ភ្នំពេញៈ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេលំដាប់ទី ២ នៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃចន្ទបានប្រកាសពីការប្រែក្លាយខ្លួនដោយជោគជ័យទៅជាធនាគារពាណិជ្ជនៅក្រោមឈ្មោះថា ធនាគារ ហត្ថា ម.ក ជាមួយនឹងស្លាកសញ្ញាថ្មីជាផ្លូវការ ដែលនេះជាជំហានមួយឆ្ពោះទៅមុខសម្រាប់ការពង្រីកអាជីវកម្មនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីខ្លួនត្រូវបានទិញដោយធនាគារក្រុងស្រ៊ី (Bank of Ayudhya PCL) របស់ថៃរយៈពេលជិត ៤ ឆ្នាំរួចមក។
កាលពីខែតុលា ឆ្នាំ ២០១៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានបញ្ចប់ការទិញភាគហ៊ុន ១០០ ភាគរយ ដោយធនាគារក្រុងស្រ៊ី ជាសមាជិករបស់ Mitsubishi UFJ Financial Group (MUFG) ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុឈានមុខគេរបស់ពិភពលោក។ លុះដល់ខែមិថុនា ឆ្នាំ ២០១៨ ធនាគារក្រុងស្រ៊ីបានចាក់បញ្ចូលមូលធនបន្ថែមចំនួន ៤៥ លានដុល្លារទៅក្នុងធនាគារហត្ថា។
ការប្រែក្លាយនាពេលនេះគឺបានដើរស្របជាមួយនឹងផែនការយុទ្ធសាស្ដ្ររបស់ក្រុមហ៊ុនអាណាព្យាបាលរបស់ធនាគារហត្ថា ដើម្បីសម្រេចបានការពង្រីកអាជីវកម្មក្នុងតំបន់ និងចាប់យកចំណែកទីផ្សារថ្មីៗនៅក្នុងក្រុមប្រទេសរួមមាន កម្ពុជា វៀតណាម និងឡាវតាមរយៈបទពិសោធអាជីវកម្មដ៏សម្បូរបែប ការបង្កើតនូវទម្រង់អាជីវកម្មថ្មីៗ និងការពង្រីកបណ្ដាញប្រតិបត្តិការរបស់ខ្លួន។
លោក ហួត អៀងតុង ប្រធានអគ្គនាយកនៃធនាគារហត្ថាបានឲ្យដឹងថា ការប្រែក្លាយនេះបានបង្ហាញព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយរបស់ធនាគារដែលកំពុងប្រតិបត្តិការ និងរីកចម្រើនក្នុងការរួមចំណែកដល់ការអភិវឌ្ឍរបស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។
លោកបានថ្លែងថា៖ «ខ្ញុំពិតជាមានមោទនភាព និងសេចក្ដីសោមនស្សរីករាយឥតឧបមាដែលធនាគារ ហត្ថា បានបោះជំហានទៅមុខមួយកម្រិតទៀត។ នេះជាការអភិវឌ្ឍដែលចង្អុលបង្ហាញយ៉ាងច្បាស់លាស់ថា ពួកយើងកំពុងផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយភាពជឿជាក់ ច្បាស់លាស់ និងត្រឹមត្រូវតាមសេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់ ដែលជាលទ្ធផលអាជីវកម្មរបស់យើង បន្តរីកចម្រើនឥតឈប់ឈរពី ១ ថ្ងៃ ទៅ ១ ថ្ងៃ»។
លោកលើកឡើងទៀតថា៖ «ធនាគារហត្ថា បានប្ដេជ្ញាចិត្តប្រកបដោយភាពជឿជាក់ និងបានត្រៀមខ្លួនជាស្រេចដើម្បីបម្រើសេវាកម្មជូនអតិថិជនប្រកបដោយភាពល្អឥតខ្ចោះ មានភាពសាមញ្ញ ងាយស្រួល និងទំនុកចិត្តខ្ពស់ តាមរយៈបុគ្គលិកដែលមានបទពិសោធ ចំណេះជំនាញហិរញ្ញវត្ថុ និងវិជ្ជាជីវៈត្រឹមត្រូវ»។
លោកបានបញ្ជាក់ថា លើសពីនេះធនាគារ ហត្ថា បានដាក់ចេញនូវយុទ្ធសាស្ដ្រអាជីវកម្ម ធនធានមនុស្ស ដើមទុន ប្រព័ន្ធធនាគារស្នូល ការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការអាជីវកម្មដើម្បីក្លាយជាធនាគារឈានមុខគេមួយដែលជួយគាំទ្រអតិថិជនឲ្យមានអនាគតល្អ។
ធនាគារហត្ថា មានបទពិសោធជាង ២៦ ឆ្នាំ ក្នុងការផ្ដល់សេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយបច្ចុប្បន្ននេះធនាគារហត្ថាមានដើមទុនចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជាចំនួន ១១៥ លានដុល្លារអាមេរិកមានការិយាល័យសាខាចំនួន ១៧៧ ដើម្បីផ្ដល់សេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែបដល់អតិថិជនដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើ សន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ធនាគារចល័ត និងជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង និងត្រៀមដាក់ជូនឲ្យប្រើប្រាស់នូវសេវាថ្មីៗបន្ថែមទៀត និងសេវាកម្មជាមួយម៉ាស៊ីនអេធីអឹមចំនួន ១៣៧ នៅក្នុង ២៥ ទីក្រុង-ខេត្តទូទាំងប្រទេស៕LA