ភ្នំពេញៈ អ្នកស្រី​ ហេង ឈុនលៀង ដែល​មាន​អាយុ​​ ៤០ ឆ្នាំ​បាន​ចាប់​ផ្ដើម​បើកបរ​តាក់​ស៊ី​ឲ្យ Uber ជា​ក្រុមហ៊ុន​ហៅ​តាក់ស៊ី​ជិះ​ឈាន​មុខ​គេ​មាន​មូលដ្ឋាន​នៅ​អាមេរិក​រយៈពេល​​ ៤ ខែ​កន្លង​​មក​ហើយ​ ដើម្បី​​រក​ប្រាក់​​បន្ថែម​​លើ​​ចំណូល​របស់​អ្នកស្រី​ដែល​ជា​អ្នក​បណ្ដុះបណ្ដាល​ផ្នែក​កែសម្ផស្ស​។ ​

ការសម្រេចចិត្ត​នេះ​មិនមែន​ធ្វើ​ឡើង​ដោយ​ងាយស្រួល​នោះ​ទេ អ្នកស្រី​មាន​ការ​បារម្ភ​អំពី​សុវត្ថិភាព​របស់​អ្នកស្រី​មុន​ពេល​ទទួល​យក​ការងារ​នេះ ប៉ុន្តែ​ដោយសារ​ស្ថានភាព​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​បាន​បង្ខំ​ឲ្យ​អ្នកស្រី​ត្រូវ​ទទួល​ការងារ​នេះ​។

អ្នកស្រី​ថ្លែង​ថា​៖ «​ខ្ញុំ​មិនមាន​អាជីវកម្ម​ផ្ទាល់​ខ្លួន​ទេ ហើយ​ខ្ញុំ​មិន​មាន​ជំនាញ​អ្វី​ដើម្បី​ធ្វើ​ការងារ​ផ្សេង​ទៀត​នោះ​ដែរ ដូច្នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​ជា​អ្នក​បើកបរ​តាក់ស៊ី បន្ទាប់ពី​ខ្ញុំ​បាន​ឃើញ​ព័ត៌មាន​អំពី​ក្រុមហ៊ុន Uber [​ដែល​ចាប់ផ្ដើម​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​]»​។

អ្នកស្រី​បន្ថែម​ថា មិត្តភកិ្ត និង​គ្រួសារ​របស់​អ្នកស្រី​មិន​ពេញ​ចិត្ត​ការសម្រេច​ចិត្ត​របស់​អ្នកស្រី​ក្នុង​ការចាប់ផ្ដើម​ធ្វើ​ការងារ​នេះ​។ អ្នកស្រី​បន្ត​ថា​៖ «​ខ្ញុំ​មាន​ការ​បារម្ភ​អំពី​សន្ដិសុខ​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ត្រូវការ​ប្រាក់​ដើម្បី​ជួយ​ដល់​គ្រួសារ​របស់​ខ្ញុំ​»​។

មិនមាន​អ្នក​បើកបរ​ជា​ស្ដ្រី​ច្រើន​នោះ​ទេ​ដែល​ចាប់​យក​របរ​បើក​តាក់​ស៊ី​តាមរយៈ​ការប្រើប្រាស់​កម្មវិធី​ហៅ​តាក់ស៊ី​ជិះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លើស​ពី​នេះ​ក៏​គ្មាន​កម្មវិធី​ហៅ​តាក់ស៊ី​ជិះ​ផ្សេង​ទៀត​ក្នុង​ចំណោម​កម្មវិធី​ទាំងនេះ​បាន​រាយការណ៍​ពី​ការចុះ​ឈ្មោះ​អ្នក​បើកបរ​ជា​ស្ដ្រី​សម្រាប់​សេវា​ម៉ូតូ​កង់​ ៣ រ៉ឺម៉ក​ម៉ូតូ ឬ​សេវា​ហៅ​ម៉ូតូឌុប​ជិះ​នោះ​ដែរ​។

