ភ្នំពេញៈ សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន ៧ ​បានដាក់​ពាក្យស្នើសុំ​កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម (ARDB) ​ចាប់តាំងពី​ធនាគារ​ដែល​​គ្រប់គ្រង​ដោយ​រដ្ឋ​នេះ​បញ្ចេញ​មូលនិធិ ៥០ លាន​ដុល្លារ​ជា​ផ្លូវការ​សម្រាប់​ផ្តល់​កម្ចី​ដល់​សហគ្រាស​នៅក្នុង​វិស័យ​​កសិឧស្សាហកម្ម​។

លោក កៅ ថាច់ អគ្គនាយក ARDB បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ARDB កំពុង​ធ្វើការ​ពិនិត្យមើល​លើ​ពាក្យស្នើសុំ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំងនោះ​។ លោក​បន្តថា SME ទាំងនោះ​បាន​ដាក់​ពាក្យស្នើសុំ​កម្ចី​ក្នុង​ទំហំ ២០០ ០០០ ​ដុល្លារ​ដូចៗ​គ្នា​។

លោក​ថ្លែងថា​៖ «​ពួកគាត់​ភាគច្រើន​បាន​ដាក់​ស្នើសុំ​កម្ចី​ប្រាក់​ពី​ធនាគារ​យើង​តាមរយៈ​សមាជិក​របស់​ពួកគេ ខណៈ​សព្វថ្ងៃ​យើង​កំពុង​ពិនិត្យ​លើ​សំណើ​ទាំង​នេះ ដោយ​យ៉ាងយូរ​ ២ ​សប្តាហ៍​ទៀត ពួកគេ​អាច​ទទួល​បាន​កម្ចី​ហើយ បើសិន​មាន​ឯកសារ​គ្រប់គ្រាន់​។ ពួកគេ​ខ្ចីប្រាក់​ពី​យើង​ដើម្បី​ធ្វើការ​ពង្រីក​ចង្វាក់​ផលិតកម្ម​របស់​ពួកគេ​»​។

ម្ចាស់​សហគ្រាស SME អាច​ខ្ចីប្រាក់​បាន​រហូត​ដល់ ៣០០ ០០០ ​ដុល្លារ​ជាមួយ​នឹង​អត្រា​ការប្រាក់ ៦ ​ភាគរយ​សម្រាប់​ទុន​បង្វិល និង​អត្រា​ការប្រាក់ ៦,៥ ​ភាគរយ​សម្រាប់​ទុនវិនិយោគ​ក្នុង​ ១ ​ឆ្នាំ​ដូចគ្នា​។ ដោយឡែក​សម្រាប់​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​ (SME Bank) ម្ចាស់​សហគ្រាស SME អាច​ខ្ចីប្រាក់​ពី​ធនាគារ​នេះ ២០០ ០០០ ​ដុល្លារ​សម្រាប់​ទុនបង្វិល និង​ ៣០០ ០០០ ដុល្លារ​សម្រាប់​ទុនវិនិយោគ​ជាមួយ​អត្រា​ការប្រាក់ ៧ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​។

ការបង្កើត​ធនាគារ SME Bank នេះ​គឺ​ដើម្បី​គាំទ្រ​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ដែល​មាន​ជាង ៥០០ ០០០ ដោយ​រដ្ឋាភិបាល​បាន​បញ្ចេញ​សហហិរញ្ញប្បទាន ១០០ ​លាន​ដុល្លារ និង​បានដាក់​ឲ្យ​ដំណើរការ​កាលពី​ដើម​ខែមេសា​នេះ​។

របាយការណ៍​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ដែល​ចេញផ្សាយ​កាលពី​ខែសីហា ឆ្នាំ​ ២០១៩ បាន​ឲ្យ​ដឹងថា សហគ្រិន​ស្ដ្រី​របស់​ប្រទេស​កម្ពុជា​បន្ត​ជួប​ការពិបាក​ដោយសារ​តែ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​នៅ​មាន​កម្រិត​សម្រាប់​ការពង្រីក​អាជីវកម្ម​។ មានតែ ៣ ភាគរយ​ប៉ុណ្ណោះ​មាន​លទ្ធភាព​បានទទួល​ឥណទាន​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​។

របាយការណ៍​នេះ​ប៉ាន់ប្រមាណ​ថា តម្រូវការ​ឥណទាន​ពី​សហគ្រិន​ស្ដ្រី​បច្ចុប្បន្ន​មាន​ចំនួន ៤,២ ពាន់​លាន​ដុល្លារ​ស្មើនឹង​ជិត ៦៣ ​ភាគរយ​នៃ​ថវិកាជាតិ​សម្រាប់​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ៦,៧ ពាន់​លាន​ដុល្លារ​របស់​ប្រទេស​កម្ពុជា​។

ការអង្កេត​មួយ​ដោយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ក្នុង​ចំណោម​សហគ្រាស​ ៧១ នៅ​កម្ពុជា​បាន​រកឃើញ​ថា ពួកគេ​ត្រូវការ​ជំនួយ​ផ្នែក​ស្រាវជ្រាវ​ទីផ្សារ ការអភិវឌ្ឍ​សេវា ការវេចខ្ចប់ ការទទួល​យក​បច្ចេកវិទ្យា ធនធាន​មនុស្ស ការទទួល​បាន​កម្លាំង​ពលកម្ម ការទទួល​បាន​ហិរញ្ញវត្ថុ ការចុះបញ្ជី​អាជីវកម្ម ការបង់ពន្ធ និង​ការកែលម្អ​ស្ដង់ដា​អនាម័យ​៕