ភ្នំពេញៈ ស្ថានទូតអាមេរិកប្រចាំកម្ពុជា និងសភាពាណិជ្ជកម្មអាមេរិក (AmCham) បានចុះហត្ថលេខាលើផែនការការងាររួមមួយ ដើម្បីបង្កើនសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគរបស់អាមេរិកចូលមកប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
ផែនការការងារនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ២ ខែមេសារវាងលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងលោក Anthony Galliano ប្រធានសភាពាណិជ្ជកម្មអាមេរិក (AmCham)។ ស្ថិតក្រោមផែនការការងាររួមនេះទាំងស្ថានទូតអាមេរិក និងសភាពាណិជ្ជកម្មអាមេរិកនឹងធ្វើការងាររួមគ្នាលើគោលបំណងសំខាន់ ៤ ដែលផ្ដោតលើការលើកកម្ពស់ពាណិជ្ជកម្មអាមេរិក បង្កើនការយល់ដឹងម៉ាកយីហោ និងស្ដង់ដាអាមេរិក និងគាំទ្រការលក់ផលិតផល និងសេវាកម្មអាមេរិក ការពិគ្រោះយោបល់លើគោលនយោបាយផ្ដោតលើការធ្វើឱ្យប្រសើរឡើងបរិយាកាសធុរកិច្ចរបស់កម្ពុជា តាមរយៈការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដែលអាចធ្វើទៅបានជំរុញឱ្យមានការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) បង្កើនភាពជាអ្នកដឹកនាំរបស់ CSR អាមេរិក គាំទ្រសហគមន៍ធុរកិច្ចស្ដ្រីរបស់កម្ពុជា បង្កើនការយល់ដឹង និងជួយដោះស្រាយភាពខុសគ្នាផ្នែកយេនឌ័រដែលកំពុងប្រឈមនឹងសហគ្រិនស្ដ្រីរបស់កម្ពុជា។
លោកឯកអគ្គរដ្ឋទូត Murphy បានឱ្យដឹងក្នុងអំឡុងការចុះហត្ថលេខានេះថា ភាពជាដៃគូនេះនឹងជួយជំរុញធុរកិច្ចអាមេរិកឱ្យមានការរីកចម្រើនកាន់តែខ្លាំងនៅកម្ពុជា ព្រមទាំងដើម្បីបង្កើនការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំង ២ ស្របពេលដែលអាមេរិកគឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា។
លោកបានលើកឡើងក្នុងសុន្ទរកថាថ្លែងបើកកម្មវិធីនេះថា៖ «កិច្ចខិតខំប្រឹងប្រែងរួមបញ្ចូលគ្នានេះ គឺធ្វើឡើងដើម្បីលើកកម្ពស់ធុរកិច្ចអាមេរិក និងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងអាមេរិក និងកម្ពុជា ពង្រីកការនាំចេញរបស់អាមេរិកនៅទីនេះ នៅក្នុងប្រទេសកម្ពុជា និងបង្កើនការវិនិយោគ និងពាណិជ្ជកម្មនៅក្នុងទិសដៅទាំង ២»។
លោក Anthony បានឱ្យដឹងថា បច្ចុប្បន្នផលិតផលអាមេរិកនៅកម្ពុជាមាននៅគ្រប់ទីកន្លែងទៅដល់ប្រជាជនជារៀងរាល់ថ្ងៃ ជាពិសេស និងប្រហែលជាមានឥទ្ធិពលខ្លាំងបំផុតលើផលិតផលរបស់ប្រទេសផ្សេងទៀត។ វត្តមានអាមេរិក មិនត្រូវមើលស្រាលនោះទេ ដោយសារតែកិច្ចព្រមព្រៀងផលិតផលល្អ គឺអរូបី។
