ​ឲ្យ​ខូចខាត​ដល់​អ្នក​ចិញ្ចឹម​ក្នុងស្រុក​។

- វា​ជា​ជំហាន​ថ្មី​មួយ​សម្រាប់​វិស័យ​ប្រេង​របស់​ប្រទេស​កម្ពុជា ដែល​រដ្ឋាភិបាល​បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​ប្រេង​ជាមួយនឹង​ក្រុមហ៊ុន KrisEnergy របស់​សិង្ហ​បុរី កាលពី​ខែ​សីហា ឆ្នាំ ​២០១៧ បន្ទាប់​ពី​ពន្យារ​ពេល​ជាច្រើន​ឆ្នាំ ដែល​គេ​រំពឹង​ថា ការ​ទាញ​យក​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​នឹង​ចាប់​ផ្តើម​ក្នុង​រយៈពេល​២​ឆ្នាំ​ទៀត​។

ស្ថិត​ក្រោម​លក្ខខណ្ឌ​ថ្មី​នេះ រដ្ឋាភិបាល​កាន់​កាប់​អត្ថ​ប្រយោជន៍​៥​ភាគរយ​នៅក្នុង Block A ដែល​នឹង​ត្រូវ​គ្រប់គ្រង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​(MEF)​។

កិច្ច​ព្រម​ព្រៀង​នេះ​ក៏​បន្ថយ​ទំហំ​សម្បទាន​ដែល​ក្រុមហ៊ុន KrisEnergy គ្រប់គ្រង​២៥​ភាគរយ​ផង​ដែរ ពី​៤ ៧០៩ គីឡូម៉ែត្រ​ការ៉េ​មក​ត្រឹម ៣ ០៨៣​ ​គីឡូ​ម៉ែត្រ​ការ៉េ​។

- រដ្ឋាភិបាល​កាលពី​ខែ​សីហា​នេះ​ដែរ​បាន​ប្រកាស​ថា កម្ពុជា​គ្រោង​នឹង​ចំណាយ​ប្រហែល ​៥,៤​ ពាន់​លាន​ដុល្លារ​សម្រាប់​ការ​វិនិយោគ​សាធារណៈ​ក្នុង​រយៈពេល​ ៣​ ឆ្នាំក្រោយ ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ ខណៈ​ការអនុម័ត​សេចក្ដីព្រាង​ត្រូវបាន​ចុះហត្ថលេខា​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ដ្រី អ្នក​ជំនាញ​ស្វាគមន៍​ពី​ផែនការ​របស់​រដ្ឋាភិបាល ប៉ុន្តែ​បារម្ភ​ពី​កង្វះ​តម្លាភាព​ក្នុង​ការ​អនុវត្ត​គម្រោង​ប្រកប​ដោយ​ប្រសិទ្ធភាព​។

តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ដ្រី​ពេល​នោះ កម្ពុជា​ត្រូវ​ការ​ប្រហែល​ ១,៩១​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨ ខណៈ​ពេល​ដែល​ទឹក​ប្រាក់​ប្រហែល ១,៧៨ ​ពាន់​លាន​ដុល្លារ​នឹង​បម្រុង​ទុក​ដើម្បី​ចំណាយ​សម្រាប់​ឆ្នាំ​ ២០១៩ និង ១,៧១​ ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ ២០២០​។

- Uber ដែលជា​សេវា​ហៅ​រថយន្ត​តាក់ស៊ី​ជិះ​ធំជាងគេ​របស់​ពិភព​លោក បាន​បើក​ដំណើរការ​ជា​ផ្លូវ​ការ​នៅ​ទីក្រុង​ភ្នំពេញ​ ក្នុង​ខែកញ្ញា ឆ្នាំ ​២០១៧ ខណៈ​ Grab ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ដូច​គ្នា​នេះ​ដ៏​ធំ​ក្នុង​តំបន់​ក៏បាន​ហក់​ចូល​ទីផ្សារ​ដ៏​តូចចង្អៀត​របស់​កម្ពុជា​នេះ​ផងដែរ​កាលពី​ខែធ្នូ ឆ្នាំ​២០១៧ ដែល​ក្រុមហ៊ុន​អន្តរជាតិ​ទាំង​ ២ ​នេះ​សុទ្ធតែ​បង្ហាញ​ពី​សុទិដ្ឋិនិយម​ក្នុង​ទីផ្សារ​កម្ពុជា​។

អ្នក​បើក​បរ​រថយន្ត​តាក់ស៊ី​របស់​ក្រុមហ៊ុន​ផ្តល់​សេវា​ហៅ​តាក់ស៊ី​ជិះ Grab នៅក្នុង​ថ្ងៃ​បើក​សម្ពោធ​ផ្តល់​សេវា​របស់​ក្រុមហ៊ុន​។ហុង មិនា

