ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន គ្រោង​នឹង​ដាក់​ដំណើរការ​សាកល្បង​សេវា​កាណូត​ដឹក​អ្នក​ដំណើរ​សាធារណៈ​នៅ​មុន​ខែ​មេសា ​ឆ្នាំ ២០១៨ ដើម្បី​ភ្ជាប់​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ពី​ភាគ​ខាង​ជើង​ទៅ​ភាគ​ខាង​ត្បូង​នៃ​រាជធានី​ភ្នំពេញ ចាប់​ផ្តើម​ពី​សង្កាត់​ព្រែក​ព្នៅ ទៅ​ក្រុង​តាខ្មៅ​។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​កាលពី​ម្សិលមិញ​។

លោក វ៉ាស៊ីម សុរិយា អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ឲ្យ​ដឹង​ កាល​ពី​ម្សិលមិញ​ថា រយៈ​ចម្ងាយ​នៃ​ដំណើរ​ការ​សេវា​កាណូត​ដឹក​អ្នក​ដំណើរ​នា​ពេល​ដំបូង​នេះ អាច​ត្រូវ​ការ​ផែប​ណ្តែត​ទឹក ៦ ទីតាំង ហើយ​ក្រុម​ការងារ​គម្រោង​នេះ​កំពុង​សាងសង់​ផែ​បណ្តែត​ទឹក ដើម្បី​ដាក់​ដំឡើង​រចនា​សម្ព័ន្ធ​សម្រាប់​គាំទ្រ​សេវា​កាណូត​នេះ ដោយ​រំពឹង​ថា​ នឹង​រួចរាល់​ដើម្បី​ដាក់​ឲ្យ​ដំណើរការ​នៅមុន​ពិធី​ចូល​ឆ្នាំ​ខ្មែរ ២០១៨​។

ខណៈ​ទីតាំង​ពិតប្រាកដ​នៃ​ផែបណ្ដែត​ទឹក​នេះ​កំពុង​ត្រូវបាន​ជ្រើសរើស​នោះ លោក សុរិយា បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ផែន​ការ​ដំបូង​រួម​មាន ផែបណ្ដែត​ទឹក​នៅ​ព្រែក​ព្នៅ ឫស្សីកែវ ផ្សារ​រាត្រី អរិយ​ក្សត្រ ព្រះមុនីវង្ស និង​ក្រុង​តាខ្មៅ​។

លោក​បន្ថែម​ថា ក្រសួង​ទទួល​បាន​ការ​សហការ​ជាមួយ​កំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ​ (PPAP) ដែល​នឹង​គ្រប់គ្រង​ប្រតិបត្តិការ​កាណូត​។

លោក​ថ្លែង​ថា​៖ «​តំណាង​មក​ពី PPAP បញ្ជាក់​ថា នឹង​មាន​កាណូត​២​អាច​ដាក់​ឲ្យ​ដំណើរការ​សម្រាប់​ប្រតិបត្តិការ​ដំបូង​»​។

លោក​បន្ថែម​ថា ចំនួន​កាណូត និង​ផែ​បណ្ដែត​ទឹក នឹង​ពង្រីក​នៅ​ពេល​អនាគត​ដោយ​ផ្អែក​លើ​តម្រូវ​ការ​ពិត​ប្រាកដ​ពី​សាធារណជន ខណៈ​ក្រសួង​គ្រោង​នឹង​ពង្រីក​សេវា​នេះ​ក្នុង​រយៈពេល​វែង​។

លោក​ថ្លែង​ថា​៖ «​យើង​រំពឹងថា មន្ដ្រីរាជការ និង​កម្មករ​នៅ​តាម​រោងចក្រ​មួយ​ចំនួន [​នៅ​ជិត​ទន្លេ​] នឹង​ប្រើប្រាស់​សេវា​នេះ ហើយ​យើង​សង្ឃឹម​ថា វា​នឹង​ជួយ​កាត់​បន្ថយ​បញ្ហា​ការ​កកស្ទះ​ចរាចរណ៍​»​។

មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ស្ដីពី​ពេលវេលា​ដឹក​ជញ្ជូន តម្លៃ ព្រម​ទាំង​ចំនួន​អ្នក​ដំណើរ​ដែល​កាណូត​នេះ​អាច​ត្រូវ​បាន​ផ្ទុក​នោះ​ទេ ខណៈ​ដែល​ល្បឿន​កាណូត​នេះ​មិន​បាន​ដឹង​ផង​ដែរ​។

យ៉ាង​ណា​ក៏​ដោយ យោង​តាម​គំនូស​ព្រាង​ដែល​បង្ហាញ​ពី​កាណូត​សម្រាប់​ផ្ដល់​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ដែល​ចេញ​ផ្សាយ​លើ​ទំព័រ​ហ្វេស​ប៊ុក របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កាណូត​នេះ​មាន​ប្រវែង ១៤,៤​ ម៉ែត្រ និង​ទទឹង ៣,៩០​ ម៉ែត្រ ដែល​អាច​ផ្ទុក​មនុស្ស​បាន ៤៨​ នាក់​។

ទោះបីជា​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ជា​សាធារណៈ​អាច​កាត់​បន្ថយ​បន្ទុក​លើ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​គោក​ក៏​ដោយ ក៏​លោក សុរិយា បាន​ថ្លែងថា ជោគជ័យ​របស់​ផែនការ​នេះ​អាច​មាន​ការ​បារម្ភ​ទាក់ទង​នឹង​ឥរិយាបថ​របស់​ប្រជាជន​កម្ពុជា ដោយ​សារ​ភាគ​ច្រើន​ចង់​ធ្វើដំណើរ​លើ​មធ្យោបាយ​ផ្ទាល់​ខ្លួន​ជាង​ការ​ដឹក​ជញ្ជូន​សាធារណៈ​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​បាន​ពី​ទំព័រ​ហ្វេស​ប៊ុក ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ផែនការ​ទាំង​មូល​សម្រាប់​ប្រតិបត្តិការ​កាណូត​នេះ​នឹង​មាន​ផែ​បណ្តែត​ទឹក ១៥​កន្លែង ដែល​តភ្ជាប់​ទន្លេសាប​ចាប់ពី​ព្រែក​ព្នៅ ដល់​ទន្លេ​បាសាក់ នៅ​ក្រុង​តាខ្មៅ ទន្លេមេគង្គ​លើ និង ​ទន្លេ​មេគង្គ​ក្រោម ដែល​ស្ថិត​ក្នុង​ដែនដី​រដ្ឋបាល​ទីក្រុង​ភ្នំពេញ​៕ LA