ភ្នំពេញៈ សារមន្ទីរស្តីពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុ ដំបូងគេនៅកម្ពុជាត្រូវបានដាក់ឲ្យដំណើរការនៅភ្នំពេញកាលពីថ្ងៃចន្ទ ដើម្បីបង្ហាញសាវតារ និងភ័ស្តុតាងនានាពីការវិវឌ្ឍនៃវិស័យសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុខ្មែរតាំងពីសតវត្សរ៍ទី១ នៃសម័យកាលហ្វូណនរហូតដល់បច្ចុប្បន្ន។
សារមន្ទីរនេះត្រូវបានកសាងឡើងដោយធនាគារជាតិនៃកម្ពុជា (NBC) ហើយដំណើរការដោយប្រើឈ្មោះថា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាឈ្មោះផ្តល់ឲ្យដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ព្រះស្រីឦសានវរ្ម័ន គឺជាព្រះមហាវីរក្សត្រដ៏ឆ្នើមមួយព្រះអង្គ សោយរាជ្យពីឆ្នាំ ៦១១ ដល់ឆ្នាំ ៦៣៧ ក្នុងសម័យចេនឡា ដែលមានរាជធានីនៅឦសានបុរៈ (បច្ចុប្បន្នហៅថា សំបូរព្រៃគុក) ហើយព្រះអង្គបានបោះកាសមាសដំបូងគេមួយប្រភេទសម្រាប់បង្ហាញពីឫទ្ធានុភាព និងអធិបតេយ្យ លើបូរណភាពទឹកដីរបស់ព្រះអង្គ។ នេះបើយោងតាមការបញ្ជាក់របស់ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
លោក ចាន់តូ លើកឡើងថា សារមន្ទីរនេះ មានពិព័រណ៍ចំនួន ១២ ដំណាក់កាល ដោយដំណាក់កាលទី១ ដល់ទី៨ បង្ហាញពីប្រវត្តិនៃព្រឹត្តិការណ៍សេដ្ឋកិច្ច និងរូបិយវត្ថុជាតិ ចាប់ពីសតវត្សរ៍ទី១ រហូតដល់បច្ចុប្បន្ន ស្របពេលដែលដំណាក់កាលទី៩ ដល់ទី១២ បង្ហាញពីតួនាទីរូបិយវត្ថុ និងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ក្នុងការរួមចំណែកអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមជាតិ។
លោកថ្លែងថា៖ «សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន នេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការស្វែងយល់ពីប្រវត្តិរឿងរ៉ាវនៃសេដ្ឋកិច្ច និងរូបិយវត្ថុខ្មែរ ដែលមិនសូវមានឯកសារប្រវត្តិសាស្ដ្របានលើកយកមកបង្ហាញឲ្យបានក្បោះក្បាយ»។
សារមន្ទីរនេះមានទីតាំងនៅជាប់អគារផ្សារមូលបត្រកម្ពុជា។ ដើម្បីសាងសង់សារមន្ទីរនេះឡើង លោក ចាន់តូ បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាបានសហការជាមួយសេដ្ឋវិទូ ប្រវត្តិវិទូ និងបុរាណវិទូ ព្រមទាំងក្រុមហ៊ុនសាងសង់ដែលមានបទពិសោធ និងបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធនានា។
ថ្លែងក្នុងពិធីបើកសម្ពោធសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» កាលពីម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរៀបរាប់ពីសារៈសំខាន់នៃតួនាទីរូបិយវត្ថុជាតិ សម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ចជាតិ និងបានរៀបរាប់ពីប្រវត្តិនៃការចរាចររូបិយប័ណ្ណនៅកម្ពុជានាពេលកន្លងមក។
យោងតាមលោក ហ៊ុន សែន កម្ពុជាធ្លាប់បានប្រើប្រាស់រូបិយវត្ថុមានប្រភពពីតំបន់ផ្សេងៗ តាមរយៈការធ្វើពាណិជ្ជកម្មជាមួយបរទេសតាំងពីសតវត្សរ៍ទី១ នៅសម័យនគរភ្នំ រហូតមកដល់សម័យអង្គរ ប៉ុន្តែកម្ពុជាពុំបានបោះពុម្ពរូបិយវត្ថុជាតិនោះទេ។
ទាល់តែមកដល់ដើមសតវត្សរ៍ទី១៦ «ព្រះស្រីជេដ្ឋារាជរាមានាធិបតី» ហៅ «សេ្ដចកន» បានក្លាយជាព្រះរាជាដំបូងគេបង្អស់នៅកម្ពុជាដែលបានបោះផ្សាយរូបិយវត្ថុជាតិគឺ «ប្រាក់ស្លឹង» ដើម្បីពង្រឹងអំណាចផ្នែកសេដ្ឋកិច្ច នយោបាយ និងអធិបតេយ្យជាតិ។
ស្របពេលកម្ពុជាបានឆ្លងកាត់ដំណាក់កាលជាច្រើនរាប់ទាំងសង្រ្គាមស៊ីវិល ស្ថានភាពសេដ្ឋកិច្ច និងរូបិយប័ណ្ណជាតិបានរងផលប៉ះពាល់ជាបន្តបន្ទាប់។ នៅពេលកម្ពុជាបានធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅឆ្នាំ ១៩៧៥ ប្រាក់រៀលដែលជារូបិយប័ណ្ណជាតិ និងប្រព័ន្ធសេដ្ឋកិច្ច ត្រូវបានលុបបំបាត់ចោលទាំងស្រុង។
លោកបន្តថា៖ «ប្រវត្តិរូបិយវត្ថុកម្ពុជា និងទំនាក់ទំនងរូបិយវត្ថុជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមគឺ [មានសារៈសំខាន់] ក្នុងការធានានូវអធិបតេយ្យជាតិបូរណភាពទឹកដី ជាពិសេសការជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព»។
លោកបន្តថា ដើម្បីឲ្យសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុចូលរួមចំណែកកាន់តែសកម្មក្នុងការពង្រឹងចំណេះដឹងដល់ប្រជាពលរដ្ឋកម្ពុជា ទាក់ទងនឹងប្រវត្តិរូបិយវត្ថុគ្រប់សម័យកាល និងដើម្បីលើកស្ទួយប្រាក់រៀលកម្ពុជា ធនាគារជាតិនៃកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តប្រមែប្រមូលនូវរាល់វត្ថុតាងដែលពាក់ព័ន្ធនឹងរូបិយវត្ថុនានាសម្រាប់ដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ៕ LA