ក្រុង​ប៉េកាំងៈ លោក​ Ren Zhengfei ស្ថាបនិក​​ក្រុមហ៊ុន Huawei ​​កាល​ពី​ថ្ងៃ​អង្គារ​មិន​បាន​បារម្ភ​ពី​ការ​ប៉ុនប៉ង​​របស់​អាមេរិក​ក្នុង​ការ​រារាំង​មហិច្ឆតា​ពិភព​លោក​របស់​ក្រុមហ៊ុន​របស់​លោក​ ដោយ​​លើក​ឡើង​ថា​ អាមេរិក​មើល​ស្រាល​ភាព​ខ្លាំង​​​របស់​​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈាន​មុខ​គេ​មួយ​នេះ​​។​​

លោក Ren បាន​ថ្លែង​ទៅ​កាន់​​ប្រព័ន្ធ​ព័ត៌មាន​របស់​ចិន​​ប៉ុន្មាន​​​​ថ្ងៃ​បន្ទាប់​ពី​​លោក​​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​ចេញ​​បញ្ជា​ ដែល​ធ្វើ​ឡើង​​ក្នុង​​​គោល​បំណង​រារាំង​ពាណិជ្ជកម្ម​របស់​​​ក្រុមហ៊ុន​ Huawei នៅ​អាមេរិក​ដែល​ជា​វិធានការ​​ចុង​ក្រោយ​បំផុត​​​ក្នុង​​កិច្ច​​ប្រឹងប្រែង​អស់​រយៈពេល​ជា​ច្រើន​ខែ​ ដើម្បី​​​បញ្ឈប់​​​​ក្រុមហ៊ុន​ទូរគមនាគមន៍​របស់​ចិន​នេះ​​មិន​ឲ្យ​ឡើង​ទៅ​កាន់​តំណែង​កំពូល​ខាង​ការ​​ប្រកួត​ប្រជែង​​​បច្ចេកវិទ្យា​ជំនាន់​ក្រោយ​ 5G។​

លោក​បាន​ថ្លែង​ថា​៖ «​ការ​អនុវត្ត​បច្ចុប្បន្ន​របស់​​ក្រុម​អ្នក​នយោបាយ​អាមេរិក​​មើល​ស្រាល​ភាព​ខ្លាំង​​របស់​យើង​»។ នេះ​បើ​យោង​តាម​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​រដ្ឋ​ចិន។​

លោក​បាន​លើក​ឡើង​ថា៖ «​ប្រព័ន្ធ 5G របស់​ក្រុមហ៊ុន​នឹង​មិន​ត្រូវ​រង​ផល​ប៉ះពាល់​ជា​ដាច់​ខាត​។ ទាក់ទង​នឹង​បច្ចេកវិទ្យា​ 5G ​ក្រុមហ៊ុន​ផ្សេង​ទៀត​នឹង​​មិន​​អាច​តាម​ទាន់​​ក្រុមហ៊ុន Huawei ក្នុង​រយៈពេល ​២ ឬ​ ៣ ឆ្នាំ​ទៀត​នោះ​ទេ​»។​

កាល​ពី​សប្ដាហ៍​មុន ​លោក​ត្រាំ បាន​ប្រកាស​ «​អាសន្ន​ជាតិ» ដែល​ផ្ដល់​អំណាច​ដល់​លោក ក្នុងការ​ចុះ​បញ្ជី​ខ្មៅ​​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​មើល​ឃើញ​ថា ជា «​ហានិភ័យ​ដែល​មិន​អាច​ទទួល​យក​បាន​ចំពោះ​សន្ដិសុខ​ជាតិ​របស់​អាមេរិក​» ពោល​គឺ​ជា​វិធានការ​មួយ​ដែល​ក្រុម​អ្នក​វិភាគ​បាន​ឲ្យ​ដឹង​យ៉ាង​ច្បាស់​ថា ​បាន​សំដៅ​លើ​ក្រុមហ៊ុន​ Huawei ។​

ជាមួយ​គ្នា​នេះ​ដែរ ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​​​​ប្រកាស​​​ហាម​​មិន​ឲ្យ​ក្រុមហ៊ុន​​អាមេរិក លក់ ឬ​ផ្ទេរ​បច្ចេកវិទ្យា​អាមេរិក​​ទៅ​ឲ្យ​ក្រុមហ៊ុន Huawei។​

មិន​អាច​ដាក់​ឲ្យ​​នៅ​ឯកោ

ក្រុមហ៊ុន Google ដែល​ជា​​ក្រុមហ៊ុន​អ៊ីនធឺណិត​ឈាន​មុខ​គេ​របស់​អាមេរិក​ ហើយ​​ប្រព័ន្ធ​ប្រតិបត្តិការ​ចល័ត Android របស់​ក្រុមហ៊ុន​នេះ​​ភាគ​ច្រើន​ដាក់​​​​ដំណើរការ​​​ក្នុង​ទូរស័ព្ទ​ស្មាតហ្វូន​របស់​​ពិភព​លោក​នោះ បាន​ឲ្យ​ដឹង​នៅ​សប្ដាហ៍​នេះ​ថា ​ក្រុមហ៊ុន​​កំពុង​ចាប់​ផ្ដើម​​កាត់​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​ក្រុមហ៊ុន Huawei ដោយសារ​តែ​បម្រាម​​នេះ​។​

