ភ្នំពេញៈ ទោះបីជា​សេដ្ឋកិច្ច​កម្ពុជា​ត្រូវបាន​ទទួលរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​វិបត្តិ​សុខភាព​ដែល​ត្រូវបាន​រំពឹងថា​នឹងមាន​កំណើន​អវិជ្ជមាន​ក្នុង​រង្វង់ ​-១,៩ ភាគរយ​ក្នុង​ឆ្នាំ​ ២០២០ ​នេះ និង​ស្ទុះ​ងើប​យ៉ាង​ឆាប់រហ័ស​សម្រាប់​ឆ្នាំ​ ២០២១ ​ក្នុង​អត្រា​កំណើន​រង្វង់​ ៣,៥ ​ភាគរយ រដ្ឋាភិបាល​នៅតែ​បន្ត​ផ្តោតលើ​ការរក្សា​លំនឹង​សង្គម​សេដ្ឋកិច្ច តាមរយៈ​ការបន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ និង​ការបន្ត​រក្សា​លំនឹង​សកម្មភាព​អាជីវកម្ម ព្រមទាំង​ការបន្ត​រក្សា​លំនឹង​ជីវភាព​ប្រជាជន​។ នេះ​បើ​យោង​តាម​ការព្យាករ​ចុងក្រោយ​របស់​រដ្ឋាភិបាល​។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ព្យាករ​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​នឹងមាន​កំណើន​អវិជ្ជមាន -២,៨ ​ភាគរយ​នៅ​ឆ្នាំនេះ និង​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​រហ័ស​ដល់​ ៦,៨ ​ភាគរយ​ ក្នុង​ឆ្នាំ​ ២០២១​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញអង្គ​គណ:រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ​នា​ពាក់កណ្តាល​ឆ្នាំ​កន្លងមក សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​ ២០២០ ​ត្រូវ​បាន​ប៉ាន់​ស្មានថា នឹង​មាន​កំណើន​អវិជ្ជមាន​ក្នុង​អត្រា -១,៩ ​ភាគរយ ហើយ​ត្រូវបាន​ព្យាករ​ថា​នឹង​ងើបឡើង​វិញ​នៅ​ឆ្នាំ​ ២០២១ ដោយ​រំពឹងថា នឹង​សម្រេចបាន​កំណើន​ក្នុង​រង្វង់ ៣,៥ ​ភាគរយ ដែល​ធ្វើឲ្យ​ ផ.ស.ស ថ្លៃ​បច្ចុប្បន្ន​ស្ថិតក្នុង​រង្វង់ ១១ ៧ ៩៣៩ ប៊ី​លាន​រៀល សមមូល​នឹង​ប្រមាណ ២៩ ០១៣ ​លាន​ដុល្លារ​អាមេរិក ស្រប​ពេល​ដែល ផ.ស.ស សម្រាប់​មនុស្ស​​ម្នាក់​ត្រូវ​បាន​រំពឹងថា​នឹង​កើនឡើង​ដល់ ១ ៧៧១ ​ដុល្លារ​អាមេរិក បើ​ប្រៀបធៀប ១ ៦៨៣ ​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​ ២០២០​។

លោក Jonathan D. Ostry ប្រធានស្ដីទី​នាយកដ្ឋាន​អាស៊ី និង​ប៉ាស៊ីហ្វិក​របស់ IMF បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​សប្តាហ៍​មុន​ថា រដ្ឋាភិបាល​កម្ពុជា គួរតែ​ផ្ដល់​អាទិភាព​ការចំណាយ​ដល់​វិស័យ​ដែល​ងាយ​ទទួល​​រងគ្រោះ ដើម្បី​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច និង​ការបង្កើត​ការងារ​ក្នុង​អំឡុង​ពេលវេលា​​ដ៏ពិបាក​នេះ​។

លោក​ថា​៖ «​ទាក់ទង​នឹង​ភាពចាំបាច់​នៃ​គោលនយោបាយ ខ្ញុំ​គិត​ថា អ្វីដែល​យើង​បាន​ណែនាំ​គឺ​ការផ្ដល់​អាទិភាព​ដោយ​ប្រុងប្រយ័ត្ន​នៃ​ការចំណាយ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា ធនធាន​សារពើពន្ធ​គឺ​នឹង​ទៅដល់​អ្នក​ដែល​ងាយ​រងគ្រោះ​ខ្លាំង​បំផុត អ្នក​ដែល​នៅក្រោម​កម្រិត​ប្រាក់ចំណូល អ្នក​ដែល​នៅក្នុង​វិស័យ​ក្រៅផ្លូវការ​ជាដើម ដែល​ឱកាស​ការងារ​របស់​ពួកគេ​អាច​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​»​។

លោក​ថា ជាមួយ​ការស្ទុះ​ងើបឡើង​វិញ​តម្រូវការ​ពិភពលោក​ជា​មូលដ្ឋាន សម្រាប់​ការនាំចេញ​សំខាន់ៗ​មួយចំនួន​របស់​ប្រទេស​កម្ពុជា​ដូចជា សម្លៀកបំពាក់ និង​ការស្ទុះ​ងើបឡើង​វិញ​មួយ​នៅក្នុង​វិស័យ​ទេសចរណ៍​ និង​ស្ទុះ​ងើបឡើង​វិញ​ដែល​ IMF រំពឹងថា នឹង​សម្រេច​បាន​នៅ​ឆ្នាំ​ ២០២១​។

លោក ផៃ ស៊ីផាន បាន​សរសេរ​ទំព័រ​គណនី​ហ្វេសប៊ុក​របស់លោក​ថា សេដ្ឋកិច្ច កម្ពុជា​នៅ​ឆ្នាំ​ ២០២១ ត្រូវបាន​ព្យាករ​ថា​នឹង​ងើប​ឡើងវិញ​នឹង​សម្រេច​បាន​កំណើន​ក្នុង​រង្វង់ ៣,៥%​។ លោក​ថា វិស័យ​ឧស្សាហកម្ម​ត្រូវបាន​ព្យាករ​ថា នឹង​ងើប​ឡើងវិញ​ក្នុង​អត្រាកំណើន ៤,១% ​ក្នុង​ឆ្នាំ​ ២០២១ ពី​កំណើន​អវិជ្ជមាន​ក្នុង​អត្រា -២,២% ក្នុង​ឆ្នាំ ២០២០​។

ចំណែកឯ​វិស័យ​សេវាកម្ម​ត្រូវ​បាន​ព្យាករ​ថា នឹងមាន​កំណើន​ក្នុង​អត្រា​ទាប​ ៣,៦% ក្នុង​ឆ្នាំ​ ២០២១ ​បើ​ប្រៀបធៀប​នឹង​កំណើន​អវិជ្ជមាន​ក្នុង​អត្រា ​-៣,០% ​ក្នុង​ឆ្នាំ​ ២០២០​។ ខណៈ​ដែល​វិស័យ​កសិកម្ម​ត្រូវ​បាន​ប៉ាន់​ស្មានថា​កើនឡើង​ក្នុង​អត្រា​ ១,៦% ​ក្នុង​ឆ្នាំ​ ២០២១ ពី​កំណើន​ ០,៩% ក្នុង​ឆ្នាំ​ ២០២០​។

លោក ផៃ ស៊ីផាន ​បាន​សរសេរ​ថា​៖ «​ដើម្បី​សម្រេចបាន​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៣,៥% ក្នុង​បរិបទ​នៃ​ការកើនឡើង​នូវ​ភាពមិន​ប្រាកដប្រជា​ទាំង​ក្នុង និង​ក្រៅប្រទេស​។ ការរក្សា​លំនឹង​សង្គម​សេដ្ឋកិច្ច តាមរយៈ​ការបន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​១៩ និង​ការបន្ត​រក្សា​លំនឹង​សកម្មភាព​អាជីវកម្ម ព្រមទាំង​ការបន្ត​រក្សា​លំនឹង​ជីវភាព​ប្រជាជន​»​។

លោក​ថា រដ្ឋាភិបាល​នៅតែ​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ តាមរយៈ​វិធានការ​សំខាន់ៗ​រួមមាន​៖ ​ការបង្កើន​ចំណាយ​លើ​វិស័យ​សុខាភិបាល និង​ការជំរុញ​អនុវត្ត​កម្មវិធី​លើកកម្ពស់​សុខភាព​សាធារណៈ​។ ការបន្ត​រក្សា​លំនឹង​សកម្មភាព​អាជីវកម្ម​តាមរយៈ​ការផ្តល់​នូវ​ការលើកទឹកចិត្ត​ និង​ការអនុគ្រោះ​ផ្នែក​សារពើពន្ធ គួបផ្សំ​នឹង​ការជំរុញ​ផ្តល់​ឥណទាន ព្រមទាំង​ការបង្កើន​សន្ទនីយភាព​ទៅក្នុង​ទីផ្សារ ដើម្បី​ឱ្យ​អាជីវកម្ម​អាច​បន្ត​ដំណើរការបាន​។

«​ការបន្ត​រក្សា​លំនឹង​ជីវភាព​ប្រជាជន​គឺ​ត្រូវ​ធ្វើ​តាមរយៈ​ការបន្ត​អនុវត្ត​នូវ​កម្មវិធី​ផ្ទេរ​សាច់ប្រាក់ កម្មវិធី​សាច់ប្រាក់​ពលកម្ម និង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​រយៈពេល​ខ្លី ដើម្បី​បង្កើន​លទ្ធភាព​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន ចាប់​យក​ការងារ​ក្នុង​វិស័យ​ថ្មី ឬ​មាន​បច្ចេកទេស​ខ្ពស់ជាង​មុន បង្កើត​ការងារ​ថ្មី​ជំនួស​ការងារ​ដែល​បាត់បង់​ជំរុញ​សកម្មភាព អាជីវកម្ម​របស់​សហគ្រាស​ធុន​តូច និង​មធ្យម និង​ជួយ​សម្រួលការ​ផ្លាស់ប្តូរ​ការងារ​ពី​វិស័យ​ដែល​ទទួលរង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ ១៩ ទៅ​វិស័យ​ផ្សេងទៀត​»​។ នេះ​បើ​យោងតាម​ការអះអាង​របស់​លោក ផៃ ស៊ីផាន​។

រដ្ឋាភិបាល​បាន​ព្យាករ​ថា អត្រា​អតិផរណា​ស្ថិតក្នុង​អត្រា ៣,១ ភាគរយ​នៅក្នុង​ឆ្នាំ​ ២០២១ អត្រា​ប្តូរ​ប្រាក់រៀល​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​ត្រូវបាន​ប៉ាន់ស្មាន​​ថា​នឹង​នៅតែ​បន្ត​មាន​ស្ថេរភាព​ក្នុង​រង្វង់ ៤ ០៦៥ រៀល ក្នុង​ ១ ​ដុល្លារ​អាមេរិក ឱនភាព​គណនី​ចរន្ត​នឹង​រួម​តូច​បន្តិច​មក​ត្រឹម ១៧,៣ ភាគរយ​នៃ ផ.ស.ស ខណៈ​ដែល​ទុនបម្រុង​អន្តរជាតិ​សរុប​ត្រូវ​បាន​រំពឹងថា​នឹង​កើន​ឡើង​ដល់ ១៦ ៩៨១ លាន​ដុល្លារ​អាមេរិក​៕ LA