
យុវជនម្នាក់កំពុងដើរនិយាយទូរស័ព្ទកាត់មុខអង្គភាពប្រឆាំងអំពើពុករលួយនៅតាមបណ្តោយមហាវិថីនរោត្តមកន្លងមក។ អំពើពុករលួយនៅតែជាឧបសគ្គសម្រាប់អាជីវកម្មនៅកម្ពុជា។ ផា លីណា
ភ្នំពេញៈ ចំណាត់ថ្នាក់ខាងសេរីភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឆ្នាំ ២០១៨ បានធ្លាក់ចុះ ៧ ពិន្ទុ បើធៀបនឹងឆ្នាំមុនគឺពីចំណាត់ថ្នាក់ ៩៤ ទៅ ១០១ ក្នុងចំណោម ១៨០ ប្រទេសទូទាំងពិភពលោក។ នេះបើតាមសន្ទស្សន៍សេរីភាពសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ Heritage Foundation ដែលមានមូលដ្ឋាននៅអាមេរិក។
សម្រាប់ចំណាត់ថ្នាក់ ១០១ នេះកម្ពុជាទទួលបានពិន្ទុ ៥៨,៧ ធ្លាក់ចុះ ០,៨ បើធៀបនឹងឆ្នាំ ២០១៧។
យោងតាមរបាយការណ៍កម្ពុជានាំមុខប្រទេស ២ នៅក្នុងអាស៊ានគឺប្រទេសវៀតណាមដែលឈរនៅលេខរៀង ១៤៤ និងឡាវនៅលេខរៀង ១៣៨ ខណៈម៉ាឡេស៊ីឈរនៅចំណាត់ថ្នាក់ ២២ និងថៃ ៥៣ ។
ពិន្ទុរបស់ប្រទេសកម្ពុជាត្រូវបានប៉ះពាល់ដោយការធ្លាក់ចុះចំណាត់ថ្នាក់ «សិទ្ធិគ្រប់គ្រងអចលនទ្រព្យ» ដែលទាបរួចស្រេចទៅហើយ ព្រមទាំងការធ្លាក់ចុះពិន្ទុ «ស្ថានភាពសារពើពន្ធ» និងពិន្ទុ «សេរីភាពការងារ»។
យោងតាមរបាយការណ៍ជាទូទៅប្រទេសកម្ពុជាដំណើរការល្អប្រសើរលើសន្ទស្សន៍ជារួមនៃស្ថានភាពសេដ្ឋកិច្ច ប៉ុន្តែមិនល្អលើចំណាត់ថ្នាក់នៃប្រសិទ្ធភាពបទប្បញ្ញត្តិ និងនីតិរដ្ឋទេ។
ពិន្ទុលើប្រសិទ្ធភាពប្រព័ន្ធតុលាការ និងសុចរិតភាពរបស់រដ្ឋាភិបាលបានកើនឡើងកាលពីឆ្នាំទៅ ប៉ុន្តែវានៅតែស្ថិតក្រោមកម្រិតមធ្យមរបស់ពិភពលោក និងតំបន់។
របាយការណ៍ដែលបានកត់សម្គាល់ដោយសង្ខេបរបស់ប្រទេសមួយបង្ហាញថា «អំពើពុករលួយកើនឡើងមានជាទូទៅនៅតែជាឧបសគ្គខ្លាំងបំផុតចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថិរភាពសង្គម» នៅក្នុងប្រទេសកម្ពុជា។
លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៅឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) របស់រដ្ឋាភិបាល បានថ្លែងកាលពីម្សិលមិញថា ចំណាត់ថ្នាក់នេះល្អសម្រាប់កម្ពុជា និងថា វាគឺជាការឆ្លុះបញ្ចាំងសមហេតុផលនៃភាពខ្លាំង និងភាពខ្សោយនៃសេដ្ឋកិច្ចរបស់កម្ពុជា។
លោកថ្លែងថា៖ «បញ្ហាលើស្ថាប័នត្រូវការពេលវេលាមួយចំនួនសម្រាប់ការអភិវឌ្ឍ ខណៈការអភិវឌ្ឍនេះត្រូវការទាំងធនធានមនុស្ស និងគោលនយោបាយមួយចំនួន»។ លោកជំរុញឲ្យមានភាពអត់ធ្មត់សម្រាប់កំណែទម្រង់បន្ថែមទៀតដែលវានឹងកើតឡើង។
ជាឧទាហរណ៍កំណែទម្រង់ក្នុងវិស័យអប់រំលោក ម៉ី កល្សាណ បានលើកឡើងថា៖ «ខណៈដែលការសាងសង់សាលាវាងាយស្រួល ប៉ុន្តែការពង្រឹងគុណភាពស្ថាប័នសាលារៀនត្រូវការពេលវេលាយូរ ដូច្នេះខ្ញុំគិតថា អ្វីពួកគេនិយាយ យើងមិនទាន់ល្អនៅឡើយ យើងអាចពិចារណាជាថ្មី និងកែលម្អវា»។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាជាអង្គការប្រឆាំងអំពើពុករលួយ បានថ្លែងកាលពីម្សិលមិញថា ការរកឃើញរបស់ការសិក្សានេះបានបង្ហាញថា ការបង្កើតតុលាការឯករាជ្យពិតប្រាកដមួយត្រូវការជាចាំបាច់នៅក្នុងប្រទេសនេះ។
លោកបានលើកឡើងថា៖ «អំពើពុករលួយនៅតែជាឧបសគ្គសម្រាប់ប្រព័ន្ធតុលាការ ដែលប៉ះពាល់ដល់អាជីវកម្មត្រឹមត្រូវដោយស្មើភាព»។
លោកបន្តថា៖ «ទោះបីជាប្រទេសរបស់យើងគឺជាសេដ្ឋកិច្ចបើកចំហក៏ដោយ ក៏អាជីវកម្មលក្ខណៈបុគ្គលតែងតែត្រូវបានគាំទ្រដោយបុគ្គលមានអំណាចក្នុងនាមជាភាគទុនិក»។
ដើម្បីទទួលបាននូវចំណាត់ថ្នាក់កាន់តែប្រសើរ លោក កុល បានផ្ដល់យោបល់ថា រដ្ឋាភិបាលត្រូវបង្កើតតុលាការពាណិជ្ជកម្មឯករាជ្យពិតប្រាកដមួយនៅក្នុងប្រទេសនេះ។
លោកបានថ្លែងថា៖ «យើងចាំបាច់ត្រូវកែលម្អប្រព័ន្ធតុលាការ និងធានាឲ្យប្រាកដសម្រាប់ការប្រកួតប្រជែងអាជីវកម្មដោយយុត្តិធម៌ តាមរយៈការបង្កើតតុលាការពាណិជ្ជកម្មដែលមានឯករាជភាព និងតម្លាភាព»៕LA