ក្រុងវ៉ាស៊ីនតោនៈ សេដ្ឋកិច្ចចែករំលែក (Sharing economy) ដែលជាទម្រង់សេដ្ឋកិច្ចនៃការប្រតិបត្តិការទិញលក់ទំនិញ និងសេវាកម្មតាមអ៊ីនធឺណិត កំពុងក្លាយជានិន្នាការទូទៅមួយ ដោយមានការរំពឹងថានឹងចុះបញ្ជីក្នុងផ្សារហ៊ុនពីសំណាក់ក្រុមហ៊ុនផ្ដល់សេវាសេដ្ឋកិច្ចចែករំលែកនេះ ដូចជា ក្រុមហ៊ុន Uber ក្រុមហ៊ុន Lyft និងក្រុមហ៊ុន Airbnb ពោលគឺជាសញ្ញាដែលបង្ហាញថា និន្នាការនេះកំពុងកើនសម្ទុះ និងជះឥទ្ធិពលដល់វិស័យជាច្រើន។
ក្រុមហ៊ុនផ្តល់សេវាតាមអនឡាញដែលមានតម្លៃច្រើនពាន់លានដុល្លារទាំងនេះ គឺជាកម្លាំងរំខានមួយរួចទៅហើយក្នុងផ្នែកជាច្រើននៃសេដ្ឋកិច្ច ហើយអ្នកវិភាគឲ្យដឹងថា ការចុះបញ្ជីលក់ភាគហ៊ុនសាធារណៈរបស់ក្រុមហ៊ុនទាំងនេះ អាចជារបត់ផ្លាស់ប្តូរដ៏ធំមួយ ដែលទំនងជានឹងជំរុញឲ្យមានការផ្លាស់ប្តូរកាន់តែច្រើនថែមទៀត។
កំណើនការផ្តល់សេវាតាមតម្រូវការទាំងនេះ កំពុងកាត់បន្ថយអារម្មណ៍នៃការចង់មានភាពជាម្ចាស់កម្មសិទ្ធិលើលំនៅឋាន រថយន្ត និងទំនិញផ្សេងទៀត ហើយវាក៏កំពុងផ្លាស់ប្តូរទស្សនាទានកម្លាំងពលកម្ម និងការងារផងដែរដែលបណ្ដាលឲ្យមានការ ពិភាក្សាគ្នាយ៉ាងខ្លាំងអំពីថា តើការផ្លាស់ប្តូរនេះល្អ ឬអាក្រក់?
ក្រុមហ៊ុន Lyft ដែលផ្ដល់សេវាហៅតាក់ស៊ីជិះឈានមុខគេរបស់អាមេរិក និងជាគូប្រកួតប្រជែងរបស់ក្រុមហ៊ុន Uber បានក្លាយជាក្រុមហ៊ុនដំបូងគេ ដែលប្រកាសពីការបោះផ្សាយលក់មូលបត្រសាធារណៈលើកដំបូង (IPO) របស់ខ្លួនដើម្បីស្វែងរកការពង្រីកក្រុមហ៊ុនដែលបច្ចុប្បន្នមានតម្លៃជាង ១៥ ពាន់លានដុល្លារនេះ។
មានការកើនឡើងចំនួនក្រុមហ៊ុនបង្កើតថ្មីរួចហើយក្នុងវិស័យសេវាកម្មចែករំលែកនេះ ដូចជាសេវារថយន្តជិះបែបចែករំលែក កង់ ម៉ូតូស្គូធឺ លំនៅឋាន និងសេវាជាច្រើនទៀត។ វិស័យជួលការិយាល័យក៏កំពុងត្រូវបានផ្លាស់ប្តូរផងដែរតាមរយៈការជួលទីឃ្លាការិយាល័យរួមគ្នាដូចជាសេវាដែលផ្តល់ដោយក្រុមហ៊ុន WeWork ដែលនៅពេលនេះមានតម្លៃប្រហែល ៤៥ ពាន់លានដុល្លារ។
