ក្រុង​វែលីងតោនៈ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស ​នូវែលសេឡង់ នៅ​តែ​ទទួល​បាន​កំណើន​​ទាប ០,៦ ភាគរយ ​​នៅ​ក្នុង​រយៈពេល ៣ ខែ​ដំបូង ក្នុង​ឆ្នាំ​ ២០១៩ នេះ ដែល​ជំរុញ​ឲ្យ​មាន​ការ​រំពឹង​ថា​នឹង​មាន​ការ​ទម្លាក់​អត្រា​ការប្រាក់​បន្ថែម​ទៀត​​ មុន​ដំណាច់​ឆ្នាំ​នេះ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ផ្លូវការ​កាល​ពី​ថ្ងៃ​ម្សិលមិញ។

ការិយាល័យ​ស្ថិតិ​របស់​នូវែលសេឡង់​បាន​ឲ្យ​ដឹង​ថា​កំណើន​តិច​បំផុត​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​​សម្រាប់​ត្រីមាស​ទី១ នេះ មាន​អត្រា​ដូច​គ្នា​ទៅ​នឹង​អត្រា​កំណើន​នៅ​ត្រីមាស​ទី៤ ឆ្នាំ​ ២០១៨ ដែរ។

ការិយាល័យ​ស្ថិតិ​នេះ​បាន​ឲ្យ​ដឹង​បន្ត​ថា តួលេខ​ប្រចាំ​ត្រីមាស​​​​ទី១ នេះ​ ត្រូវ​បាន​ជំរុញ​ដោយ​កំណើន ៣,៧ ភាគរយ​ក្នុង​​វិស័យ​​សំណង់ និង​បាន​នាំ​ឲ្យ​អត្រា​កំណើន​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​នេះ​សម្រាប់​ឆ្នាំ ដែល​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​ ៣១ ខែ ​មីនា ឆ្នាំ​នេះ​ ដល់ ២,៧ ភាគរយ។

ធនាគារ​កណ្តាល​នូវែលសេឡង់ បាន​ទម្លាក់​អត្រា​ការ​ប្រាក់​មូលដ្ឋាន​របស់​ខ្លួន​ដល់​កម្រិត​ទាប​បំផុត ​១,៥ ភាគរយ​ នៅ​ខែ​ឧសភា ក្នុង​គោល​បំណង​​ជំរុញ​កំណើន​សេដ្ឋកិច្ច​ដែល​កំពុង​ថមថយ​សម្ទុះ​នេះ។

ក្រុមហ៊ុន Capital Economics បាន​ឲ្យ​ដឹង​ថា តួលេខ​ចុង​ក្រោយ​បំផុត​នេះ​ ទំនង​ជា​ជំរុញ​ឲ្យ​មាន​វិធានការ​បន្ថែម​ទៀត​​ពី​ធនាគារ​កណ្តាល។

លោក Ben Udy សេដ្ឋវិទូ​ប្រចាំ​ក្រុមហ៊ុន​នេះ​ បាន​ថ្លែង​ថា៖ «យើង​គិត​ថា សកម្មភាព​សេដ្ឋកិច្ច​ជា​ចុង​ក្រោយ​នឹង​បង្ហាញ​​ពី​ការ​អស់​សង្ឃឹម ដោយ​ជា​មធ្យម​មាន​កំណើន​ត្រឹមតែ ២,២ ភាគរយ​ប៉ុណ្ណោះ​ នៅ​ក្នុង​ឆ្នាំ ២០១៩ ដែល​ទាប​ជាង​អត្រា​កំណើន​សក្តានុពល​របស់​ប្រទេស​ដែល​មាន​ប្រហែល ២,៨​ ភាគរយ»។

លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «បើ​យើង​គិត​ត្រូវ ការណ៍​នោះ​​អាច​ជំរុញ​ឲ្យ​ធនាគារ​កណ្តាល​​​​ទម្លាក់​អត្រា​ការ​ប្រាក់​ម្តង​ទៀត​ឲ្យ​ដល់​កម្រិត​ទាប​បំផុត​​ថ្មី​មួយ ១,២៥ ភាគរយ​ នៅ​មុន​ដំណាច់​ឆ្នាំ​នេះ»៕ AFP/KC