សែលកាត ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​កាលពី​ថ្ងៃ​ពុធ​ទី​ ១១ ខែវិច្ឆិកា ឆ្នាំ​ ២០២០ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ (Framework Agreement) ដ៏សំខាន់​មួយ​ជាមួយ​នឹង​ក្រុមហ៊ុន​សាជីវកម្ម ZTE សម្រាប់​ការនាំយក​នូវ​បច្ចេកវិទ្យា 5G និង​ការបង្កើន​សេវា​គ្របដណ្ដប់​ និង​សមត្ថភាព​បច្ចេកវិទ្យា 4G នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

ពិធី​ចុះហត្ថលេខា​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​លោក សុង ចូវុន (Song Chaojun) នាយក​គ្រប់គ្រង​ផ្នែក​វិស្វកម្ម និង​សេវាកម្ម​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​របស់​ក្រុមហ៊ុន ZTE ដោយ​ទន្ទឹមនឹង​នោះដែរ​ក៏​មាន​នូវ​វត្តមាន​ចូលរួម​របស់​គណៈគ្រប់គ្រង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​ក្រុមហ៊ុន ZTE ផងដែរ​។

កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ធ្វើឡើង​ស្របគ្នា​នឹង​កាលៈទេសៈ​ដ៏សំខាន់​សម្រាប់​ក្រុមហ៊ុន​សែលកាត និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ដែល​កំពុង​ដាក់ចេញ​នូវ​ផែនការ​ជា​ផ្លូវការ​ក្នុង​ការនាំយក​នូវ​បច្ចេកវិទ្យា 5G ក៏ដូចជា​ការបង្កើន​នូវ​សេវា​គ្របដណ្ដប់ និង​គុណភាព​របស់​បច្ចេកវិទ្យា 4G LTE ។

កិច្ចព្រមព្រៀង​នេះ​នឹង​នាំមក​នូវ​ការវិនិយោគ​ហិរញ្ញវត្ថុ​ដ៏សំខាន់​មួយ​ដែល​នឹង​ជួយ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ឈានមុខ​គេ​មួយ​នៅក្នុង​តំបន់​ទៅ​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា 5G ។

គួររំឭក​ផងដែរ សែលកាត​ដែល​ជា​ប្រតិបត្តិករ​គ្រប់គ្រង​ដោយ​ជនជាតិ​ខ្មែរ​តែមួយគត់​នៅ​កម្ពុជា និង​ក៏​ជា​ក្រុមហ៊ុន​ដែល​បម្រើ​សេវាកម្ម​យូរ​បំផុត​ដែរ ដោយ​មាន​រយៈពេល​ប្រតិបត្តិការ​រហូត​តទៅ​ដល់ ២៤ ឆ្នាំ បាន​មាន​គម្រោង​ជា​យូរ​មកហើយ​ក្នុងការ​នាំយក​នូវ​បច្ចេកវិទ្យា 5G ហើយ​ទន្ទឹម​នឹង​នោះ​ក្រុមហ៊ុន​ក៏​ចង់​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​របស់​លោក​អគ្គនាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប ក្នុង​ការអភិវឌ្ឍ​វិស័យ​ឌីជីថល​ប្រកប​ដោយ​ភាពជោគជ័យ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។

បន្ថែម​លើ​នេះ ចក្ខុវិស័យ​របស់​អ្នកឧកញ៉ា គិត ម៉េង គឺ​គាំទ្រ​ផ្ទាល់​ទៅលើ​គម្រោង​របស់​រាជរដ្ឋាភិបាល​សម្រាប់​ឧស្សាហកម្ម ៤.០ ពោលគឺ​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ និង​ផលិតផល​ក្នុងស្រុក​សរុប​ហើយ​ក្នុងនោះ​ក៏​ជួយ​ជំរុញ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​ការរស់នៅ​ក្នុងសម័យ​ឌីជីថល​ផងដែរ​។

ក្រុមហ៊ុន Cellcard, Wing Money, Ezecom, CBS និង Digital Sky ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ផ្នែក ICT របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​កំពុង​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ទៅលើ​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​ឌីជីថល​រួមគ្នា​សម្រាប់​ប្រទេស​កម្ពុជា​។

យុទ្ធសាស្ត្រ​នេះ​នឹង​នាំឱ្យមាន​ការផ្លាស់ប្តូរ​ទាំង​ស្រុង​នៃ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ព្រោះថា​តួនាទី​នៃ​ការតភ្ជាប់​ទិន្នន័យ មាតិកា និង​សន្តិសុខ នៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​យើង​នឹង​ត្រូវបាន​ផ្លាស់ប្តូរ ស្រប​នឹង​វត្តមាន​មកដល់​នៃ​បច្ចេកវិទ្យា 5G និង​ការគាំទ្រ​យ៉ាង​ទូលំទូលាយ​នៃ​បច្ចេកវិទ្យា​ដូចជា IoT, Big Data, AI និង VR / AR ជាដើម​។

អ្នកឧកញ៉ា គិត ម៉េង បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​សែលកាត​រួម​ជាមួយ​នឹង​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ផ្នែក ICT របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប​ដទៃទៀត​នឹង​ធានា​ឱ្យបាន​ថា វត្តមាន​នៃ​បច្ចេកវិទ្យា 5G នៅក្នុង​ប្រទេស​កម្ពុជា​នឹង​នាំមក​គុណប្រយោជន៍​យ៉ាង​ធំធេង​ដល់​ផ្នែក​មនុស្សធម៌ ដើម្បី​លើកកម្ពស់​ផ្នែក​សេវា​សុខភាព ការអប់រំ និង​សន្តិសុខ​សម្រាប់​ពលរដ្ឋ​គ្រប់រូប​ក៏ដូចជា​ជួយ​ជំរុញ​ឱ្យ​វិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​មាន​ភាពរឹងមាំ​នាពេល​អនាគត​ផងដែរ​៕