
សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងរង្វង់ ៤ ភាគរយនៅក្នុងឆ្នាំ ២០២១ ប្រសិនបើថ្នាំបង្ការមានប្រសិទ្ធភាពអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។ ហេង ជីវ័ន
ភ្នំពេញ: ធនាគារជាតិនៃកម្ពុជា (NBC) បានធ្វើការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងអាចងើបឡើងវិញក្នុងរង្វង់ ៤ ភាគរយ ប្រសិនបើថ្នាំបង្ការមានប្រសិទ្ធភាពអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ NBC រំពឹងថាការចាប់ផ្តើមដំណើរការបូមប្រេងថ្មីៗនេះនឹងក្លាយជាប្រភពចំណូលថ្មីមួយទៀតដល់រដ្ឋាភិបាលក្នុងការយកមកអភិវឌ្ឍវិស័យអាទិភាពនានា។
យោងតាមរបាយការណ៍ពី NBC ស្តីអំពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ ២០២០ ចេញផ្សាយកាលពីថ្ងៃ ៣១ ខែធ្នូ ឆ្នាំ ២០២០ ជាមួយនឹងការព្យាករនៃកំណើនសេដ្ឋកិច្ចនេះ អត្រាអតិផរណារំពឹងថា មានកម្រិតក្រោម ៣ ភាគរយដែលជាកម្រិតទាបអាចគ្រប់គ្រងបានជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់ និងការរក្សាបានកម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិ។
NBC បានគូសបញ្ជាក់ថា៖ «ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានាបានព្យាករថា អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានពី ៤ ភាគរយ ទៅ ៦,៨ ភាគរយ។ ទោះជាយ៉ាងណា ការព្យាករទាំងនេះអាស្រ័យជាចម្បងលើប្រសិទ្ធភាពនៃថ្នាំបង្ការ ល្បឿននៃការងើបឡើងវិញនៃកំណើនក្នុងប្រទេសជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជា និងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុក។ ស្ថិតក្នុងបរិការណ៍ខាងលើនេះការបន្តពង្រឹងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកថែមទៀតនឹងជួយទ្រទ្រង់ និងបន្ថយការប៉ះពាល់លើកំណើនសេដ្ឋកិច្ចកម្ពុជា ដោយសារការធ្លាក់ចុះវិស័យខាងក្រៅ។ ដូច្នេះការបន្តអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកស្ទួយការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ការជំរុញនវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗលើគ្រប់វិស័យមានសារៈសំខាន់ណាស់ក្នុងការពង្រឹងមូលដ្ឋានកំណើនសកម្មភាពក្នុងស្រុក»។
លោកស្រី Inguna Dobraja នាយិកាគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោកបានឱ្យដឹងកាលពីពាក់កណ្តាលខែធ្នូនេះថា កម្ពុជានៅតែប្រឈមនឹងភាពមិនប្រាកដប្រជាច្រើន ខណៈដែលមានការចាំបាច់សម្រាប់ការបង្កើតការងារដែលរងផលប៉ះពាល់ និងត្រូវព្យួរ។
លោកស្រី Inguna បន្តថា៖ «ចក្ខុវិស័យកំណើនរបស់កម្ពុជានៅតែប្រឈមនឹងភាពមិនប្រាកដប្រជាច្រើនណាស់។ គោលដៅដ៏សំខាន់បំផុតនៃគោលនយោបាយនាពេលនេះគឺបន្ទាន់ត្រូវធ្វើយ៉ាងណាស្ដារឡើងវិញនូវការងារដែលបាត់បង់ ឬដែលត្រូវព្យួរដោយសារតែការរាលដាលជំងឺនេះ។ ឆ្ពោះទៅពេលខាងមុខជាការចាំបាច់ដែលត្រូវជំរុញលើកទឹកចិត្តដល់ការវិនិយោគក្នុងស្រុក និងពីបរទេសឱ្យទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទេ្វភាគី និងក្នុងតំបន់ដែលត្រូវបានបង្កើតឡើងកាលពីពេលថ្មីៗនេះ។ លទ្ធភាពនេះអាចធ្វើទៅរួចតាមរយៈការដាក់ចេញឱ្យបានឆាប់រហ័សនូវច្បាប់វិនិយោគមានភាពប្រកួតប្រជែង និងប្រការលើកទឹកចិត្តនានាដល់ការវិនិយោគ អមដោយវិធានការទាំងឡាយសំដៅបង្កភាពងាយស្រួលដល់ការធ្វើអាជីវកម្មផងដែរ»។
បើយោងតាម NBC វិស័យកសិកម្មនឹងបន្តជាវិស័យសំខាន់ និងមានសក្តានុពលខ្ពស់ដែលអាចជួយស្រូបឥទ្ធិពលមួយផ្នែកនៃវិបត្តិ ដូចជាភាពអត់ការងារធ្វើ ឬជួយគាំទ្រជីវភាពប្រជាជនក្រីក្រ។ ម្យ៉ាងទៀតការពន្លឿនការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យឧស្សាហកម្មនឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងកាន់តែឆាប់រហ័សពីវិបត្តិនាបច្ចុប្បន្ននេះ។ លើសពីនេះ ការចាប់ផ្តើមទទួលបានចំណូលពីការផលិតប្រេងនៅកម្ពុជានឹងផ្តល់ជាប្រភពថវិកាជាតិមួយទៀតសម្រាប់ការអភិវឌ្ឍវិស័យអាទិភាពនានានៅពេលខាងមុខ៕