ភ្នំពេញៈ ការនាំ​ចេញ​អង្ករ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ហាក់​បាន​ឈាន​ដល់​ចំណុច​កំពូល​ទៅហើយ ខណៈ​បរិមាណ​នៃ​ការនាំ​ចេញ​ប្រចាំឆ្នាំ​លោត​មិន​ផុតពី​ជាង ៦០ ​ម៉ឺន​តោន​ទេ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) គឺជា​ស្ថាប័ន​កំពូល​មួយ​ក្នុង​ការជំរុញ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​។ ស្ថាប័ន​នេះ​កាលពី​សប្តាហ៍​មុន​បាន​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សម្រាប់​អាណត្តិ​ថ្មី ហើយ​ជា​លើក​ដំបូង​ដែល​ស្ថាប័ន​មួយ​នេះ​បាន​មើល​ឃើញ​ប្រធាន​ថ្មី​ចាប់​តាំងពី​ការបង្កើតឡើង​នៅក្នុង​ឆ្នាំ​ ២០១៤ មក​។

លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន អេមរុ រ៉ាយ (Amru Rice) ​ដែល​ជា​ក្រុមហ៊ុន​កែច្នៃ និង​នាំចេញ​អង្ករ​ដ៏ធំ​មួយ​នៅ​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​ថ្មី​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​សម្រាប់​អាណត្តិ​ទី​ ៣ ​នេះ​។

លោក សុង សារ៉ន បាន​ចាប់ផ្តើម​ប្រឡូក​ក្នុង​វិស័យ​នេះ​ចាប់​តាំងពី​ឆ្នាំ​ ២០១១ តាមរយៈ​ការបង្កើត​ក្រុមហ៊ុន អេមរុ រ៉ាយ​។

នៅក្នុង​បទសម្ភាស​ជាមួយ​ភ្នំពេញ ប៉ុស្តិ៍ តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​អ្វី​ដែល​លោក សុង សារ៉ន នឹង​ធ្វើ​ដំបូង​គេ​នៅក្នុង​នាម​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នោះ​គឺ​ចាប់ផ្តើម​ឡើង​ពី​បណ្តាញ​កសិករ​។

លោក​ថ្លែង​ថា​៖ «​ការងារ​ដែល​ខ្ញុំ​នឹង​ជំរុញ​មុន​គេ​សម្រាប់​ប្រជាកសិករ​គឺ​ការតភ្ជាប់​ទីផ្សារ​តាមរយៈ​ការធ្វើ​កិច្ចសន្យា​កសិកម្ម​ដូចជា ការប្រើប្រាស់​ពូជ ការកាត់បន្ថយ​ថ្លៃដើម​ផលិត​»​។

លោក​បន្ត​ថា​ដោយ​ឡែក​សម្រាប់​ខាង​រោង​ម៉ាស៊ីន​កិនស្រូវ​គឺ​នឹង​ជំរុញ​ឲ្យ​មាន​ការប្រើប្រាស់​ទុន​បង្វិល​ឲ្យ​មាន​ប្រសិទ្ធភាព​សម្រាប់​ការទិញ​ស្រូវ​ពី​ប្រជាកសិករ​។

លោក​បន្ត​ថា​៖ «​យើង​ចង់​ដាក់​គោលការណ៍​គឺ​ការប្រើប្រាស់​សាច់ប្រាក់​ឲ្យ​មាន​រង្វិល​ជុំ​ក្នុង​ការប្រមូល​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​រដូវ​ច្រូតកាត់ ការពន្យល់​ណែនាំ​ឲ្យ​រោង​ម៉ាស៊ីន​នីមួយៗ​ចេះ​រៀបចំ​បញ្ជី​ចំណូល​ចំណាយ ការរៀបចំ​បញ្ជី​បង់ពន្ធ និង​លិខិតស្នាម​ផ្សេងៗ ដើម្បី​អភិវឌ្ឍ​ខ្លួន​ជា​ស្ថាប័ន [​ស្តង់ដា​] ងាយស្រួល​នៅពេល​ត្រូវការ​ខ្ចីប្រាក់​ពី​ធនាគារ​យក​ទៅ​វិនិយោគ​បន្ត​»​។

តាម​លោក សុង សារ៉ន បញ្ហា​ឃ្លាំង​ស្តុក និង​ឡសម្ងួត គឺជា​រឿង​ចាំបាច់​ដែល​មិន​អាច​មើល​រំលង​បាន​តាមរយៈ​ការពិនិត្យ និង​ជួយ​សម្របសម្រួល​ជាមួយ​ក្រសួង​ជំនាញ​ក្នុង​ការធ្វើការ​អភិវឌ្ឍ​ឃ្លាំង និង​ឡសម្ងួត ការអភិវឌ្ឍ​ឡូជីស្ទិក ដើម្បី​បង្កើន​ភាព​ប្រកួត​ប្រជែង​ឲ្យ​កាន់តែ​ខ្លាំង​។