- កិច្ច​ព្រម​ព្រៀង​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ប្រទេស​បង់​ក្លា​ដែស​ក្នុងដំណាក់កាល​ដំបូង​ត្រូវ​បាន​លុបចោល​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៧ ខណៈ​ប្រទេស​ទាំង​២​បាន​បរាជ័យ​ក្នុងការ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ចុងក្រោយ​។

​អ្នករកស៊ី​នៅក្នុង​ឧស្សាហ​កម្ម​នេះ និង​មន្ត្រី​រដ្ឋាភិបាល​បាន​អះអាងថា ការដែល​មិន​សម្រេច​នូវ​កិច្ចព្រមព្រៀង​នេះ ដោយសារ​កម្ពុជា​មិនមាន​អង្ករ​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​ទៅតាម​តម្រូវការ​របស់​បង់​ក្លា​ដែស​។

កិច្ច​ព្រម​ព្រៀង Letter of Credit (​កិច្ច​ព្រម​ព្រៀង​នៃ​ការទូទាត់ និង​បញ្ជូន​ទំនិញ​រវាង​អ្នក​នាំចេញ និង​អ្នក​នាំចូល​) មិន​ត្រូវ​បាន​សម្រេច​បាន​តាម​ទិសដៅ​កំណត់​ទេ ដោយសារ​ភាគី​ទាំង​ ២​ មិនអាច​ទទួល​យក​តាម​លក្ខខណ្ឌ ហើយនឹង​ស្វែងរក​កិច្ចប្រជុំ​ដោះស្រាយ​នៅពេល​ក្រោយ​ទៀត​។

- នៅ​ខែវិច្ឆិកា​ដដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សម្រេច​បន្ថយ​បន្ទុក​ពន្ធ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ (MFI) នៅ​កម្ពុជា​ដោយ​បាន​បន្ទាប​អត្រាពន្ធ​កាត់​ទុក​សម្រាប់​កម្ចី​ពី​បរទេស​ពី​អត្រា​ចាស់ ​១៤ ភាគរយ​មក​ត្រឹម ១០ ភាគរយ​វិញ ដោយ​អះអាងថា​ដើម្បី​រក្សា​និរន្តរភាព​នៃ​វិស័យនេះ​។ នេះ​ជាការ​ផ្តល់​ការអនុគ្រោះ​លើកដំបូង​ដែល​រដ្ឋាភិបាល​បានផ្ដល់​ដល់​ឧស្សាហ​កម្មនេះ ចាប់តាំងពី​ការសម្រេចចិត្ត​ភ្លាមៗ​ក្នុង​ការដាក់កំហិត​អត្រា​ការប្រាក់​ក្នុងការ​ផ្តល់​កម្ចី​របស់ MFI មិន​ឲ្យ​លើស ១៨​ ភាគរយ​ក្នុង​មួយឆ្នាំ គិត​ចាប់ពី​ថ្ងៃទី​១​ខែមេសា​ឆ្នាំនេះ​មក​។ កាលពីមុន​អត្រា​ការប្រាក់​កម្ចី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលជា​កម្ចី​ខ្នាតតូច​មាន​ចន្លោះ​ពី ២០ ទៅ​ ៣០ ​ភាគរយ​ក្នុង​មួយឆ្នាំ​។

- ប្រទេស​អ៊ីតាលី​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​គណៈកម្មការ​សហភាព​អឺរ៉ុប (EU) កម្រិត​ការនាំ​ចូល​អង្ករ​ពី​ប្រទេស​កម្ពុជា ក្នុង​ហេតុផល​ដើម្បី​ការពារ​ឧស្សាហកម្ម​អង្ករ​របស់​ខ្លួន និង​សហភាព​អឺរ៉ុប​ទាំងមូល​។

ការ​ទាមទារ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាំង ពីថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​ពេល​នេះ​ប្រទេស​អ៊ីតាលី​បាន​ចូលរួម​ជាមួយ​ប្រទេស​៦​ផ្សេង​ទៀត​បាន​ស្នើ​ឲ្យ​គណៈកម្មការ​អឺរ៉ុប​ចាត់​វិធានការ​លើ​បញ្ហា​នេះ​។

បើ​ទោះ​បី​យ៉ាង​នេះ​ក្តី អ្នក​ក្នុង​ឧស្សាហកម្ម​អង្ករ​កម្ពុជា​មិន​បាន​ដាក់​ក្តីបារម្ភ​ចំពោះ​សំណើ​របស់​ប្រទេស​អ៊ីតាលី​នោះទេ ដោយ​ចាត់ទុកថា​នេះ​មិន​មែន​ជា​រឿង​ថ្មី និង​មិន​ប៉ះពាល់​ដល់​អង្ករ​កម្ពុជា​ឡើយ​។

