ភ្នំពេញៈ សាលារាជធានីភ្នំពេញបានចេញកាលបរិច្ឆេទពេលវេលាសម្រាប់រថយន្តក្រុងចំនួន ៦០ គ្រឿងដែលនឹងដឹកជញ្ជូនអ្នកដំណើរទៅកាន់ខេត្តមួយចំនួនចាប់ពីថ្ងៃទី ១២ មេសា ដោយពុំមានការលក់សំបុត្រនោះទេ គឺផ្អែកការមកដល់មុនរបស់អ្នកដំណើរ។
រដ្ឋាភិបាលនឹងកំណត់រថយន្តក្រុង ១០ គ្រឿងសម្រាប់ផ្លូវជាតិនីមួយៗគឺផ្លូវជាតិលេខ ១ លេខ ៣ លេខ ៤ និងលេខ ៦ ខណៈផ្លូវជាតិលេខ ៥ នឹងមានរថយន្តក្រុងរត់ចំនួន ២០ គ្រឿង។ នេះបើយោងតាមលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានី។
លោកបន្តថារថយន្តក្រុងទាំងនេះនឹងបើកទា្វរទទួលអ្នកដំណើរនៅតាមចំណុចចេញដំណើរនីមួយៗនៅម៉ោង ៥ ព្រឹកហើយរថយន្តក្រុងមួយគ្រឿងអាចផ្ទុកអ្នកដំណើរបានពី ៤០ ទៅ ៥០ នាក់។
រថយន្តក្រុងទាំងនោះនឹងចាកចេញពីចំណុចផ្សេងៗនៅជាយក្រុងភ្នំពេញ ហើយនឹងឈប់នៅតាមសាលាខេត្តនីមួយៗដែលពួកគេឆ្លងកាត់។ នេះបើយោងតាមលោក ម៉េត មាសភក្ដី។
លោកថ្លែង៖ «យើងបង្កើតរថយន្តក្រុង ដោយផ្អែកតាមតម្រូវការ និងចម្ងាយ»។ លោកបន្តថា៖ «ប្រសិនបើចម្ងាយមិនឆ្ងាយ យើងអាចផ្ដល់ការធ្វើដំណើរ ២ ឬ ៣ ដងក្នុងមួយថ្ងៃ»។
ការសម្រេចចិត្តក្នុងការដាក់សេវារថយន្តមិនគិតប្រាក់បានធ្វើឡើងបន្ទាប់ពីការអំពាវនាវជាច្រើនឆ្នាំមកហើយកុំឲ្យរថយន្តឈ្មួលដំឡើងថ្លៃសំបុត្រពេលមានបុណ្យជាតិធំៗ ដែលការអំពាវនាវនេះត្រូវបានលោកនាយករដ្ឋមន្ដ្រីកត់សម្គាល់ថាមិនមានប្រសិទ្ធភាព។
ទីតាំងចេញដំណើរត្រូវបានកំណត់ដូចខាងក្រោមៈ នៅជិតក្រុមហ៊ុនចែកចាយរថយន្ត Mercedes នៅមហាវិថី ហ៊ុន សែន សម្រាប់ផ្លូវជាតិលេខ ១ នៅជិតរង្វង់មូលចោមចៅសម្រាប់ផ្លូវជាតិលេខ ៣ នៅផ្លូវប្រសព្វកប់ស្រូវនឹងផ្លូវជាតិសម្រាប់ផ្លូវជាតិលេខ ៤ នៅជិតឧទ្យានសេរីភាព នៅខណ្ឌ ឫស្សីកែវ សម្រាប់ផ្លូវជាតិលេខ ៥ និងនៅជិតរង្វង់មូលនៅស្ពានជ្រោយចង្វារនៅជិតទីក្រុងរណបជ្រោយចង្វារ សម្រាប់ផ្លូវជាតិលេខ ៦៕ LA