ភ្នំពេញៈ ហាងលក់ទំនិញរបស់អាមេរិក Circle K កាលពីម្សិលមិញបានបើកដំណើរការជាផ្លូវការនៅកម្ពុជាដោយមានសាខាដំបូង ៣ សាខា មុននឹងពង្រីកប្រតិបត្តិការដល់ ៤០ សាខានៅឆ្នាំ ២០១៨ នេះ។ នេះបើយោងតាមការអះអាងរបស់អ្នកទិញសិទ្ធិប្រតិបត្តិការយីហោហាង Circle K នៅកម្ពុជា។
លោក ណម តុង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន TH CVS គ្រុប ដែលជាក្រុមហ៊ុនក្នុងស្រុកមានសិទិ្ធប្រតិបត្តិការហាងលក់ទំនិញ Circle K នៅកម្ពុជាបានឲ្យដឹងកាលពីម្សិលមិញថា បន្ទាប់ពីដំណើរការហាងជាបឋម ៣ សាខា កាលពីម្សិលមិញ ក្រុមហ៊ុនលោកបានរៀបចំរួចរាល់ដើម្បីដំណើរការហាង ២ បន្ថែមទៀត ហើយគ្រោងនឹងបើកដំណើរការនៅសប្តាហ៍ក្រោយ។
ហាង ៣ ដែលកំពុងដំណើរការសុទ្ធតែមានទីតាំងនៅក្នុងរាជធានីភ្នំពេញរួមមានតាមបណ្តោយវិថីកម្ពុជាក្រោមជិតសាកលវិទ្យាល័យវេស្ទើន ទីតាំងជិតវិទ្យាល័យបាក់ទូក និងទីតាំងជិតវត្តឧណ្ណាលោម។
លោក ណម តុង បានលើកឡើងថា៖ «នៅឆ្នាំ ២០១៨ នេះយើងនឹងបើកហាងលក់ទំនិញ Circle K ចំនួន ៤០ ហាងបន្ថែមទៀត។ យើងមានគម្រោងបើកហាងលក់ទំនិញ Circle K នេះចំនួន ៣០០ ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ដោយប្រើទុនវិនិយោគ ២០ លានដុល្លារ»។
យោងតាមលោក តុង ដើម្បីដំណើរការហាង Circle K មួយត្រូវចំណាយទុនប្រមាណ១០ ម៉ឺនដុល្លារ។ លោកសុំមិនបញ្ជាក់ពីនីតិវិធី និង លក្ខខណ្ឌនានា ដើម្បីបានទទួលសិទ្ធិប្រតិបត្តិការម៉ាកយីហោហាងនេះនៅកម្ពុជា។
TH CVS គឺជាក្រុមហ៊ុនក្នុងស្រុកដែលនាំយកសិទ្ធិប្រតិបត្តិការផលិតផល និងហាងលក់អាហារពីសហរដ្ឋអាមេរិក។
បច្ចុប្បន្ន ក្រុមហ៊ុននេះ បានទទួលសិទ្ធិចែកចាយរថយន្ត Charlotte របស់អាមេរិកនៅកម្ពុជា ប្រតិបត្តិការលើហាងលក់អាហារ Carls & Jr និង ហាងការ៉េម Cold Stone៕