ភ្នំពេញៈ ក្រុមហ៊ុន Smart Axiata បានបញ្ចប់ការសាងសង់ជាស្ថាពរស្ថានីយបណ្តាញថ្មីចំនួន ៦៨ ទីតាំងក្នុងខេត្តសៀមរាបដែលជាផ្នែកមួយនៃគម្រោងវិនិយោគទឹកប្រាក់ ៩០ លានដុល្លារក្នុងឆ្នាំ ២០២១ ដើម្បីពង្រីក និងបង្កើនគុណភាពនៃបណ្ដាញទូរគមនាគមន៍របស់ខ្លួននៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបានចុះផ្សាយកាលពីថ្ងៃទី ២១ ខែមេសាឲ្យដឹងថា ស្ថានីយបណ្តាញដែលទើបតែត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរក្នុងខេត្តសៀមរាបគឺស្ថិតក្នុងគម្រោងការពង្រីកស្ថានីយបណ្តាញថ្មីចំនួន ៣៥០ ទីតាំង ដែលត្រូវបានប្រកាសជាសាធារណៈដោយក្រុមហ៊ុន Smart កាលពីខែមុន។
គម្រោងការពង្រីកស្ថានីយបណ្តាញថ្មីនឹងបង្កើនគុណភាពសេវា 4G LTE របស់ក្រុមហ៊ុន Smart សម្រាប់អ្នកប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា ព្រមទាំងធានាឲ្យបានថាបណ្ដាញទូរគមនាគមន៍បានត្រៀមរួចរាល់ក្នុងការផ្ដល់ជូនតាមតម្រូវការរបស់អតិជនដែលកំពុងតែកើនឡើងនាពេលការផ្ទុះរីករាលដាលនៃវិរុសកូវីដ១៩ និងស្ថានភាពនៃការបិទខ្ទប់នេះ។
ដើម្បីបង្ហាញនូវគុណភាពនៃស្ថានីយបណ្តាញ និងសេវាគ្របដណ្ដប់ក្នុងខេត្តសៀមរាប ក្រុមហ៊ុន Smart បានកំពុងផ្ដល់ជូនទិន្នន័យអ៊ីនធឺណិតចំនួន 1GB ឥតគិតថ្លៃដល់អតិថិជននៅក្នុងខេត្តសៀមរាប ដែលកំពុងប្រើប្រាស់គម្រោងបង់ជាមុនរហូតដល់ថ្ងៃទី ២១ ខែឧសភា ដោយពួកគេអាចទទួលយកការផ្ដល់ជូននេះតាមរយៈកម្មវិធី SmartNas នៅពេលណាក៏បានអំឡុងខែនេះ។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍កម្ពុជាមានសារៈសំខាន់ជាងពេលណាទាំងអស់ ហើយក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុនគេដែលខិតខំប្រឹងប្រែងធ្វើឱ្យជីវិតកាន់តែប្រសើរ យើងយល់ពីករណីបន្ទាន់ ហើយយើងនឹងបន្តផ្តល់មធ្យោបាយទំនាក់ទំនងល្អបំផុតដល់ពលរដ្ឋកម្ពុជា ពិសេសក្នុងពេលវេលាដ៏សំខាន់មួយនេះ។
អតិថិជនរបស់យើងក្នុងខេត្តសៀមរាប ឥឡូវនេះអាចរីករាយក្នុងការប្រើប្រាស់បណ្ដាញទូរគមនាគមន៍របស់យើង ដែលត្រូវបានបង្កើនគុណភាព និងល្បឿនក្រោយបញ្ចប់ការសាងសង់ស្ថានីយបណ្តាញពាសពេញខេត្ត ដែលនឹងបន្ធូរបន្ថយភាពលំបាកមួយចំនួនដែលត្រូវបានបង្កឡើងដោយវិធានការបិទខ្ទប់»។
បច្ចុប្បន្ន ក្រុមហ៊ុន Smart មានស្ថាននីយបណ្តាញប្រហែល ៣ ០០០ ទីតាំងនៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែលអនុញ្ញាតឱ្យអតិថិជនចំនួន ៨ លាននាក់ទទួលបានបទពិសោធន៍ឌីជីថលពិសេសលើបណ្តាញ 4G LTE ដែលផ្ដល់សេវាជូនប្រជាពលរដ្ឋចំនួន ៩១,៥% នៃចំនួនប្រជាជន។ ក្នុងខណៈពេលដែលអតិថិជន Smart បានផ្ដើមការប្រើប្រាស់ 4G យ៉ាងឆាប់រហ័ស ក្រុមហ៊ុន Smart ក៏កំពុងបញ្ឈប់បណ្ដាញសេវា 3G របស់ខ្លួនសន្សឹមៗនៅក្នុងឆ្នាំ ២០២១ ដោយផ្លាស់ប្ដូរវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុដែលសល់ពីបណ្ដាញសេវា 3G ទៅជា 4G៕