ក្រុងម៉ិកស៊ីកូៈ សេដ្ឋកិច្ចរបស់ប្រទេស ម៉ិកស៊ិក បានធ្លាក់ចុះ ០,២ ភាគរយ នៅត្រីមាសទី១ ឆ្នាំមុន ដែលជាការចាប់ផ្តើមដ៏លំបាកមួយសម្រាប់លោកប្រធានាធិបតីថ្មី Andres Manuel Lopez Obrador។ នេះបើយោងតាមទិន្នន័យដែលត្រូវបានវាយតម្លៃឡើងវិញរបស់រដ្ឋាភិបាល។
ការធ្លាក់ចុះសេដ្ឋកិច្ចនេះបង្កើនប្រផ្នូលនៃការកើតមានការដើរថយក្រោយនៃសេដ្ឋកិច្ច ដែលជាការគំរាមកំហែងដល់ការសន្យារបស់លោកប្រធានាធិបតី ថានឹង «ផ្លាស់ប្តូរ» ម៉ិកស៊ិក និងសម្រេចឲ្យបានកំណើនសេដ្ឋកិច្ច ៤ ភាគរយ។
តួលេខផលិតផលក្នុងស្រុកសរុបដែលត្រូវបានវាយតម្លៃឡើងវិញសម្រាប់ត្រីមាសទី១ នេះ មានអត្រាដូចគ្នាទៅនឹងតួលេខបឋមដែលត្រូវបានចេញផ្សាយកាលពីខែមេសា ដែលបានបង្កឲ្យក្រុមអ្នកវិភាគមានការភ្ញាក់ផ្អើល និងបានជំរុញឲ្យមានការពិភាក្សាអំពីលទ្ធភាពនៃការកើតមានការដើរថយក្រោយនៃសេដ្ឋកិច្ចរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី២ ក្នុងតំបន់អាមេរិកឡាទីននេះ ពោលគឺមានន័យថា មានការធ្លាក់ចុះសេដ្ឋកិច្ចរយៈពេល ២ ឬច្រើនត្រីមាសជាប់គ្នា។
សេដ្ឋកិច្ចរបស់ម៉ិកស៊ិកទទួលបានកំណើនសូន្យភាគរយនៅត្រីមាសទី៤ ឆ្នាំ ២០១៨។ នេះបើយោងតាមវិទ្យាស្ថានស្ថិតិជាតិ (INEGI)។
លោក Lopez Obrador បាននិយាយសម្រាលទិន្នន័យសេដ្ឋកិច្ចនេះ។
លោកបានប្រាប់សន្និសីទមួយថា «នៅមានពេលនៅឡើយ» ដើម្បីសម្រេចបានគោលដៅរបស់លោកក្នុងការសម្រេចបានកំណើនសេដ្ឋកិច្ច ២ ភាគរយនៅឆ្នាំ ២០១៩។
លោកបានថ្លែងថា៖ «ខ្ញុំហ៊ានភ្ញាល់។ ខ្ញុំមិនចុះចាញ់ឡើយ។ សូមចាំមើលចុះថា តើឆ្នាំនេះនឹងចប់យ៉ាងដូចម្តេច?»។
នៅខែមេសា ធនាគារកណ្តាលម៉ិកស៊ិកបានទម្លាក់ការព្យាករពីកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០១៩ ចំនួន ៤ ភាគរយមកនៅពី ១,១ ទៅ ២,១ ភាគរយ។
លោក Lopez បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីម៉ិកស៊ិកឆ្នាំមុន៕ AFP/KA