ក្រុងសិង្ហបុរីៈ ប្រទេស​សិង្ហបុរី​នៅ​សប្តាហ៍​ក្រោយ​នឹង​ចាប់ផ្តើម​ដាក់​ដំណើរការ​សាកល្បង​ជា​សាធារណៈ​នូវ​រថយន្តក្រុង​គ្មាន​អ្នកបើកបរ​ដែល​អាច​ត្រូវបាន​កក់​តាមរយៈ​កម្មវិធី (App) ដែល​ជា​ផ្នែក​មួយ​នៃ​មហិច្ឆតា​ក្នុង​ការដាក់​ដំណើរការ​រថយន្ត​ស្វ័យ​បើកបរ​នៅ​ទូទាំង​បុរី​រដ្ឋ​មួយ​នេះ​។

ដោយ​មាន​ការរៀបចំ​បាន​យ៉ាង​ល្អ និង​មាន​បំពាក់​បច្ចេកវិទ្យា​ខ្ពស់ ប្រទេស​សិង្ហបុរី​បាន​ក្លាយ​ជា​ទីតាំង​មួយ​សម្រាប់​រថយន្ត​ស្វ័យ​បើកបរ ដោយ​អភិវឌ្ឍ​បច្ចេកវិទ្យា​ដែល​បង្កើត​ឡើង​នៅក្នុង​ប្រទេស​របស់ខ្លួន​ផ្ទាល់ និង​អញ្ជើញ​ក្រុមហ៊ុន​បរទេស​ឲ្យ​មក​ធ្វើតេស្ត​បច្ចេកវិទ្យា​របស់ខ្លួន​។

ក្រុមហ៊ុន ST Engineering ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​គម្រោង​នេះ​បាន​ឲ្យ​ដឹងថា រថយន្តក្រុង​មីនី​ដែល​គ្មាន​អ្នកបើកបរ​ចំនួន ៤ គ្រឿង​នឹង​ធ្វើ​ដំណើរ​តាមផ្លូវ​ដែល​មាន​ចម្ងាយ ៥,៧ គីឡូម៉ែត្រ​នៅលើ​កោះ​រមណីយដ្ឋាន​សេនតូសា​ចាប់ពី​ខែ​ ២៦ ខែ​សីហា​ដល់​ថ្ងៃទី​ ១៥ ខែ​វិច្ឆិកា​សម្រាប់​ការសាកល្បង​ជា​សាធារណៈ​។

អ្នក​ធ្វើ​ដំណើរ​អាច​ប្រើប្រាស់ App នៅលើ​ទូរស័ព្ទដៃ​របស់​ខ្លួន ដើម្បី​កក់​រថយន្តក្រុង​មីនី​នេះ ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​យក​ និង​ដឹក​ពួកគេ​ទៅកាន់​ទិសដៅ​ដែល​បានជ្រើសរើស​ដូចជា ក្លិប​វាយកូនគោល តំបន់ឆ្នេរ និង​បន្ទាយ​ប្រវត្តិសាស្ត្រ​ជាដើម​។

អ្នកដំណើរ​ដែល​គ្មាន​ទូរស័ព្ទដៃ​អាច​កក់​រថយន្តក្រុង​មីនី​នេះ​ពី​រោង​រង់ចាំ​តូចៗ​នៅតាម​ដងផ្លូវ​ដោយ​ផ្តល់​សេវា​ឥតគិតថ្លៃ​ដែល​ប្រតិបត្តិការ​នៅ​ថ្ងៃ​ធ្វើការ​សម្រាប់​រយៈពេល ៥ ម៉ោង​។ រថយន្តក្រុង​ទាំងនេះ​នឹង​មាន​អ្នកបើកបរ​ម្នាក់ ដើម្បី​គ្រប់គ្រង​រថយន្ត ប្រសិន​បើ​ចាំបាច់​។

ក្នុង​ព្រឹត្តិការណ៍​ដាក់​បង្ហាញ​ជា​ផ្លូវការ​មួយ​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​អង្គារ រថយន្ត​ចំនួន​ ២ ​គ្រឿង​បានធ្វើ​ដំណើរ​ឆ្លងកាត់​រង្វង់មូល​មួយ​ដោយ​ជួប​ការលំបាក​តិចតួច ហើយ​បាន​ឈប់​នៅ​ចំណុច​ផ្លូវ​ប្រសព្វ​នៅ​លើ​ផ្លូវធំ ដើម្បី​ឲ្យ​រថយន្ត​តូច​ឆ្លងកាត់​ផ្លូវ​។

រថយន្ត​ទាំងនេះ​អាច​ប្រតិបត្តិការ​ក្នុង​ពេល​មាន​ភ្លៀង​ធ្លាក់​មធ្យម ប៉ុន្តែ​ឈប់​ដំណើរការ​នៅពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​ជា​អាកាសធាតុ​សាមញ្ញ​ក្នុង​ទីក្រុង​អាស៊ីអាគ្នេយ៍​ដែល​ស្ថិត​ក្នុង​តំបន់​ត្រូពិក​នេះ​។

លោក Vincent Chong ប្រធាន​ និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ST Engineering ថ្លែងថា​រថយន្តក្រុង​មីនី​ទាំងនេះ​ត្រូវ​បាន​បំពាក់ «​បច្ចេកវិទ្យា​ពហុសេនស័រ​ទំនើប​» និង «​ត្រូវ​បាន​ផលិតឡើង​ដើម្បី​ប្រតិបត្តិការ​ក្នុង​បរិយាកាស​ទីក្រុង​ស្មុគស្មាញ​»៕ KC