ភ្នំពេញៈ ខេត្តត្បូងឃ្មុំ ដែលទើបបំបែកចេញពីខេត្តកំពង់ចាម គឺជាតំបន់ផលិតម្រេចខ្មៅមួយដ៏សំខាន់របស់កម្ពុជា ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដំណាំកសិកម្មដ៏មានតម្លៃខ្ពស់មួយនេះកំពុងតែជម្នះនឹងតម្លៃទីផ្សារដែលកំពុងធ្លាក់ចុះ។
អ្នកយកព័ត៌មានភ្នំពេញប៉ុស្តិ៍ បានជួបជាមួយកញ្ញា សឹង សុផា ប្រធានចាត់ការទូទៅនៃក្រុមហ៊ុន Sela Pepper ដែលជាក្រុមហ៊ុនកែច្នៃ និងវេចខ្ចប់ម្រេចខ្មៅ មានមូលដ្ឋាននៅក្នុងខេត្តត្បូងឃ្មុំ កាលពីសប្តាហ៍មុន ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម បញ្ហាទីផ្សារ និងវិធីផ្សព្វផ្សាយ ដើម្បីលើកកម្ពស់វិស័យម្រេចខ្មៅនៅកម្ពុជា។
តើកញ្ញាអាចរៀបរាប់ពីដំណើរការរបស់ក្រុមហ៊ុន Sela Pepper បានទេចាប់តាំងពីផ្តើមដំណើរការមក?
ក្រុមហ៊ុន Sela Pepper បានចូលក្នុងវិស័យផលិតកម្មម្រេចតាំងពីឆ្នាំ ២០១៥ ដើម្បីដំឡើងរោងចក្រកែច្នៃម្រេចដែលអាចផលិតបាន ១,៥ តោនក្នុង ១ ម៉ោង។ វាជារោងចក្រកែច្នៃ និងវេចខ្ចប់ម្រេចដំបូងបង្អស់នៅក្នុងប្រទេស កម្ពុជា ដែលយើងបានវិនិយោគជាង ១ លានដុល្លារ។ យើងមានកន្លែងលាងសម្អាតដោយចំហាយទឹក និងបន្ទប់ពិសោធន៍ ហើយបន្ទាប់មកយើងបន្តអភិវឌ្ឍប្រព័ន្ធកិន និងការវេចខ្ចប់បន្ថែមទៀតនៅឆ្នាំ ២០១៧ និងបន្តវិនិយោគផ្សេងៗទៀតដើម្បីធ្វើឲ្យម្រេចរបស់យើងស្របទៅតាមស្តង់ដារ និងគុណភាពដែលទទួលស្គាល់ដោយទីផ្សារអន្តរជាតិ។
តើមានការជំរុញទីផ្សារម្រេចខ្មៅ យ៉ាងដូចម្តេច?
យើងបានចំណាយពេលជាច្រើនដើម្បីកសាងទំនុកចិត្តអតិថិជន និងទំនុកចិត្តលើទីផ្សារ។ យើងកំពុងព្យាយាមផ្សព្វផ្សាយ និងលើកកម្ពស់ម្រេចខ្មៅក្នុងស្រុក និងអន្ដរជាតិដើម្បីឲ្យគ្រប់គ្នាយល់ដឹងអំពីគុណភាព និងការធ្វើតេស្ត បញ្ជាក់ពីលក្ខណៈល្អ ភាពឈ្ងុយ រសជាតិហឺរ និង លក្ខណ: រូបរាងខាងក្រៅដែលល្អជាងគេក្នុងតំបន់ផលិតម្រេចផ្សេងទៀត។
រហូតមកទល់ពេលនេះ យើងបាននាំចេញផលិតផលម្រេចខ្មែរទៅកាន់ប្រទេស ឥណ្ឌា អាមេរិក នូវែលសេឡង់ តៃវ៉ាន់ ថៃ អាល្លឺម៉ង់ ក៏ដូចជាទិសដៅទីផ្សារថ្មីៗផ្សេងទៀតដែលនឹងមកដល់។ អ្វីដែលយើងបានឈានដល់ទីផ្សាររួចទៅហើយនោះបានន័យថា ម្រេចខ្មៅរបស់យើងត្រូវបានទទួលស្គាល់គុណភាពដែលជាផលិតផលដើមពីប្រទេស កម្ពុជា។
តើអ្វីជាបញ្ហាប្រឈមនៅក្នុងវិស័យផលិតកម្មម្រេចកម្ពុជា នាពេលបច្ចុប្បន្ន?
