ភ្នំពេញៈ អាជីវកម្មបង្កើតថ្មីឈ្មោះ «សំចត» ដែលផ្តល់សេវាចតយានជំនិះតាមកម្មវិធីទូរស័ព្ទ (Mobile App) នឹងដាក់ឲ្យដំណើរការអំឡុងដើមឆ្នាំនេះ បន្ទាប់ពីគំនិតអាជីវកម្មនេះទើបទទួលជ័យលាភី នៅក្នុងកម្មវិធី Smart Start Young Innovator Program របស់ក្រុមហ៊ុន Smart កាលពីសប្តាហ៍មុន។ នេះបើយោងតាមការឲ្យដឹងពីស្ថាបនិកកម្មវិធី «សំចត» កាលពីថ្ងៃអាទិត្យ។
Smart Start គឺជាកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេងមួយដែលមានគោលបំណងផ្តល់ឱកាសឲ្យកូនខ្មែរ ដែលមានទេពកោសល្យ និងសមត្ថភាពដើម្បីអភិវឌ្ឍគំនិតច្នៃប្រឌិតអំពីវិស័យបច្ចេកវិទ្យា និងឌីជីថលរបស់ពួកគេ។
កញ្ញា នី ច័ន្ទភិជ្ជមៀន សហស្ថាបនិក «សំចត» បានឲ្យដឹងកាលពីម្សិលមិញថា កម្មវិធីថ្មីនេះនឹងដាក់ឲ្យដំណើរការនៅឆ្នាំនេះ ដោយសង្ឃឹមថា នឹងផ្ដល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់យានយន្តក្នុងការទទួលបានសេវាចំណតងាយស្រួល និងយ៉ាងរហ័សជាងមុនតាមរយៈវិស័យបច្ចេកវិទ្យា។
កញ្ញាបញ្ជាក់ថា ម្ចាស់ទីចំណត ដែលភ្ជាប់ជាមួយកម្មវិធីនេះនឹងអាចគ្រប់គ្រងស្ថិតិចំណតយានយន្ត និងអាចគ្រប់គ្រងសាច់ប្រាក់បានងាយស្រួលជាងមុន ដោយចំណាយមនុស្សធ្វើការតិចជាងមុន។
កញ្ញា ច័ន្ទភិជ្ជមៀន ដែលមានវ័យ ២២ ឆ្នាំបានថ្លែងថា៖ «ដោយសារតែសម័យនេះជាសម័យបច្ចេកវិទ្យា យើងចង់ធ្វើបដិវត្តន៍របៀបដែលមនុស្សចតយានយន្ត ដោយផ្លាស់ប្តូរពីរបៀបធម្មតា ដែលពឹងផ្អែកលើសំបុត្រមកប្រើកម្មវិធីតាមទូរស័ព្ទវិញ»។
កញ្ញាបន្តថា៖ «ខ្ញុំគិតថា វាជាអាជីវកម្មមួយដែលមានទំហំធំ។ វានឹងក្លាយជាកម្មវិធីដែលផ្តល់សេវាចតយានយន្តដោយប្រើប្រាស់បច្ចេកវិទ្យាដំបូងគេបង្អស់នៅកម្ពុជា»។
«សំចត» មិនទាន់បានសហការជាដៃគូជាមួយទីតាំងចំណតណាមួយនៅឡើយទេ រហូតមកដល់ពេលនេះ ដោយសារតែក្រុមនេះទើបស្ថិតក្នុងដំណាក់កាលនៃការបង្ហាញគំនិត ដល់ដៃគូជាប់ពាក់ព័ន្ធ។ កញ្ញា ច័ន្ទភិជ្ជមៀន បានឲ្យដឹងថា «សំចត» នឹងទាក់ទងទីតាំងចំណតនៅតាមសាលារៀន និងនៅទីផ្សារនានា ដើម្បីភ្ជាប់ជាមួយកម្មវិធីនេះនៅជំហានដំបូង ហើយនឹងព្យាយាមពង្រីកភាពជាដៃគូជាមួយទីតាំងផ្សេងទៀតនៅពេលក្រោយ។
ទោះបីយ៉ាងនេះក្តី កញ្ញាបានឲ្យដឹងថា ម្ចាស់ទីតាំងចំណតមួយចំនួន បានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេជាមួយគំនិតអាជីវកម្មនេះ និងទទួលស្គាល់ថា កម្មវិធីបង្កើតក្នុងស្រុកនេះ នឹងជួយសម្រួលមធ្យោបាយដែលពួកគេធ្វើអាជីវកម្ម។ ការទូទាត់តាមសេវានេះនឹងធ្វើឡើងជាសាច់ប្រាក់នៅពេលចាប់ផ្ដើមដំបូង ប៉ុន្តែនឹងធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិកនៅពេលក្រោយ។
គំនិតអាជីវកម្មរបស់ «សំចត» ស្ថិតក្នុងចំណោមក្រុមគំនិត ៤ ផ្សេងទៀត ដែលត្រូវបានជ្រើសរើស ប្រកួតប្រជែងរបស់ SmartStart Young Innovator Program Cycle 2 នៅតង់ចុងក្រោយ។ តាំងពីខែមិថុនា ឆ្នាំមុនម្ល៉េះ ដែល «សំចត» និងស្ថាបនិករបស់គំនិតអាជីវកម្ម ៤ ផ្សេងទៀត បានទទួលប្រាក់ ៤ ០០០ ដុល្លារ និងទទួលបានការបណ្តុះបណ្តាលកម្មវិធីអភិវឌ្ឍអាជីវកម្មរយៈពេល ៦ ខែ ជាមួយ Impact Hub មុននឹងធ្វើការប្រកួតប្រជែងចុងក្រោយ។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន «សំចត» ត្រូវបានជ្រើសរើសជាអ្នកទទួលបានជយលាភី និងទទួលបានការឧបត្ថមទាំងស្រុងក្នុង «ដំណើរបច្ចេកវិទ្យា» នៅប្រទេស សិង្ហបុរី ដើម្បីធ្វើទស្សនកិច្ចក្រុមហ៊ុន Facebook ក្រុមហ៊ុន Google និង Microsoft។
លោក Thomas Hundt អគ្គនាយកក្រុមហ៊ុន Smart Axiata បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះថា គំនិតផ្ដួចផ្ដើមរបស់ «សំចត» បង្ហាញថា បរិយាកាសអាជីវកម្មបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា កំពុងរីកចម្រើន និងត្រូវបានជំរុញដោយទេពកោសល្យដ៏អស្ចារ្យ។
លោកថ្លែងថា៖ «វាជាសញ្ញាវិជ្ជមានមួយសម្រាប់ចក្ខុវិស័យរួមរបស់យើងនៃសេដ្ឋកិច្ចឌីជីថលប្រកបដោយស្ថិរភាពរបស់កម្ពុជា»៕LA