
សំណង់អគារកំពុងសាងសង់ និងសាងសង់រួចនៅរាជធានីភ្នំពេញ ខណៈវិស័យសំណង់ និង អចលនទ្រព្យ ក៏ជាផ្នែកមួយនៃការរុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។ ស្រេង ម៉េងស្រ៊ុន
ភ្នំពេញៈ ស្ថាប័នហិរញ្ញវត្ថុពិភពលោកធំៗទាំង ៣ បានវាយតម្លៃពីកំណើនសេដ្ឋកិច្ចកម្ពុជាប្រហាក់ប្រហែលគ្នាសម្រាប់ឆ្នាំ ២០១៨ ជាមួយនឹងការព្យាករកំណើនក្នុងរង្វង់ ៧ ភាគរយ ខណៈដែលអត្រានេះនឹងនៅតែរក្សាកំណើនខ្ពស់នៅ ២-៣ ឆ្នាំបន្ទាប់ទៀត។
ធនាគារពិភពលោក កាលពីម្សិលមិញ បានបង្ហាញរបាយការណ៍វាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ហើយបានបង្ហាញថា ប្រទេស កម្ពុជា នឹងមានកំណើនសេដ្ឋកិច្ច ៧ ភាគរយ នៅឆ្នាំនេះ។
របាយការណ៍បញ្ជាក់ថា ៖ «ដោយសារតម្រូវការប្រើប្រាស់ លើសកលលោកឡើងដល់កំពូលក្នុងឆ្នាំនេះកំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងទុកថានឹងនៅរក្សាភាពស្វាហាប់ដដែល មុននឹងថមថយបន្តិចមកនៅ ៦,៨ ភាគរយ ក្នុងឆ្នាំ ២០១៩ និងឆ្នាំ ២០២០។ កំណើនសេដ្ឋកិច្ចខ្លាំង ត្រូវបានរំពឹងទុកថា នឹងនាំឱ្យមានការធ្លាក់ចុះនៃភាពក្រីក្របន្តទៀត»។
យោងតាមធនាគារពិភពលោក ការនាំចេញសម្លៀកបំពាក់ ទំនិញសម្រាប់ការធ្វើដំណើរ និងផលិតផលស្បែកជើង កើនបាន ១៦,២ ភាគរយក្នុងអំឡុង ៦ ខែដំបូងនៃឆ្នាំ ២០១៨ ស្របពេលការនាំចូលក្រណាត់ ដែលជាវត្ថុធាតុដើមសម្រាប់ផលិតសម្លៀកបំពាក់កើន ៣៧,១ ភាគរយក្នុងអំឡុង ៦ ខែដំបូងក្នុងឆ្នាំ ២០១៨ ដែលជាកំណើន ៣ ឆ្នាំជាប់គ្នា។
ការបង្ហាញរបាយការណ៍របស់ធនាគារពិភពលោកត្រូវបានធ្វើឡើង ២ ថ្ងៃបន្ទាប់ពី IMF ដែលបានបង្ហាញថា ប្រទេស កម្ពុជា នឹងទទួលបានកំណើន ៧,២៥ ភាគរយ។
ធនាគារអភិវឌ្ឍន៍អាស៊ី ADB កាលពីសប្តាហ៍មុនក៏បាន ព្យាករកំណើន ៧ ភាគរយដែរសម្រាប់កម្ពុជា។
បើយោងតាមធនាគារពិភពលោក ក្នុងអំឡុង ៦ ខែដំបូងនៃឆ្នាំ ២០១៨ នេះ ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាត្រូវបានប្រមាណឃើញថា បានកើនជិត ១៤,៣ ភាគរយ ក្នុងនោះជាងពាក់កណ្តាលនៃ ការហូរចូលទឹកប្រាក់វិនិយោគគឺមកពីប្រទេស ចិន។
របាយការណ៍ធនាគារពិភពលោកក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលអាចប៉ះពាល់ដល់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ ដែលភាគច្រើនបណ្តាលមកពីកត្តាខាងក្រៅ។
ហានិភ័យធំ ១ គឺអាចចេញពីគោលនយោបាយគាំពារនិយមនៅតាមប្រទេសធំៗដែលកំពុងកើនឡើងជាបន្តបន្ទាប់ និងសង្គ្រាមពាណិជ្ជកម្មដែលអាចបង្កភាពបន្ទច់បង្អាក់ដល់ខ្សែ ចង្វាក់តម្លៃសកល នឹងធ្វើឲ្យវិនិយោគិនធ្លាក់ទឹកចិត្ត ដែលជះផលប៉ះពាល់អាក្រក់មកលើកម្ពុជា និងប្រទេសផ្សេងទៀតដែលតម្រង់ទិសសេដ្ឋកិច្ចទៅរកការនាំចេញ។
ធនាគារពិភពលោក ក៏បានបញ្ជាក់ដែរថា កម្ពុជានៅយឺតជាងគេនៅឡើយក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីបូព៌ា និង ប៉ាស៊ីហ្វិក កាលណាគេនិយាយអំពីគុណភាពរបស់ហេដ្ឋារចនាសម្ព័ន្ធ ហើយនៅពឹងផ្អែកខ្លាំងលើជំនួយ និងហិរញ្ញប្បទានពីបរទេស ដើម្បីសាងសង់បណ្តាញហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។
ដើម្បីរក្សាឲ្យបានកំណើន រឹងមាំក្នុងរយៈពេលមធ្យម កម្ពុជាចាំបាច់ត្រូវកៀរគរការ សន្សំសំចៃក្នុងស្រុកដើម្បីជំរុញការវិនិយោគថែមទៀត៕