ភ្នំពេញៈ ស្ថិរភាព​ថ្លៃ​លក់រាយ​សាច់ជ្រូក និង​ជ្រូក​រស់​កំពុង​ជំរុញ​ឲ្យ​មាន​កំណើន​ការចិញ្ចឹម​នៅតាម​កសិដ្ឋាន និង​គ្រួសារ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​កាត់បន្ថយ​ការនាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​ជិតខាង​។ នេះ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ឈានដល់​ការនាំចេញ​នៅពេល​អនាគត​។ នេះ​បើ​យោងតាម​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​។

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​ដើម​ខែកក្កដា​បាន​ចេញ​សារាចរ​មួយ​ស្តីពី​ការបង្កើន​យុទ្ធនាការ​ជំរុញ​ផលិតកម្ម​កសិកម្ម​នៅក្នុង​ន័យ​បង្កើន​ផលិតកម្ម​ស្បៀងអាហារ និង​ការចិញ្ចឹមសត្វ ដើម្បី​បំពេញ​តម្រូវការ​ក្នុងស្រុក និង​ការនាំចេញ​។

ចំណុច​សំខាន់​មួយ​នៅក្នុង​លិខិត​នោះបាន​សរសេរថា កម្ពុជា​ត្រូវខិតខំ​ជំរុញ​ការ​ចិញ្ចឹមសត្វ ដើម្បី​ធានា​ការផ្គត់ផ្គង់​សាច់ និង​ផលិតផល​សត្វ​សម្រាប់​បំពេញតម្រូវការ​ហូបចុក​របស់​ប្រជាពលរដ្ឋ ដោយ​ត្រូវ​រៀបចំ​យុទ្ធនាការ​បំផុស​ដល់​ប្រជាកសិករ​ដែល​ចិញ្ចឹម​លក្ខណៈ​គ្រួសារ​ឲ្យ​បង្កើន​ការចិញ្ចឹម​សត្វ​ដែល​មាន​វដ្ត​ផលិតកម្ម​ខ្លី និង​ដោះស្រាយបាន​ទាន់​ពេលវេលា​បញ្ហា​សន្តិសុខ​ស្បៀង​។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការផ្ទុះឡើង​នៃ​ជំងឺប៉េស្ត​ជ្រូក​កាលពី​ឆ្នាំមុន បាន​ធ្វើ​ឲ្យ​ការចិញ្ចឹម​ជ្រូក​នៅពេល​នោះ​ធ្លាក់ចុះ​យ៉ាងគំហុក ពិសេស​ការចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ដែល​មិនមាន​ប្រព័ន្ធ​ជីវសុវត្ថិភាព​ត្រឹមត្រូវ​។ ជ្រូក​ជាច្រើន​ត្រូវ​ងាប់ និង​មិនមាន​តម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ​ទេ​ក្នុងពេលនោះ​។

លោក​បន្តថា ទោះយ៉ាងណា​ចាប់​តាំងពី​ដើមឆ្នាំ​ ២០២០ មក​តម្លៃ​ជ្រូក​រស់​ក្នុងស្រុក​បានចាប់ផ្តើម​មាន​ភាពល្អ​ប្រសើរ​ជា​បន្តបន្ទាប់ ដោយពេល​នេះ​ជ្រូក​រស់​មានតម្លៃ​ពី ១៣ ០០០ ​រៀល​ទៅ​ ១៣ ៥០០ ​រៀល​ក្នុង ១ ​គីឡូក្រាម ខណៈ​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​មាន​តម្លៃ​ប្រហែល ៨ ០០០ ​រៀល​។

លោក​ថ្លែងថា​៖ «​តម្លៃ​សត្វ​ជ្រូក​រស់ពេល​នេះ​គឺ​បាន​រក្សា​នៅ​ថេរ​ប្រមាណ ១ ​ខែ​មកហើយ​។ នេះ​ជា​តម្លៃ​ល្អ​មែនទែន​ដែល​អាច​ផ្តល់​ផលចំណេញ​ច្រើន​គួរសម​សម្រាប់​អ្នក​ចិញ្ចឹម​»​។

