ភ្នំពេញ៖ ជាមួយ​នឹង​វិធានការ​បិទ​ខ្ទប់​របស់​អាជ្ញាធរ​សម្រាប់​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្តាល អាជីវកម្ម​បញ្ជា​ទិញ​តាម​អនឡាន និង​ការ​ទូទាត់​ឌីជីថល​កំពុង​ទទួល​បាន​ការ​ពេញ​និយម​ជាមួយ​នឹង​សេវា​ដឹក​ជញ្ជូន​ដល់​លំនៅឋាន​របស់​អតិថិជន ដើម្បី​ចូលរួម​បង្ការ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

ផ្សារ​ទំនើប​អនឡាញ Smile Shop App ជា​កម្មវិធី​ពាណិជ្ជកម្ម​អេឡិចត្រូនិក B2C ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃទី ២០ មេសា​នេះ​ថា រាល់​ការ​បញ្ជា​ទិញ​ផលិតផល​គ្រឿងទេស បន្លែ និង​សាច់​ស្រស់ៗ​ក្នុង​តម្លៃ​កាន់​តែ​ទាប​តាមរយៈ​ការ​ប្រើប្រាស់​ការ​ទូទាត់​ងាយ​ស្រួល​ដោយ​មិន​ប្រើ​ក្រដាស​ប្រាក់។ សម្រាប់​អតិថិជន​ថ្មី​នឹង​ទទួល​បាន ១០ ដុល្លារ សម្រាប់​ការ​ទិញ​លើក​ដំបូង​ក្នុង​អំឡុង​ពេល​ការ​បិទ​ខ្ទប់​នេះ។

លោក ម៉ក់ ចំរើន ដែល​ជា​សហស្ថាបនិក​របស់ Smile Shop បាន​ថ្លែង​ថា ជំងឺ​កូវីដ ១៩ បាន​ប្រែ​ក្លាយ​ពិភព​លោក​ទៅ​ជា​ពិភព​ថ្មី​មួយ។ ការ​ហោះ​ទៅ​កាន់​ឌីជីថល គឺ​ជា​ប្រធានបទ​ដ៏​សំខាន់​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍។ នៅ​ពេល​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ពេល​នេះ គឺ​ជា​ពេលវេលា​ដ៏​សំខាន់​បំផុត ដែល​កម្មវិធី​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ផ្ដល់​ការ​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩។

លោក​បាន​ថ្លែង​ថា៖ «សេដ្ឋកិច្ច​ឌីជីថល នឹង​ក្លាយ​ជា​តួអង្គ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច បន្ទាប់​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩។ Smile Shop ប្ដេជ្ញា​ថា នឹង​បង្កើត​ទីផ្សារ​អេកូស៊ីស្ដែ​មក​សិកម្ម​ដ៏​ធំ​មួយ ដើម្បី​ជំរុញ​ផលិតផល​កម្ពុជា​ពី​កសិដ្ឋាន​ទៅ​ដល់​ទីផ្សារ​ទូទាំង​ប្រទេស និង​ទៅ​កាន់​ទីផ្សារ​ពិភព​លោក ហើយ​យើង​នឹង​គាំទ្រ​ក្នុង​ការ​ជំរុញ​ផលិតផល​កម្ពុជា​នៅ​ក្នុង​កម្មវិធី​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ដ៏​ធំ​របស់​ប្រទេស​ចិន តាមរយៈ​ហាង​លក់​ទំនិញ​នានា​របស់​ប្រទេស​កម្ពុជា យើង»។

Smile Shop គឺ​ជា​កម្មវិធី​ទូរស័ព្ទ​ដៃ​ដ៏​ងាយស្រួល​មួយ​ត្រូវ​បាន​បង្កើត​ឡើង​រួម​គ្នា​ដោយ​អ្នក​ជំនួញ​ក្នុង​ស្រុក លោក ធៀប សុវណ្ណារិទ្ធិ លោក ម៉ក់ ចំរើន និង​លោក Jack Lee ពាណិជ្ជករ​ជនជាតិ​ចិន​តាំង​ពី​ឆ្នាំ ២០១៨។ ថ្មីៗ​នេះ Smile Shop ទើប​ដាក់​ដំណើរការ​គម្រោង «ទិញ​ផលិតផល​ក្នុង​ស្រុក» ដើម្បី​គាំទ្រ​កសិករ​មាន​ដើម​ទុន​តិចតួច និង​មធ្យម លក់​ផលិតផល​របស់​ពួក​គេ​ពី​ទីកន្លែង​របស់​ខ្លួន​តាម​អនឡាញ សូម្បី​តែ​ពួក​គេ​មិន​មាន​យល់​ដឹង​ពី​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ក៏​ដោយ។

