ភ្នំពេញៈ ក្រុមហ៊ុន ហ៊ីយុនដាយ អាហ្គ្រោ (ខេមបូឌា) ឯ.ក ដែលជាក្រុមហ៊ុនរបស់កូរ៉េមានផែនការនាំចេញផ្លែស្វាយកែវរមៀតស្រស់ ១ ០០០ តោន ទៅកូរ៉េខាងត្បូងនៅឆ្នាំនេះ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យដឹងថា ក្រុមហ៊ុន ហ៊ីយុនដាយ អាហ្គ្រោ កាលពីថ្ងៃទី ២០ ខែមករា បាននាំចេញផ្លែស្វាយកែវរមៀតស្រស់ចំនួន ១ តោន ទៅប្រទេសកូរ៉េខាងត្បូង រួចហើយ ដោយសង្ឃឹមថាបរិមាណនាំចេញនេះនឹងបន្តកើនឡើងជាបន្តបន្ទាប់ក្នុងរដូវប្រមូលផលខាងមុខ។
លោកថ្លែងថា៖ «ក្រសួងកសិកម្មនឹងបន្តខិតខំអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជំរុញផលិតកម្មកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និងធ្វើការនាំចេញដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺកូវីដ១៩»។
ប្រទេសកម្ពុជា បាននាំចេញផ្លែស្វាយស្រស់ទៅសាធារណរដ្ឋកូរ៉េជាលើកដំបូងកាលពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២០។ គិតមកដល់ពេលនេះកម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួន ៧៧ តោន ទៅកាន់ទីផ្សារកូរ៉េ។ នេះបើតាមលោក សាខុន។
អ្នកស្រី ម៉ៅ សុធា អ្នកគ្រប់គ្រងផ្នែកលក់ក្រុមហ៊ុន គិរីរម្យ ហ្វូដ ប្រដាក់សិន ដែលមានរោងចក្រកែច្នៃ និងនាំចេញផលិតផលពីផ្លែស្វាយបានឱ្យដឹងថា ប្រទេសកូរ៉េ នឹងក្លាយជាទីផ្សារឈានមុខគេ បន្ទាប់ពីប្រទេសចិន សម្រាប់ផលិតផលពីស្វាយ និងស្វាយស្រស់កម្ពុជា។
អ្នកស្រី សុធា និយាយថា៖ «ខ្ញុំនៅតែជឿថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ នៅពេលចូលជាធរមាននឹងធ្វើឱ្យទីផ្សារកូរ៉េកាន់តែធំសម្រាប់ផ្លែស្វាយកម្ពុជា»។
លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កម្ពុជាភាគច្រើនបាននាំចេញស្វាយកែវរមៀតទៅកាន់ទីផ្សារកូរ៉េ ចិន និងវៀតណាម។ ក្រៅពីកូរ៉េ កម្ពុជានឹងអាចនាំចេញផ្លែស្វាយស្រស់ដោយផ្ទាល់ទៅប្រទេសចិននៅឆ្នាំនេះ។
លោកប្រាប់ថា៖ «យើងបានវាយតម្លៃចម្ការស្វាយ និងក្រុមហ៊ុនចំនួន ៦ បានដាក់ពាក្យស្នើសុំនាំចេញទៅប្រទេសចិនលើកទី ១ រួចរាល់ហើយ ដោយគេកំពុងត្រួតពិនិត្យឯកសារ»។
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំមុន ឱ្យដឹងថា បច្ចុប្បន្ននៅកម្ពុជាមានផ្ទៃដីដាំស្វាយសរុបចំនួន ១២៤ ៣១៩ ហិកតាក្នុងនោះផ្ទៃដីប្រមូលផល ៩១ ៣៩៨ ហិកតា ដោយទទួលទិន្នផលសរុប ១ ៤៤៨ ៦៧៧ តោន និងជាមធ្យមចំនួន ១៦ តោនក្នុង ១ ហិកតា ក្នុង ១ រដូវ។
ក្រសួងកសិកម្មឱ្យដឹងថា យ៉ាងហោចណាស់ក្រុមហ៊ុន ៤ នឹងបញ្ចប់ការសាងសង់រោងចក្រប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើទឹកក្តៅ (HWT) និងចំហាយទឹកក្តៅ (VHT) ក្នុងពេលឆាប់ៗ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប៉ាន់ប្រមាណថា ប្រទេសកម្ពុជា បាននាំចេញផលិតផលដំណាំកសិឧស្សាហកម្មទាំងផ្លូវការ និងក្រៅផ្លូវការទៅកាន់ទីផ្សារអន្តរជាតិជាង ៨,៥៥ លានតោន ស្មើនឹងតម្លៃជាង ២,៣២ ពាន់លានដុល្លារកាលពីឆ្នាំមុន នៅក្នុងនោះផ្លែស្វាយស្រស់ ៩៤៥ ២៧៤,៤៤ តោន មានតម្លៃ ៤៧៣ ២០៧ ៧០០ ដុល្លារ៕ LA