លោក Arun Sundararajan សាស្ដ្រាចារ្យប្រចាំសាកលវិទ្យាល័យក្រុងញូវយ៉ក ដែលតាមដានវិស័យនេះបានថ្លែងថា៖ «នេះគឺគ្រាន់តែជាការចាប់ផ្ដើមសម្រាប់សេវាសេដ្ឋកិច្ចចែករំលែកតែប៉ុណ្ណោះ»។
លោកថ្លែងថា៖ «ខ្ញុំគិតថា យើងនឹងមើលឃើញក្រុមហ៊ុនធំៗដែលផ្តល់សេវាប្រកបដោយវិជ្ជាជីវៈសម្រាប់ប្រភេទសេវាថែរក្សាសុខភាពមួយចំនួន ហើយប្រហែលជាសេវាសម្រាប់ថាមពលជំនួសផងដែរ»។
ការចំណាយសម្រាប់សេវា «តាមតម្រូវការ» ដែលផ្តល់ដោយក្រុមហ៊ុននានាដូចជាក្រុមហ៊ុន Uber ក្រុមហ៊ុន Airbnb និងក្រុមហ៊ុនឌីជីថលផ្សេងទៀត បានកើនឡើង ៥៨ ភាគរយកាលពីឆ្នាំ ២០១៧ ដល់ ៧៥,៧ ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក ដោយមានការចូលរួមពីសំណាក់អតិថិជនជាង ៤១ លាននាក់។ នេះបើយោងតាមការអង្កេតមួយដោយក្រុមហ៊ុន Rockbridge Associates។
ទោះជាយ៉ាងណា លោក Charles Colby ស្ថាបនិកក្រុមហ៊ុន Rockbridge បានបង្ហាញការប្រុងប្រយ័ត្នថា កំណើននេះអាចធ្លាក់ចុះវិញ។
លោកថ្លែងថា៖ «ខ្ញុំមិនមើលឃើញក្រុមហ៊ុនទាំងនេះថា ជាក្រុមហ៊ុន [ដែលជោគជ័យ] បន្ទាប់ពីក្រុមហ៊ុន Amazon ឬក្រុមហ៊ុន Apple នោះទេ ដោយសារក្រុមហ៊ុនទាំងនេះកំពុងចូលក្នុងទីផ្សារដែលចង្អៀត ហើយនឹងចាប់ផ្ដើមជួបប្រទះការប្រកួតប្រជែងពីក្រុមហ៊ុនផ្ដល់សេវាតាមបែបប្រពៃណីធម្មតា ដែលមួយចំនួនក្នុងចំណោមក្រុមហ៊ុនទាំងនោះ គឺពិតជាមានសមត្ថភាពប្រកួតប្រជែង»។
ក្រុមហ៊ុនផ្តល់សេវាសេដ្ឋកិច្ចចែករំលែក ក៏បានបង្កឲ្យមានភាពចម្រូងចម្រាសផងដែរ។ ក្រុមហ៊ុន Uber និងក្រុមហ៊ុន Lyft បានប្រឈមនឹងការតវ៉ាប្រឆាំង និងបញ្ហាពីប្រតិបត្តិករតាក់ស៊ីធម្មតា ហើយនិយតករមួយចំនួនបានហាមឃាត់ ឬដាក់កម្រិតលើសេវាចែករំលែកតាក់ស៊ីជិះ។ ក្រុមហ៊ុន Airbnb ក៏ត្រូវបានរារាំងផងដែរក្នុងទីផ្សារមួយចំនួន ក្នុងគ្រាដែលមានការត្អូញត្អែរជុំវិញការរំខានក្នុងទីផ្សារអចលនទ្រព្យ និងវិស័យសណ្ឋាគារ។
តើរថយន្តឯកជន នឹងបាត់អស់?
