ភ្នំពេញៈ ក្រុមហ៊ុន​បណ្តាញ​ទូរស័ព្ទ​ចល័ត​ Smart Axiata ​បាន​ទទួល​ប្រាក់​ចំណេញ​សុទ្ធ ​៦៧,៦ ​លាន​ដុល្លារ​​ កាល​ពី​ឆ្នាំ​មុន​ ធ្លាក់​ចុះ​បន្តិច​ធៀប​នឹង​ឆ្នាំ ​២០១៧ ​ដោយ​សារ​តែ​ការ​ខាតបង់​លើ​​ការ​ប្រែប្រួល​អត្រា​ប្តូរ​ប្រាក់​​។ នេះ​បើ​យោង​តាម​សេច​ក្តី​ជូន​ដំណឹង​របស់​ក្រុមហ៊ុន​​ ​ស្មាត​។​

កាល​ពី​ឆ្នាំ ២០១៧ ​ស្មាត​បាន​ទទួល​ប្រាក់​ចំណេញ​ ៦៨,១ លាន​ដុល្លារ ​(ទឹក​ប្រាក់​ដែល​ប្តូរ​ពី​លុយ​រីងហ្គីត​​ម៉ាឡេស៊ី​)​​។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រុមហ៊ុន ​Smart ​Axiata ​ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ​Axiata Group ​មាន​មូលដ្ឋាន​នៅ​ប្រទេស ​ម៉ាឡេស៊ី​ ​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន ​ស្មាត ​កាល​ពី​ឆ្នាំ ២០១៨ ​មាន​ចំនួន​សរុប​ ២៨៧,៥ លាន​ដុល្លារ ​កើន​ឡើង​ ៧​ ភាគរយ​ ខណៈ​​ប្រាក់​ចំណេញ​មុន​ការ​បង់​​អត្រា​ការ​ប្រាក់ ​មុន​បង់​ពន្ធ ​និង​​មុន​ការ​ចំណាយ​លើ​ការ​រំលស់​ និងការ​សង​បំណុល (EBITDA) ​បាន​កើន​ឡើង​ ៦ ​ភាគរយ​ រហូត​ដល់ ១៣៤,៨ ​លាន​ដុល្លារ​។ ​

ទោះ​បី​យ៉ាង​នេះ​ក្តី ​ប្រាក់​ចំណេញ​សុទ្ធ​បាន​​ធ្លាក់​ចុះ​បន្តិច​ធៀប​​នឹង​ឆ្នាំ ​២០១៧ ​ខណៈ​ក្រុមហ៊ុន ​ស្មាត ​បាន​អះអាង​ថា​ ដោយ​សារ​ការ​ខាតបង់​លើ​អត្រា​ប្តូរ​ប្រាក់​ បន្ទាប់​ពី​ត្រូវ​ប្តូរ​ទៅ​ជា​ប្រាក់​រីងហ្គីត​របស់​ម៉ាឡេស៊ី ដើម្បី​ស្រប​​តាម​​របាយការណ៍​ហិរញ្ញវត្ថុ​របស់​​ក្រុមហ៊ុន​មេ។​

សេចក្តី​ជូន​ដំណឹង​របស់ ​ស្មាត ​បាន​បញ្ជា​ក់​ថា​៖ «​បើ​និយាយ​តែ​ពី​ប្រាក់​ដុល្លារ​វិញ (មិន​មាន​ការ​ប្តូរ​ទៅ​លុយ​រីងហ្គីត)​ ក្រុមហ៊ុន ​ស្មាត ​នៅ​តែ​ធ្វើ​បាន​ល្អ​ធៀប​នឹង​ដៃគូ​ប្រជែង ​​ដែល​បន្ត​ទទួល​បាន​សមិទ្ធផល​វិជ្ជមាន​ជា​ប្រចាំ​ឆ្នាំ​បើ​ទោះ​​បី​ជា​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ដ៏​តានតឹង​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​ក្ដី​»​។

ចំណូល​ដែល​កើន​ឡើង​ភាគ​ច្រើន​បាន​រួម​ចំណែក​ពី​ចំណូល​បាន​ពី​ការ​លក់​ទិន្នន័យ​អ៊ីនធឺណិត ដែល​ប្រភព​ចំណូល​​នេះ​មាន​រហូត​ដល់​ទៅ​ ៦០​ ភាគរយ​នៃ​ចំណូល​សរុប។

ក្រុមហ៊ុន​ស្មាត​គ្រោង​ត្រៀម​កញ្ចាប់​ថវិកា​ ៨០ លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៩​ នេះ​ដើម្បី​ពង្រីក​បណ្តាញ​របស់​ខ្លួន ដើម្បី​ពង្រឹង​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ទំនើប។ វា​ក៏​រំ​ពឹង​ថា​នឹង​ពង្រឹង​ភាព​ជា​អ្នក​នាំ​មុខ​ផ្នែក​ទិន្នន័យ​សេវា​អ៊ីនធឺណិត​​ផង​ដែរ​តាម​រយៈ​ការ​ផ្គត់ផ្គង់​ផលិតផល​ឌីជីថល​ថ្មីៗ ​និង​សេវា​កម្សាន្ត​នានា​​​។

