ភ្នំពេញៈ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថាកសិករ (HKL) បាន​ក្លាយ​ជា​គ្រឹះស្ថាន​ដំបូង​គេ​ដែល​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​ក្នុង​គម្រោង​បោះផ្សាយ​លក់​មូលបត្រ​បំណុល​នៅ​កម្ពុជា បន្ទាប់ពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) បាន​លើក​ឡើង​ពី​គម្រោង​ទិញ​មូលបត្រ​បំណុល​ពី​គ្រឹះស្ថាន​នេះ​ក្នុង​តម្លៃ​ជា​ទឹកប្រាក់ ២០ ​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​​ដំណឹង​របស់ IFC ដែល​ចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន​។

សេចក្តី​ជូន​ដំណឹង​ដដែល​បង្ហាញ​ថា IFC ដែល​ជា​ផ្នែក​មួយ​នៃ​ធនាគារ​ពិភពលោក​នឹង​ធ្វើការ​ទិញ​មូលបត្រ​បំណុល​ពី HKL ដែល​បោះផ្សាយ​ជា​ប្រាក់រៀល​។ នេះ​ជា​លើក​​ដំបូង​ដែល​មាន​ព័ត៌មាន​បង្ហាញ​ពី​ការវិវឌ្ឍ​នៃ​ទីផ្សារ​មូលបត្រ​បំណុល​កម្ពុជា គិត​ចាប់​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) បាន​បញ្ចប់​រួចរាល់​នូវ​បទប្បញ្ញត្តិ​នានា​ពី​ខែ​សីហា ឆ្នាំ​ ២០១៧ ហើយ​ប្រកាស​បើក​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដែល​ចង់​បោះផ្សាយ​លក់​មូលបត្រ​បំណុល​ដាក់​ពាក្យ​ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត​ពី SECC​។

សំណើ​វិនិយោគ​របស់ IFC តាមរយៈ​ការទិញ​មូលបត្រ​បំណុល​នឹង​ជួយ​បង្កើន​ល្បឿន​ក្នុង​ការ​សម្រេច​ការងារ​បោះផ្សាយ​លក់​មូលបត្រ​បំណុល​របស់ HKL ដែល​អាច​នឹង​ក្លាយ​ជា​ការបោះ​ផ្សាយ​លក់​មូលបត្រ​បំណុល​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​។

សេចក្តី​ជូន​ដំណឹង​របស់ IFC បញ្ជាក់​ថា​៖ «​ការវិនិយោគ​របស់ IFC ដោយ​ការទិញ​មូលបត្រ​បំណុល​ជា​ប្រាក់រៀល​នៅ​កម្ពុជា​នឹង​ជួយ​សម្រួល​ដល់​ការបង្កើត​ទីផ្សារ​មូលបត្រ​បំណុល​ក្នុង​ស្រុក និង​រួម​ចំណែក​គាំទ្រ​ដល់​ក្រុមហ៊ុន​ក្នុង​ការ​បង្កើន​ទុន​ក្នុង​ការ​ផ្តល់​កម្ចី​បន្ត​ទៅ​ឲ្យ​អ្នក​ខ្ចីប្រាក់​ខ្នាត​តូច​រួម​មាន​កសិករ និង​សហគ្រិន​ជា​ស្ត្រី​នៅ​តាម​តំបន់​ជនបទ​»​។

គិត​ត្រឹម​ចុង​ឆ្នាំ ២០១៧ HKL កំពុង​ប្រតិបត្តិការ​ដោយ​មាន​មូលដ្ឋាន​ទ្រព្យសកម្ម​ប្រហែល ៦៩១ លាន​ដុល្លារ ដែល​បម្រើ​អ្នក​ខ្ចី​ប្រហែល ១១៨ ០០០ ​នាក់​។ HKL មាន​សាខា ១៦៨ កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្ដល់​ការងារ​ដល់​បុគ្គលិក​ជាង ៣ ១០០ ​នាក់​។

លោក ហួត អៀងតុង ប្រធាន និង​ជា​អគ្គនាយក HKL បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា គ្រឹះស្ថាន​របស់​លោក​មាន​ផែនការ​បង្កើន​មូលនិធិ​ដោយ​ការចេញ​មូលបត្រ​បំណុល​ដោយ​ថ្លែង​ថា​ក្រុម​ការងារ​នៅក្នុង​នាយកដ្ឋាន​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​បាន​សហការ​ជាមួយ​ក្រុម​ការងារ​មកពី IFC លើ​ការងារ​សម្រាប់​ការចេញ​មូលបត្រ​បំណុល​។

ប៉ុន្តែ​លោក ហួត អៀងតុង បាន​បដិសេធ​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​លើ​គម្រោង​នេះ​។ លោក​ថ្លែង ខណៈ​សង្ឃឹម​ថា​និយតករ​នឹង​អនុម័ត​គម្រោង​នេះ​ថា​៖ «​យើង​សង្ឃឹម​ថា យើង​អាច [​ចេញ​មូលបត្រ​បំណុល​] នៅ​ឆ្នាំ​នេះ​»​។

តំណាង​មកពី​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) ដែល​ជា​និយតករ​ផ្សារហ៊ុន​កម្ពុជា​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​។

ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន បន្ទាប់ពី​សុន្ទរកថា​បើក​សិក្ខាសាលា​បណ្ដុះបណ្ដាល​អំពី​ការជួញដូរ​ឧបករណ៍​និស្សន្ទ​កាលពី​ចុង​ខែ​មេសា​លោក ស៊ូ សុជាតិ អគ្គនាយក SECC បាន​ថ្លែង​ថា មូលបត្រ​បំណុល​នឹង​ផ្ដល់​ឱកាស​ថ្មី​សម្រាប់​ក្រុមហ៊ុន​ជាច្រើន​ក្នុង​ការ​រក​មូលនិធិ​សម្រាប់​ការបង្កើន​មូលធន និង​ការពង្រីក​ពាណិជ្ជកម្ម​។ ​

លោក​សង្ឃឹម​ថា​ នឹង​មាន​ក្រុមហ៊ុន​ឯកជន​ចេញ​មូលបត្រ​បំណុល​នៅ​ឆ្នាំ​នេះ ខណៈ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​កំពុង​ស្វែងរក​ការអនុម័ត​ចំពោះ​ការចេញ​មូលបត្រ​បំណុល​៕LA