ក្នុងវិស័យដឹកជញ្ជូន ក្រុមអ្នកវិភាគមួយចំនួនអះអាងថា និន្នាការសេវាចែករំលែកនេះកំពុងផ្លាស់ប្តូរយ៉ាងរហ័ស ដែលនឹងផ្លាស់ប្តូរយ៉ាងខ្លាំងដល់រូបភាពទីក្រុង ស្របជាមួយនឹងចក្ខុវិស័យរបស់ក្រុមហ៊ុននានា ដូចជាក្រុមហ៊ុន Uber និងក្រុមហ៊ុន Lyft ដើម្បីកាត់បន្ថយយ៉ាងខ្លាំងនូវតម្រូវការរថយន្តកម្មសិទិ្ធឯកជន។
ក្រុមហ៊ុនស្រាវជ្រាវ RethinkX បានព្យាករថា ចំនួនរថយន្តនៅអាមេរិកនឹងធ្លាក់ចុះជាង ៨០ ភាគរយត្រឹមឆ្នាំ ២០២០ ហើយ ៩៥ ភាគរយនៃការធ្វើដំណើរនឹងត្រូវប្រើប្រាស់រថយន្តអគ្គិសនីស្វ័យបើកបរដែលផ្តល់សេវាកម្មតាមតម្រូវការវិញ។
ដោយមានលទ្ធភាពទទួលបានមូលធនពីតំបន់ហិរញ្ញវត្ថុ Wall Street ក្រុមហ៊ុនដែលផ្តល់សេវាសេដ្ឋកិច្ចចែករំលែកអាចមានលទ្ធភាពរីកលូតលាស់កាន់តែធំ និងបង្ហាញអំណាចរបស់ខ្លួនកាន់តែច្រើនក្នុង ការរំខានដល់សេវាបែបប្រពៃណី។
ការបោះផ្សាយ IPO ទាំងនេះបង្ហាញថា ក្រុមហ៊ុនផ្តល់សេវាសេដ្ឋកិច្ចចែករំលែក «ត្រៀមខ្លួនរួចហើយសម្រាប់ពេលវេលាដ៏សំខាន់»។ នេះបើយោងតាមលោក Saif Benjaafar នាយកផ្នែកគំនិតផ្តួចផ្តើមស្តីពីសេដ្ឋកិច្ចចែករំលែកនៃសាកលវិទ្យាល័យ Minneota''s Initiative។
លោកថ្លែងថា៖ «ក្រុមហ៊ុន Lyft និងក្រុមហ៊ុន Uber បានបង្ហាញពីភាពរស់រានផ្នែកប្រតិបត្តិការនៃគំរូអាជីវកម្មនេះ ពោលគឺមានសមត្ថភាពប្រតិបត្តិក្នុងទីផ្សារទ្រង់ទ្រាយធំ និងទីផ្សារផ្សេងៗ។ អ្វីដែលនៅមើលឃើញនោះគឺថា តើគេអាចប្រើប្រាស់សមត្ថភាពប្រតិបត្តិការរបស់ក្រុមហ៊ុនទាំងនេះបានដល់កម្រិតណាស់នៅពេលនេះដើម្បីទទួលបានប្រាក់ចំណេញផ្នែកហិរញ្ញវត្ថុ»។
លោក Benjaafar កត់សម្គាល់ថា ការខាតបង់របស់ក្រុមហ៊ុន Uber និងក្រុមហ៊ុន Lyft បានកើនឡើង ខណៈដែលក្រុមហ៊ុន Airbnb ទទួលបានប្រាក់ចំណេញ។ ក្រុមហ៊ុនទាំងនេះមានទស្សនាទានដូចគ្នា។
លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ក្រុមហ៊ុនទាំងនេះ «បានបង្ហាញពីភាពរស់រាននៃអាជីវកម្ម ដែលត្រូវបានបង្កើតឡើងពីទស្សនាទាននៃការទុកចិត្តគ្នាក្នុងចំណោមមនុស្សដែលមិនស្គាល់គ្នាសោះ»។
លោកបានបញ្ជាក់ថា៖ «ពួកគេក៏បានបង្ហាញផងដែរ [...] អំពីរបៀបដែលកំណើនដ៏រហ័សនេះអាចត្រូវសម្រេចបានពីការប្រើប្រាស់ទ្រព្យសកម្មតិចតួច ហើយជំនួសមកវិញបើប្រើទ្រព្យសកម្ម ដែលមានស្រាប់ដែលនៅសល់ទំនេរ និងដែលលើសតម្រូវការ និងការពឹងផ្អែកលើកម្លាំងពលកម្មឯករាជ្យ និងការជួលកម្លាំងពលកម្មតាមតម្រូវការ»៕ AFP/LA