កាល​ពី​ខែ​កក្កដា ​ឆ្នាំ​មុន ​ក្រុមហ៊ុន Axiata Group បាន​លក់​ភាគហ៊ុន ​១០ ​ភាគរយ​បន្ថែម​ទៀត​​នៅ​ក្នុង​ក្រុមហ៊ុន​ Smart Axiata ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ Mitsui Co Ltd ដែល​ជា​ការ​លក់​​ជា​លើក​ទី២​។ ​តាម​រយៈ​កិច្ច​ព្រមព្រៀង​នោះ​ ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ​គ្រប់គ្រង​ភាគហ៊ុន​ Smart Axiata ២០ ​ភាគរយ​ ខណៈ​​ក្រុមហ៊ុន Axiata Group ​នៅ​តែ​គ្រប់គ្រង​ភាគហ៊ុន​ភាគ​ច្រើន​​គឺ​ចំនួន​ ៧២,​៥ ភាគរយ​។ ភាគហ៊ុន​នៅ​សល់​ ៧,​៥ ​ភាគរយ​ត្រូវ​បាន​​គ្រប់គ្រង​ដោយ​ Southern Coast Ventures ​។​

របាយការណ៍​របស់​​ Axiata Group ​បង្ហាញ​ថា​ ក្រុមហ៊ុន​នេះ​បាន​​បង់​ពន្ធ​លើ​ប្រាក់​ចំណេញ​ ១៦,៩ ​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​ ​២០​១​៨​ ទៅ​រដ្ឋាភិបាល​កម្ពុជា​។

លោក ​អ៊ឹម​ វុត្ថា​ អ្នក​នាំពាក្យ​និយតករ​ទូរគមនាគមន៍​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ វិស័យ​ទូរគមនាគមន៍​របស់​កម្ពុជា កំពុង​កើន​ឡើង​ ហើយ​ប្រាក់​ចំណូល​នៅ​ក្នុង​វិស័យ​នេះ​បន្ត​កើន​ឡើង​ ទោះ​បី​ជា​មាន​​កំណើន​នៃ​​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​ក៏​ដោយ​។​

លោក​បន្ថែម​ថា ​ភាគ​ជោគជ័យ​របស់​​ប្រតិបត្តិករ​ទូរគមនាគមន៍​បាន​រួម​ចំណែក​ដល់​ប្រាក់​ចំណូល​របស់​រដ្ឋាភិបាល​ តាម​រយៈ​ការ​បង់​ពន្ធ ​តម្លៃ​អាជ្ញាប័ណ្ណ​ប្រចាំ​ឆ្នាំ​ និង​ប្រាក់​ចំណូល​​មិន​មែន​ពន្ធ​ផ្សេង​ទៀត​។​ ​​

លោក​ថ្លែង​ថា​​៖ «​និន្នាការ​សេដ្ឋកិច្ច​នៅ​ពេល​អនាគត​នឹង​ពឹង​ផ្អែក​លើ​ឌីជីថល​ ដូច្នេះ​យើង​​ជឿជាក់​ថា ក្រុមហ៊ុន​ទូរ​គមនាគមន៍​នឹង​ប្រើប្រាស់​ប្រាក់​ចំណេញ​របស់​ខ្លួន​កាន់​តែ​ច្រើន ​ដើម្បី​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ ហើយ​នឹង​មាន​​ប្រយោជន៍​កាន់​តែ​​ច្រើន​​ក្នុង​ការ​បង្កើន​សេដ្ឋកិច្ច​ក្នុង​ស្រុក​»។

កាល​ពី​សប្ដាហ៍​មុន Metfone ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​យោធា​របស់​​​វៀត​ណាម បាន​ប្រារព្ធ​ខួប​ប្រតិបត្តិការ​រយៈ​​​ពេល ​១០ ឆ្នាំ​​​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ ហើយ​​បាន​បង្ហាញ​ប្រាក់​ចំណូល​រួម​​ ២,២ ​ពាន់​លាន​ដុល្លារ​ ក្នុង​អំឡុង​ពេល​​ប្រតិបត្តិការ​រយៈ​ពេល​ ​៩ ​ឆ្នាំ​របស់​ខ្លួន​ ដែល​​មាន​ប្រាក់​ចំណេញ​សរុប​​ចំនួន​ ៣០០ ​លាន​ដុល្លារ​។ ​ក្រុមហ៊ុន​នេះ​បាន​រាយការណ៍​ថា ខ្លួន​បាន​រួម​ចំណែក​បង់​ពន្ធ​សរុប​​ ៥០០ ​លាន​ដុល្លារ​​​ឲ្យ​​រដ្ឋាភិបាល​កម្ពុជា​ក្នុង​រយៈ​ពេល​ប្រតិបត្តិការ​នេះ៕ LA