​របាយការណ៍​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ ការ​នាំចូល​អង្ករ​រប​ស់​អឺរ៉ុប​ពី​ប្រទេស​កម្ពុជា​បាន​កើនឡើង​ជាង​២​ដង ដែល​ប៉ះពាល់​អវិជ្ជមាន​ដល់​តុល្យភាព​ពាណិជ្ជកម្ម​រប​ស់ EU ជាមួយ​ប្រទេស​នេះ​។

ទោះបីជា​យ៉ាង​នេះ​ក្តី លោក ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​អះអាងថា នេះ​មិន​មែន​ជា​រឿង​ក្តៅ​សម្រាប់​ឧស្សាហកម្ម​អង្ករ​របស់​កម្ពុជា ហើយ​វា​ក៏​មិនមែនជា​លើក​ទី​១​ដែរ ដែល​សមាជិក​សហគម​ន៍​អឺរ៉ុប​លើកឡើង​ពី​ការកម្រិត​ការ​នាំចូល​អង្ករ​ពី​កម្ពុជា​នោះ​។

- អ្វី​ដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​នៅ​ចុងឆ្នាំ​ ២០១៧ ក្នុង​ខែ ធ្នូ គឺ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បានស្នើ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បញ្ចុះ​បញ្ចូល​បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប​ដើម្បី​ទប់ស្កាត់​ការ​ព្យួរ​សម្បទាន​ពន្ធគយ​ណាមួយ​ជាយថាហេតុ​។

លោក ប៉ាន សូរ​ស័ក្តិ ក៏​បាន​ផ្តល់​យោបល់​ឲ្យ​រដ្ឋាភិបាល​ក្នុង​ជម្រើស​ផ្សេង​ទៀត គួរ​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​ចង្អៀត​នៃ​គណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​មាន​ការ​ចូលរួម​ពី​ក្រសួង ស្ថាប័ន សំខាន់ៗ​ ដែលជា​សមាជិក​គណៈកម្មាធិការ​នេះ​ផងដែរ​។

លិខិត​បាន​បញ្ជាក់​ថា​៖ «​ដើម្បី​ទប់ស្កាត់​ការ​សម្រេច​ព្យួរ​សម្បទាន​ពន្ធគយ​លើ​គ្រប់​មុខ​ទំនិញ​ដោយ​សភា​អឺរ៉ុប​ជាយថា​ហេតុ កម្ពុជា​គួរ​បញ្ចុះ​បញ្ចូល​បណ្ដា​ប្រទេស​ជា​មិត្ត​ដែលជា​សមាជិក​សហភាព​អឺរ៉ុប តាម​រយៈ​បណ្ដាញ​ការ​ទូត និង​ពាណិជ្ជកម្ម​ព្រោះ​សហភាព​អឺរ៉ុប​ច្រើន​មាន​ភាព​ទន់ភ្លន់ និង​យោគយល់​ដល់​ស្ថានភាព​របស់​កម្ពុជា​»​។

សហភាព​អឺរ៉ុប​បាន​ព្រមាន​ម្តង​ហើយ​ម្តងទៀត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទាញ​ស្ថានការណ៍​នយោបាយ​កម្ពុជា​ឲ្យ​វិល​មក​រក​ភាព​ប្រក្រតី​ឡើងវិញ ដែល​ការព្រមាន​ចុងក្រោយ​នេះ​គឺ​ការភ្ជាប់​ការអនុគ្រោះ​ពន្ធ​នៃ​ការ​នាំ​ចូល​ពី​កម្ពុជា​។

- លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន កាលពី​ចុងខែ​ធ្នូ ឆ្នាំ​ ២០១៧ បានបង្ហាញ​ផែនការ​ក្នុងការ​បង្កើត​ធនាគារ​រដ្ឋ​ថ្មី​មួយទៀត ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង ​មធ្យម ​(SME) ដើម្បី​ដំណើរការ​រោងចក្រ​កែច្នៃ​នៅ​កម្ពុជា​ដោយ​គ្រោង​ចំណាយ​ទុនវិនិយោគ​ ១០០ ​លាន​ដុល្លារ​។

ថ្លែង​ក្នុង​ជំនួប​ជាមួយ​កម្មករ​រោងចក្រ​កាត់ដេរ​ជាង ​១៦ ០០០​ នាក់ នៅ​ទីក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​ក្នុងការ​បង្កើត​ធនាគារ​រដ្ឋ​ថ្មី​សម្រាប់ SME បន្ថែម​លើ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ដែ​លមាន​ស្រាប់ ដោយ​សង្ឃឹម​ថា ធនាគារ​នេះ​នឹង​ជួយ​ជំរុញ​ដំណើរការ​រោងចក្រ​ក្នុងការ​ផ្គត់ផ្គង់​ផលិតផល​សម្រេច​ដល់​អតិថិជន​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​នាំចេញ​ផងដែរ​៕