ភ្នំពេញៈ សកម្មភាពអាជីវកម្មរបស់សណ្ឋាគារ ផ្ទះសំណាក់ និងអាហារដ្ឋានមួយចំនួននៅក្នុងខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញលើពិភពលោកកំពុងចាប់ផ្តើមដំណើរការឡើងវិញជាបណ្តើរៗហើយដោយចាប់ផ្តើមពីទេសចរណ៍ក្នុងស្រុក ខណៈស្ថានភាពនៃជំងឺកូវីដ ១៩ មានភាពធូរស្រាល។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃអង្គារថា អាជ្ញាធរខេត្តកំពុងខិតខំជំរុញការផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍សហគមន៍ក្នុងអំឡុងពេលនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក ខណៈភ្ញៀវទេសចរអន្តរជាតិបានធ្លាក់ចុះស្ទើរ ១០០ ភាគរយនៅពេលនេះ។
លោកថ្លែងថា៖ «ក្នុងដំណាក់កាលជំងឺកូវីដ យើងជំរុញផ្សព្វផ្សាយតំបន់ទេសចរណ៍សហគមន៍ ដើម្បីត្រៀមរៀបចំទទួលភ្ញៀវទេសចរខ្មែរយើង»។
លោកថ្លែងទៀតថា បច្ចុប្បន្នអាជីវកម្មសណ្ឋាគារក្នុងខេត្តនេះចំនួន ៤០ និងផ្ទះសំណាក់ចំនួន ៦៦ ទីតាំងកំពុងដំណើរការអាជីវកម្មរបស់ខ្លួនជាធម្មតា ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរក្នុងស្រុក។ លោកឲ្យដឹងទៀតថា បច្ចុប្បន្នមានសណ្ឋាគារចំនួន ២៣០ និងផ្ទះសំណាក់ ២៦១ ទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មនៅក្នុងខេត្តសៀមរាប។
លោកនិយាយថា៖ «យើងឃើញថា ប្រជាជនយើងនិយមទៅកម្សាន្តនៅតំបន់ទេសចរណ៍សហគមន៍។ សព្វថ្ងៃយើងមានតំបន់ទេសចរណ៍សហគមន៍លើទឹកចំនួន ៥ កន្លែង និង ៦ កន្លែងនៅលើគោក ដែលយើងកំពុងជំរុញការផ្សព្វផ្សាយនៅតំបន់ទាំងនោះ»។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានឲ្យដឹងថា ទោះបីសកម្មភាពអាជីវកម្មមួយចំនួនបានចាប់ផ្តើមដំណើរការឡើងវិញ ក៏ប៉ុន្តែអាជីវកម្មសេវាកម្មនៅតាមក្លិបកម្សាន្ត ពុំទាន់អនុញ្ញាតឲ្យបើកនោះទេ។ ទន្ទឹមនឹងនេះអាជ្ញាធរនៅតែបន្តអនុវត្តវិធានការការពាររក្សាអនាម័យ គម្លាត ពាក់ម៉ាស់ ប្រើអាល់កុលលាង ដៃ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ។
លោកថ្លែងថា៖ «ជាការពិតស្ថានភាពបច្ចុប្បន្ន បើទោះជានៅកម្ពុជាយើងមានភាពធូរស្រាលបន្តិច ប៉ុន្តែនៅមានការរឹតបន្តឹងការធ្វើដំណើរនៅបរទេស ដូច្នេះចលនាទេសចរណ៍ក្រៅប្រទេសមិនទាន់មានគួរឲ្យកត់សម្គាល់នោះទេ។ យើងឃើញថា នៅមានតែចលនាទេសចរណ៍ក្នុងស្រុកដើរតួនាទីសំខាន់ក្នុងការជួយដល់អាជីវកម្មទេសចរណ៍។
បុគ្គលិកនៅសណ្ឋាគារ Angkor Vattanak Pheap Hotel ដែលជាសណ្ឋាគារលំដាប់ផ្កាយ ៣ មានជាង ៤០ បន្ទប់នៅក្រុងសៀមរាបបានឲ្យដឹងថា ពិតជាមានសណ្ឋាគារមួយចំនួនបានដំណើរការអាជីវកម្មឡើងវិញជាបណ្តើរៗក្នុងអំឡុងពេលនេះ ប៉ុន្តែពុំទាន់សម្បូរភ្ញៀវទេសចរស្នាក់នៅទេ។
លោកថ្លែងថា៖ «យើងទទួលបានភ្ញៀវ ១ ទៅ ២ បន្ទប់ក្នុង ១ ថ្ងៃដោយ មានតម្លៃ ១៥ ដុល្លារ។ ពេលខ្លះគ្មានភ្ញៀវទេ។ យើងបើកតែជាង ១០ បន្ទប់ប៉ុណ្ណោះនៅជាន់ក្រោម ព្រោះគ្មានលទ្ធភាពបង់ថ្លៃអគ្គិសនី»។
គ្រឹះស្ថានអង្គរបានឲ្យដឹងថា ចាប់ពីខែមករាដល់ខែឧសភា ភ្ញៀវទេសចរបរទេស ៣៨៦ ០៩៣ នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដោយធ្លាក់ចុះ ៦៥,៤៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន៕LA