ភ្នំពេញៈ អ្នក​ធ្វើ​​ដំណើរ​តាម​សេវា​ដឹក​​អ្នក​ដំណើរ​តាម​ផ្លូវ​ទឹក​នៅ​ក្នុង​ទីក្រុង​​ភ្នំពេញ​បាន​ត្អូញត្អែរ​ពី​ភាព​រអាក់រអួល​​សេវា​​តាម​ផ្លូវ​ទឹក​ ដែល​ទើប​នឹង​ដំណើរការ​មួយ​នេះ​ និង​ស្នើ​អាជ្ញាធរ​​ពិនិត្យ​ពី​គុណភាព​សេវា​ឡើង​វិញ​ ដើម្បី​​ទាក់ទាញ​​អ្នក​ដំណើរ​ឲ្យ​បាន​កាន់​តែ​ច្រើន​ឡើង​។

សេវា​​ដឹក​ជញ្ជូន​សាធារណៈ​តាម​ផ្លូវ​ទឹក​ក្នុង​ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​កាល​ពី​ខែ​កក្កដា ​ឆ្នាំ ​២០១៨​ ​ដែល​មាន​ទិសដៅ​ចេញ​ពី​តំបន់​ឫស្សីកែវ ​ឆ្ពោះ​ទៅ​កាន់​ក្រុង​តាខ្មៅ​​។ សេវាកម្ម​ដឹក​ជញ្ជូន​អ្នក​ដំណើរ​តាម​ផ្លូវ​ទឹក​ មាន​កាណូត​​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ចំនួន ​៤​ គ្រឿង​ ដែល​កាណូត​នីមួយៗ​អាច​ផ្ទុក​មនុស្ស​បាន​ ៦០ ​នាក់ ដែល​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​។​ នេះ​បើ​តាម​កាល​វិភាគ​នៃ​ការ​ធ្វើ​ដំណើរ​នៃ​សេវា​នេះ​។

សេវា​នេះ​មាន​ចំណត​ចំនួន ​៥ ​នៅ​តាម​បណ្តោយ​ផ្លូវ​ទឹក​ទន្លេ​សាប​ក្នុង​ក្រុង​​ភ្នំពេញ​ រហូត​ដល់​ទន្លេ​បាសាក់​ក្នុង​​ក្រុង​តាខ្មៅ​​។ ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​មក​ដល់​ពេល​នេះ​មិន​ត្រូវ​បាន​គិត​ថ្លៃ​នោះ​ទេ។​

ភ្នំពេញ​ប៉ុស្តិ៍ បាន​ទៅ​សម្ភាស​អ្នក​ដំណើរ​នៅ​ចំណត​ផែ​ផ្សារ​រាត្រី​ជា​ច្រើន​នាក់​កាល​ពី​ថ្ងៃ​ម្សិលមិញ​ដោយ​ពួក​គេ​អះអាង​ថា ​សេវា​តាម​ផ្លូវ​ទឹក​មួយ​នេះ​មិន​សូវ​ទាក់ទាញ​អ្នក​ដំណើរ​នោះ​ទេ​។​

លោក​ កែវ​ ពៅ ​ជា​មន្ត្រី​រាជ​ការ​បម្រើការ​នៅ​ខណ្ឌ​ឫស្សីកែវ​ ដែល​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ​តាម​កាណូត​​​ដើម្បី​ទៅ​​ធ្វើ​ការ​​ប្រាប់​អ្នក​យក​ព័ត៌មាន​ភ្នំពញ ប៉ុស្តិ៍​ថា ​សេវា​ដឹក​​ជញ្ជូន​សាធារណៈ​ផ្លូវ​ទឹក​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ការងារ​ប្រចាំ​ថ្ងៃ​របស់​គាត់​។ លោក​ថ្លែង​ថា​៖ «​មាន​សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវ​ទឹក​ពិត​ជា​ល្អ​ណាស់ ​ខ្ញុំ​ចូល​ចិត្ត​ជិះ​កាណូត​ទៅ​ធ្វើ​ការ ​វា​ជួយ​សម្រួល​ដល់​ខ្ញុំ​ច្រើន​ណាស់​»។

ទោះបី​យ៉ាង​នេះ​ក្តី ​លោក​បាន ​សម្តែង​​​ការ​​ខក​ចិត្ត​ថា ​ក្រោយ​ពី​ដំណើរការ​​បាន​មួយ​រយៈ​ កាល​វិភាគ​ធ្វើ​ដំណើរ​មាន​ការ​ផ្លាស់​ប្តូរ​មិន​ទៀងទាត់​ ដោយ​គ្មាន​ការ​ជូន​ដំណឹង​ដល់​អ្នក​ដំណើរ​​ជា​មុន​ទេ។​ លោក​បន្ត​ថា៖ «​ពុំ​មាន​ការ​ជូន​ដំណឹង​ជា​មុន ​វា​បាន​ធ្វើ​ឲ្យ​ខក​​ពេល​វេលា​ការងារ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដំណើរ»​។

លោក​បន្ត​​ថា៖​ «ខ្ញុំ​តែង​ជិះ​ជា​មួយ​មិត្តភកិ្ដ ​តែ​កាល​វិភាគ​កាណូត​មាន​ការ​ផ្លាស់​ប្តូរ​ និង​មាន​ការ​ខកខាន​ច្រើន​ ធ្វើ​ឲ្យ​ពួក​គាត់​​ដូរ​ទៅ​​ជិះ​ឡាន​ក្រុង ​និង​ធ្វើ​ដំណើរ​ដោយ​ខ្លួន​ឯង​វិញ»​។