កម្ពុជា​នាំចេញ​អង្ករ​ទៅ​បរទេស​បាន ២៨១ ៥៣៨ ​តោន​នៅ​ឆមាស​ទី​ ១ ​ឆ្នាំ​ ២០១៩ កើនឡើង​ ៣,៧ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ទៅ​។ ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប​ត្រូវ​បាន​កំណត់​ឲ្យ​បង់ពន្ធ ដែល​បាន​ចាប់ផ្តើម​កាលពី​ដើម​ឆ្នាំនេះ​។ ទោះ​យ៉ាងនេះ​ក្តី​កម្ពុជា​បាន​ស្វះស្វែង​រក​ទីផ្សារ​បន្ថែម​ក្រៅពី​អឺរ៉ុប​ក្នុង​នោះ​កម្ពុជា​ទទួល​បាន​កូតា​នាំ​ចេញ​ទៅ​ទីផ្សារ​ចិន​ចំនួន​ ៤០ ​ម៉ឺន​តោន​។

ក្នុងនាម​ជា​ប្រធាន​ថ្មី​លោក សារ៉ន បាន​ប្តេជ្ញា​នឹង​ជំរុញ​ឲ្យ​ការនាំ​ចេញ​ទៅ​ប្រទេស​ចិន​សម្រេច​បាន​តាម​កូតា​ ៤០ ​ម៉ឺន​តោន​ដែល​កម្ពុជា​ទទួល​បាន​។

លោក​ថ្លែង​ថា​៖ «​ចាប់​តាំងពី​មាន​ការកំណត់​ឲ្យ​បង់ពន្ធ​ចំពោះ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប យើង​ឃើញ​ថា​ការនាំ​ចេញ​របស់​យើង​ទៅ​អឺរ៉ុប​បាន​ធ្លាក់​ចុះ​ប្រមាណ​ ២០ ​ភាគរយ ហេតុនេះ​ទីផ្សារ​មួយ​នេះ​ប្រហែល​ជា​មិន​រីក​បាន​ទៀត​ទេ ដូច្នេះ​យើង​ត្រូវ​តែ​មាន​ផែនការ​រៀបចំ​ទីផ្សារ​របស់​យើង​ឲ្យ​បាន​ល្អ​ឡើងវិញ តាមរយៈ​ការធ្វើ​ពិពិធកម្ម​ទីផ្សារ​»​។

រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​ផែនការ​ក្នុង​ការនាំចេញ​អង្ករ​ឲ្យ​បាន​ ១ ​លាន​តោន​ត្រឹម​ឆ្នាំ​ ២០១៥ ប៉ុន្តែ​រហូត​មក​ដល់​ឆ្នាំ​ ២០១៨ ការនាំចេញ​អង្ករ​របស់​កម្ពុជា​សម្រេច​បាន​ត្រឹម​តែ​ជាង ៦២ ​ម៉ឺន​តោន​ប៉ុណ្ណោះ​។

ទោះ​យ៉ាង​នេះ​ក្តី​លោក សុង សារ៉ន បាន​ឲ្យ​ដឹងថា​កម្ពុជា​នឹង​អាច​សម្រេច​បាន ១ ​លាន​តោន​ក្នុង​រយៈពេល ៣ ​ឆ្នាំ​ខាងមុខ​។ លោក​ថ្លែង​ថា​៖ «​យើង​នឹង​ខិតខំ​រៀបចំ​ផែនការ​ឡើងវិញ​ជាមួយ​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំង​វិស័យ​ឯកជន និង​រដ្ឋ​ក្នុង​ក្តីរំពឹង​យ៉ាង​មុតមាំ​ថា​នឹង​អាច​សម្រេច​បាន​ផែនការ​នាំចេញ​អង្ករ ១​ ​លាន​តោន​នៅក្នុង​ឆ្នាំ​ ២០២២-២០២៣ ខាង​មុខ​»​។

លោក​បន្ត​ថា​ដើម្បី​ឲ្យ​វិស័យ​ស្រូវ​អង្ក​របស់​កម្ពុជា​កាន់តែ​មាន​ភាពរឹងមាំ ការចូលរួម​ពី​វិស័យ​ហិរញ្ញវត្ថុ​គឺជា​ការចាំបាច់​ទាំង​ការផ្តល់​កម្ចី​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ និង​សហគមន៍​ផលិត​ស្រូវ ខណៈ​ដែល​វិនិយោគិន​ធំៗ​គួរ​ពិចារណា​ចំពោះ​ការវិនិយោគ​ទៅ​លើ​ការកែច្នៃ​វត្ថុធាតុ​ពី​ផលិតកម្ម​ស្រូវ​ដើម​ដើម្បី​បង្កើន​តម្លៃ​៕ LA