ជាមួយ​នឹង​ស្ថិរភាព​តម្លៃ​នេះ​លោក ស្រ៊ុន ពៅ អះអាង​ថា​ការចិញ្ចឹម​ក្នុងស្រុក​កំពុង​មាន​កំណើន​ទាំង​នៅ​កសិដ្ឋាន​ធំៗ និង​ជា​លក្ខណៈ​គ្រួសារ​។

បើតាម​លោក ពៅ បច្ចុប្បន្ន​តម្រូវការ​សាច់​ជ្រូក​នៅ​កម្ពុជា​ក្នុង ១ ​ថ្ងៃ​មាន​ចន្លោះ​ពី ៨ ០០០-៩ ០០០ ​ក្បាល​។ ដើម្បី​បំពេញ​តម្រូវការ​នេះ កម្ពុជា​បាន​នាំចូល​ជ្រូក​ពី​ក្រៅប្រទេស​ប្រមាណ​ពី ២ ០០០-៣ ០០០ ​ក្បាល​ក្នុង​ ១ ​ថ្ងៃ​។

អតីត​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយកន្លែង​ក្នុង​ខេត្ត​កណ្តាល​លោក ញឹម សាវ៉ាត ដែល​បច្ចុប្បន្ន​បាន​ប្តូរ​មុខរបរ​ទៅជា​អ្នកផ្តល់​កូនជ្រូក និង​ចំណី​ឲ្យ​ប្រជាកសិករ​តាម​មូលដ្ឋាន​ចិញ្ចឹម​នោះ​បាន​និយាយថា បន្ទាប់ពី​ការចិញ្ចឹម​បាន​ធ្លាក់ចុះ​យ៉ាងគំហុក ដោយសារ​ការផ្ទុះ​ឡើង​នៃ​ជំងឺប៉េស្ត​កាលពី​ឆ្នាំមុន នៅពេល​នេះ​ការចិញ្ចឹម​ជ្រូក​ចាប់ផ្តើម​កើនឡើង​វិញ​ហើយ​។ លោក​បន្តថា កំណើន​នៃ​ការចិញ្ចឹម​នៅពេល​នេះ​គឺ​ដោយសារ​វា​មាន​តម្លៃ​ខ្ពស់​។

លោក​និយាយថា​៖ «​ដោយសារ​មិនមាន​កម្មករ​គ្រប់គ្រាន់ ខ្ញុំ​បាន​សម្រេច​ចិត្ត​ឈប់​ចិញ្ចឹម​ជ្រូក​ដោយ​ខ្លួនឯង ប៉ុន្តែ​ខ្ញុំ​នៅតែ​បន្ត​មុខរបរ​នេះ​ដដែល ព្រោះ​វា​មាន​ទីផ្សារ​ល្អ​។ បច្ចុប្បន្ន​ខ្ញុំ​បាន​ប្រវាស់​កូនជ្រូក និង​ផ្តល់​ចំណី​ទៅ​ឲ្យ​អ្នក​ចិញ្ចឹម​នៅតាម​ភូមិ ហើយ​នៅពេល​លក់ យើង​លក់​ចែក​ប្រាក់​គ្នា​។ ការចិញ្ចឹម​ជ្រូក​កំពុង​មាន​ទីផ្សារ​ល្អ​»​។

លោក​បន្ថែមថា តាមរយៈ​គោលការណ៍​របស់​ក្រសួង​កសិកម្ម ក្នុង​ការកាត់បន្ថយ​ការនាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិតខាង​នោះ លោក​គិត​ថា ការចិញ្ចឹម​ជ្រូក​ប្រាកដ​ជាមាន​កំណើន​ខ្ពស់​ឡើងវិញ​លឿន ប្រសិនបើ​មិនមាន​ជំងឺ​ណា​រាតត្បាត​ដូច​ឆ្នាំមុន​ទៀត​៕ LA