យោង​តាម​ប្រតិបត្តិករ​មួយ​ចំនួន​ក្នុង​ចំណោម​កម្មវិធី​ទាំងនេះ​ស្ដ្រី​ទំនង​ជា​មាន​តិច​ជាង​បុរស ដោយសារ​តែ​ពួកគេ​យល់​ថា វា​ពិបាក​ខ្លាំង​ក្នុង​ការប្រតិបត្តិការ​កម្មវិធី​ហៅ​តាក់ស៊ី​ជិះ​នេះ ដែល​មិន​ដូច​ការងារ​នៅ​ខាង​ក្រៅ​ទេ ហើយ​ពួកគេ​ចង់​ស្វែងរក​ឱកាស​ការងារ​ផ្សេង​ទៀត ខណៈ​បញ្ហា​សំខាន់​បំផុត​សម្រាប់​អ្នក​បើកបរ​ជា​ស្ដ្រី​គឺ​សុវត្ថិភាព​។

អ្នកស្រី ឈុនលៀង ថ្លែង​ថា​អ្នកស្រី​បើកបរ​ភាគច្រើន​នៅពេល​រសៀល បន្ទាប់ពី​ការចេញ​ពី​ការងារ​ប្រចាំ​ថ្ងៃ​របស់​អ្នកស្រី ហើយ​អ្នកស្រី​មិន​បើកបរ​លើសពី​ម៉ោង​ ១១ ​យប់​នោះ​ទេ ដោយសារ​តែ​ការបារម្ភ​ពី​ការហៅ​ជិះ​ដោយ​អ្នកដំណើរ​ជា​បុរស​ស្រវឹងស្រា​នៅពេល​យប់​ជ្រៅ​។ អ្នកស្រី​ថ្លែង​ថា​៖ «​ខ្ញុំ​ប្រឈម​នឹង​អតិថិជន​ស្រវឹង​ស្រា​ម្នាក់​ដែល​បាន​ស្នើឲ្យ​ខ្ញុំ​ដឹក​ទៅ​ឆ្ងាយ [​ជាង​ទិសដៅ​ដែល​គាត់​បាន​កំណត់​នៅក្នុង​កម្មវិធី​]»​។ អ្នកស្រី​បន្ត​ថា​៖ «​ខ្ញុំ​ភ័យខ្លាច ហើយ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​មិន​បើក​ទៅ​មុខ​ទេ​»​។

ទោះបី​យ៉ាង​ណា​អ្នកស្រី​ថ្លែង​ថា​អ្នកស្រី​ជំរុញ​ឲ្យ​ស្ដ្រី​ផ្សេង​ទៀត​បើកបរ​ឲ្យ​កម្មវិធី​ហៅ​តាក់ស៊ី​ជិះ​ផង​ដែរ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ម៉ោង​ដែល​អាច​បត់បែន​បាន ហើយ​រក​បាន​ប្រាក់​ច្រើន​។

អ្នកស្រី ជា រ៉េនូ ស្ថាបនិក Motogirltours ដែល​ដំណើរការ​ដោយ​ស្ដ្រី​នៅ​ទីក្រុង​ភ្នំពេញ បាន​ថ្លែង​ថា​អ្នកស្រី​នឹងត្រូវ​តែ​គិត​ឲ្យ​បាន​ដិតដល់​អំពី​ការចុះឈ្មោះ​បើកបរ​ឲ្យ​កម្មវិធី​ហៅ​តាក់ស៊ី​ជិះ​។

នៅពេល​ត្រូវ​សួរ​ថា តើ​អ្នកស្រី​មាន​ចំណាប់​អារម្មណ៍​ក្នុង​​កម្មវិធី​ហៅ​តាក់ស៊ី​ជិះ​ដែល​ប្រតិបត្តិការ​លើ ម៉ូតូ រ៉ឺម៉កម៉ូតូ ឬ​ម៉ូតូ​កង់​៣ ឬទេ​? អ្នកស្រី​ថ្លែង​ថា​៖ «​ខ្ញុំ​ត្រូវ​គិត​មើល​សិន​»​។

អ្នកស្រី​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា ការដឹក​ភ្ញៀវ​ក្នុង​ស្រុក​មាន​ការ​ភ័យខ្លាច​ជាង​ការដឹក​ជនបរទេស ដោយសារ​តែ​ជាមួយ​ភ្ញៀវទេសចរ​យើង​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព នេះ​ជា​ប្រទេស​របស់​យើង ហើយ​យើង​ដឹង​ទីកន្លែង​ត្រូវ​ទៅ​»​។ អ្នកស្រី​បន្ត​ថា​៖ «​ជាមួយ​ភ្ញៀវ​ជា​បុរស​ជា​ជនជាតិ​យើង យើង​ត្រូវ​តែ​ពិចារណា ដោយសារ​ពួកគេ​ដឹង​គ្រប់​កន្លែង ពួកគេ​អាច​ខ្លាំង​ជាង​អ្នក ហើយ​នាំ​អ្នក​ទៅ​ទីកន្លែង​ជាច្រើន និង​អាច​ធ្វើ​បាប​អ្នក​»​។

