ក្រុងវ៉ាស៊ីនតោនៈ ស្នងការពាណិជ្ជកម្មអឺរ៉ុបលោកស្រី Cecilia Malmstrom បានទៅដល់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃនេះ ដើម្បីពិភាក្សាបន្ថែមទៀតជាមួយសហរដ្ឋអាមេរិកស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ ប៉ុន្តែលោកស្រីបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនឹងមានកម្រិត។
លោកស្រីបានថ្លែងថា «ចំណង់» ក្នុងចំណោមប្រទេសជាសមាជិករបស់សហភាពអឺរ៉ុបគឺចង់បានកិច្ចព្រមព្រៀងដែលមានកម្រិតមួយចំពោះការបើកចំហរពាណិជ្ជកម្មក្នុងទំនិញឧស្សាហកម្ម ប៉ុន្តែមិនរាប់បញ្ចូលកសិកម្ម។
លោកប្រធានាធិបតីអាមេរិក ដូណាល ត្រាំ និងប្រធានគណៈកម្មការអឺរ៉ុបលោក Jean-Claude Juncker បានប្រកាសផែនការនានាសម្រាប់កិច្ចព្រមព្រៀងនេះកាលពីចុងខែកក្កដា ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីទប់ស្កាត់ការគំរាមកំហែងការដកហូតពន្ធរបស់អាមេរិកលើការនាំចេញរថយន្តទៅអាមេរិក។
រហូតមកដល់ពេលនេះ ក្រុមមន្ត្រីបានផ្តោតការយកចិត្តទុកដាក់លើការងារបឋម។ លោកស្រី Malmstrom បានថ្លែងថា៖ «យើងមិនទាន់បានចាប់ផ្តើមចរចានៅឡើយទេ។ ខ្ញុំនៅទីនេះ [អាមេរិក] ដើម្បីបន្ត និងបង្កើតការចរចា»។
លោកស្រី Malmstrom ថ្លែងនៅអង្គភាព German Marshall Fund ដែលជាស្ថាប័នអ្នកបង្កើតគោលនយោបាយអាមេរិកថា ការចរចាអំពី «កិច្ចព្រមព្រៀងតូចជាងនេះដែលផ្តោតលើទំនិញឧស្សាហកម្ម» អាចចាប់ផ្តើមនៅពេលវិសាលភាពត្រូវបានកំណត់ «ប៉ុន្តែការណ៍ នោះនឹងមានកម្រិតខ្លាំង»៕ AFP/KC