លោកបញ្ជាក់ថា ជាឧទាហរណ៍ ក្រុមហ៊ុន Facebook ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Amazon ក្រុមហ៊ុន Google ក្រុមហ៊ុន WhatsApp និងក្រុមហ៊ុន Coca Cola ត្រូវបានប្រើប្រាស់រាល់ថ្ងៃយ៉ាងទូលំទូលាយ ខណៈដែលក្រុមហ៊ុនទូរស័ព្ទ Apple ក្រុមហ៊ុន Dell Computers ក្រុមហ៊ុន Hewlett Packard Printers រថយន្តដឹកទំនិញ Fuso និងក្រុមហ៊ុនត្រាក់ទ័រ John Deere ទទួលបានចំណែកទីផ្សារដ៏ធំនៅកម្ពុជា។
ចំណែកឯ Burger King ក៏មានភាពលេចធ្លោ និងពេញនិយមយ៉ាងខ្លាំងផងដែរ។ យីហោ Pizza របស់ក្រុមហ៊ុន Domino ក្រុមហ៊ុន Kentucky Fried Chicken ក្រុមហ៊ុន Dairy Queen ក្រុមហ៊ុន Carl''s Junior ក្រុមហ៊ុន Papa John''s Pizza និងក្រុមហ៊ុន Louisiana Famous Fried Chicken គឺជាយីហោអាហាររហ័សដ៏ពេញនិយមបំផុត។
លោកថ្លែងថា៖ «ខណៈដែលទីផ្សារប្រទេសកម្ពុជាមានការរីកចម្រើនលើប្រាក់ចំណូលដែលអាចចំណាយបានមានការកើនឡើង តម្លាភាពល្អប្រសើរឡើង និងហេដ្ឋារចនាសម្ព័ន្ធបន្តការអភិវឌ្ឍយ៉ាងរហ័ស ក្រុមហ៊ុនអាមេរិកជាច្រើននឹងចូលមកវិនិយោគជាក់ជាមិនខាន»។
លោក Anthony លើកឡើងថា៖ «កាលពីពេលកន្លងមក ផ្នែកចំណីអាហារ និងភេសជ្ជៈបចេ្ចកវិទ្យា រថយន្ត និងការអប់រំគឺជាវិស័យដ៏សំខាន់នៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ដោយសារតែការវិវឌ្ឍទីផ្សារមូលធន និងប្រាក់សន្សំតាមរយៈប្រាក់សោធននិវត្តន៍ និងការអភិវឌ្ឍមូលនិធិវិនិយោគ ខ្ញុំរំពឹងថា ការចាប់អារម្មណ៍នឹងបង្កើនល្បឿនពីវិស័យសេវាហិរញ្ញវត្ថុ។ កម្ពុជាកំពុងដោះស្រាយកង្វះថាមពលអគ្គិសនី និងបញ្ហាតម្លៃ ដែលនឹងជំរុញក្រុមហ៊ុនផលិតនានាឱ្យជ្រើសរើសយកប្រទេសកម្ពុជាជាទីតាំងជំនួសប្រទេសថៃ វៀតណាម និងឥណ្ឌូនេស៊ី»។
ទិន្នន័យបានពីការិយាល័យជំរឿនអាមេរិកបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកមានជិត ៧ ពាន់លានដុល្លារកាលពីឆ្នាំ ២០២០ កើនឡើង ១៧,៨៩ ភាគរយធៀបនឹងឆ្នាំ ២០១៩។
ការនាំចេញទំនិញកម្ពុជាមានតម្លៃជិត ៦,៦ ពាន់លានដុល្លារ កើនឡើង ២២,៧៩ ភាគរយធៀបនឹងជាង ៥,៣ ពាន់លានដុល្លារដែលបានបង្ហាញកាលពីឆ្នាំ ២០១៩ ខណៈដែលការនាំចូលទំនិញពីអាមេរិកមានតម្លៃ ៣៤៣,៦ លានដុល្លារ ធ្លាក់ចុះ ៣៣,១៥ ភាគរយ ធៀប ៥១៤ លានដុល្លារ។
កម្ពុជាបាននាំចេញភាគច្រើនដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប និងគ្រឿងផ្គុំអេឡិចត្រូនិកទៅអាមេរិក ខណៈដែលនាំចូលជាច្រើននូវរថយន្ត គ្រឿងអេឡិចត្រូនិក និងផលិតផលសម្រេចផ្សេងទៀត៕LA