មានបញ្ហាប្រឈមជាច្រើនដូចជា ការគ្រប់គ្រងកសិកម្ម បច្ចេកទេសការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងការត្រួតពិនិត្យហិរញ្ញវត្ថុ ក៏ដូចជាកង្វះខាតការយល់ដឹងពីរបៀបផលិតម្រេចដែលមានគុណភាព។
ដូចដែលយើងដឹងហើយថា កសិករមានកង្វះខាតក្នុងការគ្រប់គ្រងកសិដ្ឋានរបស់ពួកគេឲ្យទៅជាលក្ខណៈប្រព័ន្ធ ពួកគាត់គ្រាន់តែធ្វើកសិកម្មតាមគ្នាដោយគ្មានបច្ចេកទេស ប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ជី និងការផ្តល់ទឹកមិនបានត្រឹមត្រូវ ដែលនាំឲ្យពួកគេប្រឈមនឹងបញ្ហាជាច្រើន ក្នុងនោះក៏មានការខ្វះខាតផ្នែកហិរញ្ញវត្ថុ ផងដែរ។ ពួកគាត់ចាប់ផ្តើមខកចិត្តដោយសារចម្ការម្រេចរបស់ពួកគេ ដែលមិនអាចផ្តល់នូវទិន្នផលខ្ពស់ ខណៈតម្លៃនៅក្នុងទីផ្សារចេះតែធ្លាក់ចុះ។
បញ្ហាប្រឈមមួយទៀត គឺការយល់ដឹងពីគុណភាពម្រេចខ្មៅរបស់អ្នកប្រើប្រាស់ក្នុងស្រុកមានកម្រិតដែលយើងពិបាកក្នុងការទទួលបានការគាំទ្រពីអតិថិជនក្នុងស្រុក និងនៅតាមទីផ្សារទំនើប។ ហើយយើងជាអ្នកផលិតក៏ប្រឈមមុខនឹងការចំណាយខ្ពស់ទៅលើការផលិត ការដឹកជញ្ជូន និងការនាំចូលសម្ភារវេចខ្ចប់ដែលបន្ថែមការ-ចំណាយបន្ថែមទៀតដល់ផលិតផលរបស់យើង និងពិបាកប្រកួតប្រជែងជាមួយទីផ្សារក្នុងតំបន់ និងទីផ្សារអន្តរជាតិ។
តើធ្វើដូចម្តេចដើម្បីជួយលើកកម្ពស់ផលិតកម្មម្រេច និងសហគមន៍ផលិតម្រេច ខណៈដែលវាកំពុងប្រឈមនឹងបញ្ហានេះទីផ្សារដូចបច្ចុប្បន្ននេះ?
បច្ចុប្បន្នយើងកំពុងព្យាយាមជួយលើកកម្ពស់ផលិតផលម្រេចខ្មែរតាមរយៈការនាំយកផលិតផលនេះទៅចូលរួមក្នុងពិព័រណ៍នៅក្រៅប្រទេស ការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងនៅតាម Billboard ជាដើមទាំងនៅក្នុងស្រុក និងទីផ្សារអន្ដរជាតិ។
យើងកំពុងព្យាយាមបញ្ជាក់បន្ថែមពីគុណភាពនៃម្រេចខ្មៅរបស់យើងទៅកាន់ទីផ្សារទិសដៅថ្មី ដូចជាប្រទេស ចិន ដើម្បីបង្កើនការនាំចេញ និងការកសាងម៉ាក។ រហូតមកដល់ពេលនេះយើងធ្វើការជាមួយនឹងកសិករចំនួន ៦០០ នាក់ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការធ្វើកសិកម្មដោយមានគុណភាព និងបន្ថែមតម្លៃ។
តើ Sela Pepper មានផែនការអ្វីខ្លះដើម្បីជំរុញគុណភាពឧស្សាហកម្មម្រេច?
ដើម្បីធានាបាននូវគុណភាព និងស្តង់ដាកសិកម្មម្រេច ក៏ដូចជាធានាបាននូវតម្រូវការឧស្សាហកម្ម យើងបានបង្កើតមជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឧស្សាហកម្ម ដែលមានទីតាំងក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយធ្វើការពាក់ព័ន្ធនឹងការស្រាវជ្រាវ និងអភិវឌ្ឍន៍ទំនិញដែលនឹងត្រូវដាក់លក់នៅក្នុងស្រុក និងក្រៅប្រទេស។
គម្រោងនេះក៏នឹងជួយលើកកម្ពស់បច្ចេកទេសធ្វើកសិកម្មប្រកបដោយនិរន្តរភាពដែលធន់នឹងអាកាសធាតុ និងចែករំលែកចំណេះដឹងជាមួយកសិករក្នុងស្រុកដែលពាក់ព័ន្ធនឹងការដាំម្រេចខ្មៅក៏ដូចជាការជួយផលិតម្រេចដែលមានគុណភាពខ្ពស់៕LA