អ្នកស្រី​បាន​ទទួល​ស្គាល់​ថា​ស្ដ្រី​ដែល​អ្នកស្រី​បាន​និយាយ​ទៅ​កាន់​មាន​មូលហេតុ​ផ្សេង​ទៀត​ដែល​មិន​ចង់​បើកបរ ទាំង​ឲ្យ​ក្រុមហ៊ុន​ទេសចរណ៍ ឬ​កម្មវិធី​ហៅ​តាក់ស៊ី​ជិះ​នេះ​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​ខ្ញុំ​គិត​ថា វា​ជា​ការងារ​ពិបាក [​សម្រាប់​ស្ដ្រី​] ក្នុង​ការ​បើកបរ​រ៉ឺម៉ក​ម៉ូតូ ឬ​ម៉ូតូ​ពេញ​មួយ​ថ្ងៃ អ្នក​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ច្រើន​»​។ អ្នកស្រី​បន្ត​ថា​៖ «​ប៉ុន្តែ​ខ្ញុំ​គិត​ថា ពួកគេ​មាន​ការភ័យខ្លាច​ផង​ដែរ ពី​ការឈឺចាប់ ឬ​កេរ្ដិ៍ឈ្មោះ​របស់​ពួកគេ​ត្រូវ​រង​ផលប៉ះពាល់​»​។

លោក តុប និមល ស្ថាបនិក PassApp ជា​កម្មវិធី​ហៅ​តាក់ស៊ី​ជិះ​ក្នុង​ស្រុក​បាន​ពន្យល់​ថា​ក្នុង​ចំណោម​អ្នកបើកបរ​របស់​លោក​ដែល​ចុះឈ្មោះ លោក​មាន​ស្ដ្រី​ ២ ​ឬ​ ៣ ​នាក់​ប៉ុណ្ណោះ ដែល​ចុះ​ឈ្មោះ​សម្រាប់​សេវា​ហៅ​តាក់ស៊ី​ជិះ​របស់​លោក ដែល​លោក​បាន​ទទួល​ស្គាល់​ថា​ស្ដ្រី​ចង់​បាន​ផាសុកភាព​នៃ​រថយន្ត​មាន​ម៉ាស៊ីន​ត្រជាក់​ជាង​ការ​បើក​រ៉ឺម៉ក​ម៉ូតូ ឬ​ម៉ូតូ​កង់​ ៣ ដែល​កម្មវិធី​លោក​ផ្ដល់​ជូន​។

ប៉ុន្តែ​លោក​ថ្លែង​ថា​បុគ្គលិក​របស់​លោក​ដឹង​ថា អ្នកបើកបរ​ជា​ស្ដ្រី​ប្រឈម​នឹង​គ្រោះថ្នាក់​ច្រើន​ជាង​បុរស ប៉ុន្តែ PassApp មិន​បាន​ផ្ដល់​ការបណ្ដុះបណ្ដាល​សុវត្ថិភាព​ជាក់លាក់​ដល់​អ្នកបើកបរ​ជា​ស្ដ្រី​របស់​ខ្លួន​ទេ​។ លោក​ថ្លែង​ថា​៖ «​បុគ្គលិក​របស់​ខ្ញុំ​ផ្ដល់​យោបល់ [​ដល់​អ្នក​បើកបរ​ជា​ស្ដ្រី​] ​អំពី​សន្ដិសុខ​»​។

លោក​បន្ត​ថា​៖ «​យើង​ប្រកាស​ដល់​ពួកគេ​ថា ការបើកបរ​នៅ​ពេល​យប់​វា​មាន​គ្រោះថ្នាក់ ហើយ​ស្ដ្រី​គួរ​តែ​ធ្វើ​ការងារ​នៅ​ពេល​ថ្ងៃ ប៉ុន្តែ​វា​អាស្រ័យ​លើ​ពួកគេ ទោះបី​យ៉ាង​ណា​យើង​គ្រាន់​តែ​ជូន​ដំណឹង​ដល់​ពួកគេ​ថា ពេល​ថ្ងៃ​មាន​សុវត្ថិភាព​ជាង​»​។