លោក ​វិ ទូ ​ដែល​រស់​នៅ​តាខ្មៅ ​កំពុង​​​​រង់ចាំ​កាណូត​នៅ​ផ្សារ​ចាស់​ដើម្បី​ទៅ​ផ្ទះ​វិញ​ បាន​និយាយ​ថា ​សេវាកម្ម​ដឹក​​ជញ្ជូន​ពុំ​មាន​គុណភាព​ដូច​ពី​មុន​​ទេ ​ដោយ​មិន​មាន​ការ​គោរព​ពេល​វេលា​ត្រឹមត្រូវ ​និង​មាន​ការ​ខកខាន​ច្រើន​។ ​

លោក​បាន​​បន្ត​៖ «សេវាកម្ម​ដឹក​ជញ្ជូន​​ល្អ​ហើយ ​ប៉ុន្តែ​មាន​ការ​ខកខាន​ច្រើន​ពេក ​ជួន​កាល​ខ្ញុំ​ត្រូវ​ដូរ​ទៅ​ជិះ​ឡាន​ក្រុង​វិញ ខ្ញុំ​ខាត​ពេល​ច្រើន​ដង​ហើយ​»​​។ លោក​បន្ត​ថា ​ដើម្បី​ជំរុញ​ដល់​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ ដែល​វា​រួម​ចំណែក​កាត់​បន្ថយ​ការ​កក​ស្ទះ​ក្នុង​រាជធានី​ភ្នំពេញ​ លុះត្រា​តែ​សេវាកម្ម​ល្អ ​និង​មាន​កាល​វិភាគ​ត្រឹមត្រូវ​។

បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​កំពុង​ជំរុញ​ការ​ប្រើប្រាស់​សេវា​ដឹក​អ្នក​ដំណើរ​សាធារណៈ​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​​ចរាចរណ៍​​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​ដោយ​ក្នុង​នោះ​រាជ​រដ្ឋាភិបាល​បាន​ដាក់​​ឲ្យ​មាន​សេវា​រថយន្ត​ក្រុង​ដឹក​ជញ្ជូន​សាធារណៈ និង​រថភ្លើង​ពី​ស្ថានីយ​រាជាយស្ម័យយាន​ភ្នំពេញ​ទៅ​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ជា​ដើម​។

លោក​ វឿន ​បញ្ញា ​អនុ​ប្រធាន​ប្រតិបត្តិការ​នៃ​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រាជធានី​ភ្នំពេញ ​កំពុង​តែ​សិក្សា​ពី​​ទីផ្សារ ​និង​បន្ត​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​មាន​ការ​យល់​ដឹង​ពី​សេវាកម្ម​ដឹក​ជញ្ជូន​។ ​លោក​បន្ត​ថា៖ «ចំនួន​អ្នក​ជិះ​កាណូត​នៅ​តែ​មាន​ការ​កើន​ឡើង​ តែ​បើ​ធៀប​ឡាន​ក្រុង​នៅ​មាន​កម្រិត​នៅ​ឡើយ​ អ្នក​ជិះ​កម្សាន្ត​មាន​ចំនួន​ច្រើន​ជាង​អ្នក​ធ្វើ​ការងារ»​​។

តាម​លោក​ វឿន ​បញ្ញា ​បច្ចុប្បន្ន​អ្នក​ដំណើរ​ប្រចាំ​សប្តាហ៍​មាន​ចំនួន​ជា​មធ្យម ​៤០ ​ទៅ ​៥០ ​នាក់​ ចំណែក​ចុង​សប្តាហ៍​មាន​ចំនួន​​មធ្យម ​១០០ ​នាក់​​​។ ​លោក​បន្ត​ថា៖ ​«យើង​កំពុង​តែ​សិក្សា​​បន្ថែម​លើ​ទីផ្សារ ​និង​តម្រូវ​ការ​ ដើម្បី​ទាក់ទាញ​ចំនួន​អ្នក​ជិះ​ឲ្យ​បាន​ច្រើន​»​​។​

បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​ដាក់​ឲ្យ​ដំណើរការ​សេវា​រថយន្ត​ក្រុង​សាធារណៈ​ដែល​​មាន​ខ្សែ​រត់​ចំនួន​ ​៨ ក្នុង​ការ​ភ្ជាប់​តំបន់​នានា​ក្នុង​ក្រុង​​​ភ្នំពេញ និង​ចេញ​ទៅ​​ផ្លូវ​ជាតិ​ទាំង ​៦ ពី​ម៉ោង​ ៥:​៣០ ​នាទី​រហូត​ដល់​ម៉ោង​ ២០:​៣​០ ​នាទី​ជា​​រៀងរាល់​ថ្ងៃ​ជា​មួយ​នឹង​រថយន្ត​ ១៥៥ ​គ្រឿង​ ដោយ​មាន​មនុស្ស​ជិះ​ជាង​ ២ ​ម៉ឺន​នាក់​ក្នុង ​១ ថ្ងៃ​។ នេះបើ​​តាម​ទិន្នន័យ​​របស់​អាជ្ញាធរ​ក្រុង​​​កន្លង​មក​៕