ប្រភព​ដែល​ដឹង​ពី​បញ្ហា​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ថា វិធានការ​នេះ​អាច​មាន​​ភាព​ជំពាក់​ជំពិន​ខ្លាំង​សម្រាប់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន Huawei ដោយសារ​តែ​​​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈាន​មុខ​គេ​មួយ​នេះ នឹង​លែង​​មាន​សិទ្ធិ​ចូល​​ប្រើប្រាស់​​សេវា​​ជា​កម្មសិទ្ធិ​របស់​​ក្រុមហ៊ុន Google ​ទៀត​ហើយ​ ដូចជា​ Gmail និង​កម្មវិធី Google Maps។

ប៉ុន្តែ​​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ បាន​ចេញ​ប្រកាស​​​ពន្យារពេល ​៩០ ថ្ងៃ ​លើ​ការ​ហាម​ឃាត់​​ការ​ផ្ទេរ​បច្ចេកវិទ្យា​នេះ ដោយ​អនុញ្ញាត​​ឲ្យ​មាន​អាជ្ញាប័ណ្ណ​បណ្ដោះ​អាសន្ន​។​

លោក Ren បាន​ថ្លែង​ថា៖ «​អាជ្ញាប័ណ្ណ​បណ្ដោះ​អាសន្ន​រយៈពេល ​៩០ ថ្ងៃ ​មិន​មាន​ផល​​ប៉ះពាល់​ខ្លាំង​លើ​ពួក​យើង​នោះ​ទេ។ យើង​ត្រៀម​ខ្លួន​​រួចរាល់​ហើយ​»។​

ក្រុមហ៊ុន Huawei បាន​ព្យាយាម​​​បន្ធូរ​បន្ថយ​ក្តី​បារម្ភ​របស់​អតិថិជន ដែល​បង្ក​ឡើង​ដោយសារ​ការ​​ប្រកាស​របស់​ក្រុមហ៊ុន​ Google នេះ។​

លោក​ Ren បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន Google កំពុង​ពិភាក្សា​​គ្នា​ពី​របៀប​​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ការ​ហាម​ឃាត់​នេះ ដោយ​លោក​​​បាន​​ហៅ​ក្រុមហ៊ុន​អាមេរិក​​មួយ​នេះ​ថា «​ជា​ក្រុមហ៊ុន​​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​» មួយ។​

អ្នក​នាំពាក្យ​​ក្រុមហ៊ុន Huawei ​ក្នុង​ប្រទេស អូស្រ្តាលី បាន​ឲ្យ​ដឹង​ថា វិធានការ​របស់​អាមេរិក «​នឹង​​មិន​​ប៉ះពាល់​ដល់​អតិថិជន​​» ដែល​មាន​ថេប្ល៊ិត ឬទូរស័ព្ទ​ស្មាតហ្វូន​របស់​ក្រុមហ៊ុន​ Huawei នៅ​ក្នុង​​​​ប្រទេស​នេះ ឬ​អ្នក​ដែល​គ្រោង​នឹង​ទិញ​ទូរស័ព្ទ​នេះ​នៅ​ពេល​អនាគត​ឡើយ​។​

ចំណែក​ឯ​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​គ្រឿង​ផ្គុំ​សំខាន់ៗ​របស់​​ក្រុមហ៊ុន Huawei លោក Ren បាន​ឲ្យ​ដឹង​ថា បន្ទះ​ឈីប​ពាក់​កណ្ដាល​ដែល​ប្រើប្រាស់​នៅ​ក្នុង​ឧបករណ៍​របស់​ក្រុមហ៊ុន​នេះ​បាន​ពី​អាមេរិក និង​ពាក់​កណ្ដាល​ផ្សេង​ទៀត​​ក្រុមហ៊ុន​ផលិត​ដោយ​ខ្លួន​ឯង​។​

លោក Ren ថ្លែង​ថា​៖ «​យើង​មិន​អាច​ដាក់​ឲ្យ​នៅ​​ឯកោ​ពី​ពិភព​លោក​​បាន​នោះ​ទេ​»។​​

លោក​បន្ថែម​ថា​៖ «​យើង​​អាច​​ផលិត​បន្ទះឈីប​ដូច​គ្នា​នឹង​បន្ទះ​ឈីប​របស់​អាមេរិក​បាន ប៉ុន្តែ​វា​មិន​​មាន​ន័យ​ថា យើង​នឹង​មិន​ទិញ​បន្ទះ​ឈីប​ទាំង​នោះ​ទេ​៕ AFP/LA