មិនមែន​មាន​តែ​កម្មវិធី PassApp នេះ​មួយ​ទេ​ដែល​ខ្វះ​ការបណ្ដុះបណ្ដាល​សុវត្ថិភាព​របស់​ខ្លួន កម្មវិធី​ហៅ​តាក់ស៊ី​ជិះ​ទាំង​ ៤ ​ទៀត​ក៏​មិន​បាន​បង្កើត​ការបណ្ដុះបណ្ដាល​ស្ដ្រី​ជាក់លាក់​សម្រាប់​អ្នក​បើកបរ​របស់​ពួកគេ​នោះ​ទេ​។

Uber ដែល​មាន​ស្ដ្រី​តិចតួច​បើកបរ​ឲ្យ​កម្មវិធី​របស់​ខ្លួន ឈរ​យ៉ាង​រឹងមាំ​លើ​ការសម្រេចចិត្ត​ក្នុង​ការ​បណ្ដុះបណ្ដាល​អ្នកបើកបរ​ដែល​ចុះឈ្មោះ​ទាំងអស់​ដោយ​ស្មើភាព​គ្នា ដោយ​បញ្ជាក់​ថា ផ្ដល់​ការមិន​បណ្ដុះបណ្ដាល​សុវត្ថិភាព​ជាក់លាក់​ដល់​ស្ដ្រី នឹង​បង្ហាញ​ពី​ទម្រង់​នៃ​ការរើសអើង​។

លោក ជីន ប៉ូលី តំណាង​ក្រុមហ៊ុន Uber បាន​ថ្លែង​ថា​៖ «​យើង​មិន​រើសអើង​អ្វី​ទាំងអស់​ក្នុង​អំឡុង​ការបណ្ដុះបណ្ដាល​របស់​យើង [​ដូច្នេះ​យើង​មិន​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ដាច់​ដោយ​ឡែក​ដល់​ស្ដ្រី​នោះ​ទេ​] ប៉ុន្តែ​ខ្ញុំ​ផ្ទាល់​នឹង​យកចិត្ត​ទុកដាក់​ខ្លាំង​លើ​ស្ដ្រី [​ក្នុង​អំឡុង​ការបណ្ដុះបណ្ដាល​] ដោយសារ​តែ​ពួកគេ​ត្រូវការ​វា​»​។ លោក​បន្ត​ថា​៖ «​ពួកគេ​គ្រាន់​តែ​មាន​ចំណេះដឹង​តិចតួច​ប៉ុណ្ណោះ​»​។

លោក ហ៊ ដាលុច ស្ថាបនិក​ក្រុមហ៊ុន ExNet បាន​ថ្លែង​ថា​លោក​មាន​ស្ដ្រី​ ២ ​នាក់​ប៉ុណ្ណោះ​ដែល​ចុះ​ឈ្មោះ​ក្នុង​កម្មវិធី​របស់​លោក ហើយ​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ជ្រើសរើស​អ្នកបើកបរ​ជា​បុរស​ច្រើន​ជាង ប៉ុន្តែ​លោក​បន្ថែម​ថា ការបណ្ដុះបណ្ដាល​សុវត្ថិភាព​នឹង​ជួយ​គាត់​បង្កើន​ចំនួន​ការចុះ​ឈ្មោះ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា​សម្រាប់​ស្ដ្រី ពួកគេ​មិន​អាច​លើក​របស់​ធ្ងន់ៗ​បាន​ទេ ដូច្នេះ​ពួកគេ​មិន​ចង់​បើក​ម៉ូតូ​កង់​ ៣ ឬ​​រ៉ឺម៉ក​ម៉ូតូ​ទេ​»​។ លោក​បាន​បន្ត​ថា​៖ «​ស្ដ្រី​ចង់​បង្រៀន​ជាង​ការបើកបរ​។ ពួកគេ​អាច​ធ្វើអ្វីៗ​ក្រៅពី​ការបើកបរ​»៕ LA

រាយការណ៍​បន្ថែមៈ ចេង សុខហ័ង