ភ្នំពេញៈ សណ្ឋាគារ​ផ្កាយ​ ៥ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh) ដែល​មាន​ទុនវិនិយោគ​ជិត ១៨០ ​លាន​ដុល្លារ​ ស្ថិតនៅ​ជិត​សារមន្ទីរ​ជាតិ​របស់​ក្រុមហ៊ុន ជីប ម៉ុង គ្រុប គ្រោង​នឹង​បើកទ្វារ​ស្វាគមន៍​ភ្ញៀវ​ជា​ផ្លូវការ​នៅក្នុង​ខែ​មករា ឆ្នាំក្រោយ ដើម្បី​ចូលរួម​បម្រើ​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​នៅ​ប្រទេស​កម្ពុជា​។

ក្រុមហ៊ុន ជីប ម៉ុង គ្រុប បាន​ចុះ​កិច្ចព្រមព្រៀង​គ្រប់គ្រង​សណ្ឋាគារ ​ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ​ជាមួយ​ក្រុមហ៊ុន ហៃយ៉ាត់ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Chicago កាលពី​ខែ​កញ្ញា ឆ្នាំ ២០១៦ និង​បាន​បុកគ្រឹះ​សាងសង់​កាលពី​ខែ​មីនា ឆ្នាំ​ ២០១៧​។

លោក លាង ឃុន សហស្ថាបនិក និង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង បាន​ថ្លែង​ក្នុង​ពិធី​ក្រុង​ពាលី​កាលពី​ថ្ងៃទី​ ២៦ វិច្ឆិកា​នេះ​ថា កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​សុំ​សេចក្តីសុខ និង​ភាពរីកចម្រើន​ឱ្យ​កើតមាន​ដល់​សណ្ឋាគារ​ដែល​គ្រោង​នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​ក្នុងពេល​ឆាប់ៗ​នេះ​។

លោក​អះអាងថា ក្នុង​កាលៈទេសៈ​បែបណា​ក៏ដោយ​ក្រុមហ៊ុន ជីប ម៉ុង មាន​ចក្ខុវិស័យ និង​យុទ្ធសាស្ត្រ​ក្នុង​ការពង្រីក​ពាណិជ្ជកម្ម​របស់ខ្លួន​ដោយ​មិន​ផ្លាស់ប្តូរ និង​ពន្យារពេល​នោះទេ​។

លោក​ថ្លែងថា​៖ «​ក្នុងនាម​ជា​ម្ចាស់​សណ្ឋាគារ យើង​មាន​ការប្តេជ្ញាចិត្ត​ខ្ពស់​ជម្នះ​គ្រប់​ឧបសគ្គ និង​កៀរគរ​ធនធាន​ដើម្បី​វិនិយោគ​លើ​ការសាងសង់​សណ្ឋាគារ និង​នាំ​យក​សណ្ឋាគារ​លំដាប់​ពិភពលោក​មក​កម្ពុជា​»​។

លោក​បាន​ឱ្យដឹង​ទៀត​ថា ក្រុមហ៊ុន ជីប ម៉ុង បាន​វិនិយោគ​លើ​សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដើម្បី​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​តាមរយៈ​វិស័យ​ទេសចរណ៍ និង​ធុរកិច្ច ព្រមទាំង​ការបង្កើត​ឱកាស​ការងារ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ការនាំយក​បច្ចេកវិទ្យា និង​ការអនុវត្ត​គំរូ​ក្នុង​វិស័យ​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​មក​ប្រតិបត្តិ​ក្នុង​ទីផ្សារ​ក្នុងស្រុក​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿថា សណ្ឋាគារ​នេះ​នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ និង​អ្នកជំនួញ​ធំៗ​មកពី​គ្រប់​ប្រទេស​ក្នុង​ពិភពលោក​ឱ្យមក​កាន់​ប្រទេស​កម្ពុជា ដើម្បី​រីករាយ​ជាមួយ​វប្បធម៌ អរិយធម៌​ដ៏ស្រស់ស្អាត និង​សម្បូរបែប​របស់​ប្រទេស​កម្ពុជា​»​។

សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ ​នេះ​មាន​បន្ទប់​ចំនួន ២៤៧ ស្ថិតនៅ​ចំ​កណ្តាល​បេះដូង​នៃ​រាជធានី​ភ្នំពេញ​ដែលជា​តំបន់​មាន​សក្តានុពល​ទេសចរណ៍ បដិសណ្ឋារកិច្ច និង​ពាណិជ្ជកម្ម​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ឱ្យ​ដឹងថា សណ្ឋាគារ ហៃយ៉ាត់រីជិនស៊ី ដែល​ជា​ម៉ាក​យីហោ​ដ៏ល្បី​លើ​ពិភពលោក​នឹង​រួមចំណែក​ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​មក​ប្រទេស​កម្ពុជា ក្រោយពី​ស្ថានភាព​ជំងឺ​កូវីដ​១៩ ធូរស្រាល​ឡើងវិញ​។

លោកស្រី ស៊ីវលីន បាន​បញ្ជាក់ថា​៖ «​នេះ​ជា​ដំណឹង​ល្អ យើង​មាន​ផលិតផល​ទេសចរណ៍​ថ្មីៗ​បន្ថែម​ទៀត​ដែល​វា​នឹង​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​។ យើង​មាន​ផលិតផល​ទេសចរណ៍​ល្អ​ដូចនេះ ដូច្នេះ​ភ្ញៀវទេសចរ​ល្អ​នៅ​ជុំវិញ​ពិភពលោក​ក៏​នឹង​ចូលមក​ស្រុក​យើង​ច្រើន​ដែរ​»​។

បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​លោក តុប សុភ័ក បច្ចុប្បន្ន​ក្រសួង​ទេសចរណ៍​បាន​ផ្តល់​អាជ្ញាប័ណ្ណ​អាជីវកម្ម​សណ្ឋាគារ​សរុប ២ ០៤៤ នៅ​កម្ពុជា ក្នុង​នោះ​មាន​ចំនួន ៣៤៣ កំពុង​ប្រតិបត្តិការ​នៅ​ទីក្រុង​ភ្នំពេញ​។

របាយការណ៍​ក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្ម និង​សំណង់​ឱ្យ​ដឹងថា ទុនវិនិយោគ​វិស័យ​សំណង់​រយៈពេល ៩ ខែ មាន​តម្លៃ ៥ ៨៦៨ លាន​ដុល្លារ ថយចុះ ៩,៦ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩៕ LA