ក្រុង​តូក្យូៈ សេដ្ឋកិច្ច​របស់​ប្រទេស​ ​ជប៉ុន ​បាន​​កើន​ឡើង​​នៅ​ត្រី​មាស​ចុង​ក្រោយ​ក្នុង​ឆ្នាំ​ ២០​១៨ ខណៈ​ផល​ប៉ះពាល់​អវិជ្ជមាន​ ដោយ​សារ​តែ​គ្រោះ​ថ្នាក់​ធម្មជាតិ​ជា​បន្ត​បន្ទាប់​​នៅ​រដូវ​ក្ដៅ​បាន​ថយ​ចុះ។ នេះ​បើ​យោង​តាម​ទិន្នន័យ​រដ្ឋាភិបាល​ជប៉ុន​​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ប្រទេស​ដែល​សេដ្ឋកិច្ច​ឈាន​​​មុខ​គេ​ទី ៣ របស់​ពិភព​លោក​មួយ​​នេះ បាន​ទទួល​អត្ថ​ប្រយោជន៍​ពី​កំណើន​តម្រូវ​ការ​ក្នុង​ប្រទេស រួម​ទាំង​​ពី​​ការ​វិនិយោគ​ក្រុមហ៊ុន និង​ការ​ចំណាយ​របស់​​គ្រួសារ​។​

ទិន្នន័យ​របស់​​ខុទ្ទកាល័យ​គណៈ​រដ្ឋមន្ដ្រី​​ជប៉ុន​បាន​បង្ហាញ​ថា ផលិតផល​ក្នុង​ស្រុក​សរុប នៅ​ត្រី​មាស​ចុង​ក្រោយ​ក្នុង​ឆ្នាំ​ ២០​១៨ បាន​កើន​ឡើង ​០,៣​ ភាគរយ​​ធៀប​នឹង​ត្រី​មាស​ទី ៤ បន្ទាប់​​ពី​ការ​ធ្លាក់ចុះ​ ០,​៧​ ភាគរយ​នៅ​ត្រី​មាស​ទី៣។​

កំណើន​នេះ​មាន​កម្រិត​ទាប​ជាង​​អត្រា ០,៤ ​ភាគរយ​​ដែល​ត្រូវ​បាន​ព្យាករ​ដោយ​ក្រុម​អ្នក​ជំនាញ​។​

កត្តា​ធំ​បំផុត​ដែល​ជួយ​ឲ្យ​មាន​កំណើន​នេះ ដែល​កើន​ឡើង ​១,៤ ​ភាគរយ​នៃ​អត្រា​ប្រចាំ​ឆ្នាំ​ គឺ​ការ​វិនិយោគ​​ក្រុមហ៊ុន​របស់​សាជីវកម្ម​ ដែល​បាន​​កើន​​ឡើង​ ២,៤ ​ភាគរយ​ បន្ទាប់​​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ត្រី​មាស​ទី៣​។

ប៉ុន្តែ​​ខណៈ​ដែល​តម្រូវ​ការ​ក្នុង​ស្រុក​បាន​កើន​ឡើង ការ​នាំចេញ​ដែល​ថយ​ចុះ​បាន​ជួយ​​​​ប៉ះប៉ូវ​មក​វិញ​ដោយ​​​កត្តា​វិជ្ជមាន​មួយ​ចំនួន​។ នេះ​បើ​យោង​តាម​ខុទ្ទកាល័យ​គណៈ​រដ្ឋមន្ដ្រី។​

លោក​ Yoshiki Shinke ប្រធាន​​សេដ្ឋវិទូ​​​ប្រចាំ​​វិទ្យាស្ថាន​ស្រាវជ្រាវ​ Dai-ichi Life Research Institute បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​ AFP ថា​៖ «​ការ​ប្រើប្រាស់ និង​ការ​វិនិយោគ​បាន​ស្ទុះ​ងើប​ឡើង​វិញ​​​ បន្ទាប់​ពី​មាន​​ការ​ធ្លាក់ចុះ​នៅ​ត្រី​មាស​​រាប់​ចាប់​ពី​ខែ​កក្កដា​ដល់​​ខែ​កញ្ញា​ ដែល​​បាន​រង​ផល​ប៉ះ​ពាល់​ដោយ​​គ្រោះ​ថ្នាក់​ធម្មជាតិ​»៕ AFP/LA​