លោក សុវណ្ណារិទ្ធិ បាន​ឲ្យ​ដឹង​ថា Amazon គឺ​ជា​គំរូ​កម្មវិធី​ដ៏​ល្អ​មួយ​សម្រាប់ Smile Shop ដោយ​លោក​ពន្យល់​ថា ទិសដៅ​នេះ​នឹង​នាំ​យក​បទពិសោធន៍​ទិញ​ទំនិញ​ងាយ​ស្រួល​ប្រើប្រាស់ និង​គ្មាន​ស្ដ្រេស​ដល់​អតិថិជន​កម្ពុជា។

លោក​ឲ្យ​ដឹង​ថា កម្មវិធី​ពាណិជ្ជកម្ម និង​អតិថិជន​របស់​លោក ផ្ដល់​ការ​ដឹក​ជញ្ជូន​ដោយ​មិន​គិត​តម្លៃ​ក្នុង​រយៈពេល ២៤ ម៉ោង ​នៅ​ទីក្រុង​ភ្នំពេញ។ នៅ​តាម​បណ្ដា​ខេត្ត អតិថិជន​ត្រូវ​បាន​ធានា​ថា​ នឹង​ទទួល​បាន​ការ​បញ្ជា​ទិញ​របស់​ពួក​គេ​ក្នុង​រយៈពេល ៧២ ម៉ោង។

លោក​បន្ត​ថា អ្វី​ដែល​បាន​កំណត់​ជា​ពិសេស​នៅ​ក្នុង​កម្មវិធី​នេះ គឺ​ការ​សង្កត់​ធ្ងន់​របស់​ខ្លួន​លើ​គុណភាព និង​ប្រភព​ដើម​ផលិតផល ព្រម​ទាំង​ជម្រើស​ការ​ទូទាត់​ដែល​អាច​រក​បាន។ លោក​បញ្ជាក់​ថា៖ «កម្មវិធី​ភាគ​ច្រើន​ផ្សេង​ទៀត នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ការ​ទូទាត់​ជា​សាច់​ប្រាក់​នៅ​ពេល​ទទួល​ទំនិញ»។

ក្រៅ​ពី​នេះ លោក​កត់​សម្គាល់​ថា Smile Shop ផ្ដល់​ការ​គាំទ្រ​ពេញ​ទំហឹង​ដល់​ពាណិជ្ជករ​លក់​តាម​កម្មវិធី​នេះ។

Smile Shop ក៏​កំពុង​ជួយ​ផ្សព្វផ្សាយ​យីហោ «ផលិត​នៅ​ប្រទេស​កម្ពុជា» នៅ​បរទេស​ផង​ដែរ។

លោក​ សុវណ្ណរិទ្ធិ លើក​ឡើង​ថា៖ «ទិសដៅ​ផ្សេង​ទៀត​របស់ Smile Shop នឹង​ជួយ​ក្រុមហ៊ុន​តូចៗ​ក្នុង​ស្រុក លក់​ផលិតផល​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​បរទេស។ ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ចុះ​បញ្ជី​ផលិតផល​របស់​ពួក​គេ​នៅ​លើ​កម្មវិធី​របស់​យើង រួមមាន​ក្រុមហ៊ុន Sela Pepper និង​ក្រុមហ៊ុន​ផលិត​អង្ករ Royal Mongkut ដែល​នាំចេញ​ច្រើន​ទៅ​ប្រទេស​ចិន តាមរយៈSmile Shop»។

បច្ចុប្បន្ន​ក្រុមហ៊ុន​សហការ​ជាមួយ​ធនាគារ AEON Specialize Bank ធនាគារ ABA Bank ធនាគារ Phillip Bank ដើម្បី​ផ្ដល់​ការ​បញ្ចុះ​តម្លៃ​ជាពិសេស ប្រសិន​បើ​អតិថិជន​បង់​ប្រាក់​តាម​អនឡាញ៕