ភ្នំពេញៈ ប្រទេស​កម្ពុជា និង​ចិន​ទើប​បាន​ចុះ​ហត្ថលេខា​លើ​ពិធីសារ​ភូតគាម​អនាម័យ​រួម​គ្នា​មួយ​ដើម្បី​នាំចេញ​ផ្លែ​ចេក ជា​វិធានការ​មួយ​ដែល​នឹង​បើក​ទ្វារ​ចំហ​សម្រាប់​កម្ពុជា​ក្នុង​ការ​នាំ​ចេញ​ផ្លែ​ចេក​ទៅ​ចិន​។

Longmate Agriculture Co.,Ltd ជា​ក្រុមហ៊ុន​វិនិយោគ​រួមមួយ​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ចិន និង​ហុងកុង​បាន​វិនិយោគ​រាប់​លាន​ដុល្លារ​លើ​ការដាំដុះ​ចេក​នៅ​ស្រុក​ឈូក​ ខេត្ត​កំពត​ដើម្បី​ទាញ​យក​សក្ដានុពល​នៃ​ដំណាំ​កសិកម្ម​មួយ​នេះ​។

អ្នក​យក​ព័ត៌មាន​កាសែត ភ្នំពេញ- ប៉ុស្ដិ៍ ចេង សុខហ័ង បាន​ជួប​សម្ភាស​លោក ហ៊ុន ឡាក់ នាយក​ក្រុមហ៊ុន Longmate Agriculture Co.,Ltd ដើម្បី​និយាយ​អំពី​សក្ដានុពល​ថ្មី​នៃ​ដំណាំ​ចេក និង​ថា តើ​វិស័យ​នេះ​ផ្ដល់​អត្ថប្រយោជន៍​ដូចម្ដេច​ដល់​កសិករ​?

តើ​ហេតុអ្វី​បាន​ជា​អ្នក​សម្រេចចិត្ត​វិនិយោគ​លើ​ការដាំដុះ​ចេក​?

ទាក់ទង​នឹង​វិស័យ​កសិកម្ម កម្ពុជា កំពុង​ឈាន​មុខ​ក្នុង​ឧស្សាហកម្ម​អង្ករ ហើយ​ការនាំចេញ​អង្ករ​របស់​យើង ល្បី​ឈ្មោះ​រួច​ហើយ​។ ក្រសួង​កសិកម្ម​កំពុង​លើក​កម្ពស់​ការនាំ​ចេញ​ផ្លែឈើ​មាន​សក្ដានុពល ដូចជា ផ្លែមៀន ផ្លែ​ស្រកានាគ ផ្លែ​ទុរេន ផ្លែស្វាយ ផ្លែ​ចេក និង​ផ្លែឈើ​ផ្សេង​ទៀត​។ ដូច្នេះ​ចេក​គឺជា​ផ្លែឈើ​មួយ​ដែល​មាន​សក្ដានុពល​ជាច្រើន និង​មាន​តម្រូវការ​ខ្ពស់​នៅ​ទីផ្សារ​អន្តរជាតិ​។

ខណៈ​យើង​មាន​អ្នក​បចេ្ចកទេស និង​ពូជ​មកពី​បរទេស (​ពូជ Musa Cavendishil ឬ គេ​ស្គាល់​ថា Botanical) ដូច្នេះ​យើង​សម្រេចចិត្ត​ក្នុង​ការដាំដុះ​ចេក នៅ​តំបន់​របស់​យើង​ព្រម​ទាំង​មាន​បំណង​ចង់​បង្ហាញ​ដល់​ទីផ្សារ​អន្តរជាតិ​ថា យើង​មាន​សមត្ថភាព​ក្នុង​ការផលិត​ចេក​មាន​គុណភាព ដើម្បី​ផ្គត់ផ្គត់​ទីផ្សារ​ពិភពលោក​។

តើ​ក្រុមហ៊ុន​លោក​វិនិយោគ​ច្រើន​ប៉ុនណា​លើ​ការដាំដុះ​ចេក​?

យើង​បាន​ចំណាយពេល​ជាង ១ ​ឆ្នាំ​ក្នុង​ការ​សិក្សា​លើ​ដី​ដាំដុះ​មុន​ពេល​យើង​ចាប់ផ្ដើម​ការដាំដុះ​។ យើង​មាន​ដី ១០០០ ហិកតា​សម្រាប់​ដាំដុះ​ចេក​ដោយ​វិនិយោគ ៣២ លាន​ដុល្លារ​។ នៅក្នុង​ដំណាក់កាល​ដំបូង យើង​រៀបចំ​ផែនការ​ដាំដុះ​លើ​ផ្ទៃដី​ ៤០០ ហិកតា​។ ក្នុង​មួយ​ហិកតា យើង​ដាំ​ដើម​ចេក ២ ៥០០ ដើម​ដែល​ត្រូវការ​រយៈពេល​​ ១០ ​ខែ​សម្រាប់​ការប្រមូលផល​។

តើ​អ្នក​រំពឹង​ថា​នឹង​អាច​នាំ​ចេញ​ទៅ​ចិន​នៅ​ពេល​ណា​?

កម្ពុជា​ទទួល​បាន​ទីផ្សារ​ទៅ​ចិន​រួច​ហើយ ដូច្នេះ​ពេល​នេះ​យើង​កំពុង​រៀបចំ​ឯកសារ ដើម្បី​សម្រេច​បាន​លក្ខខណ្ឌ សម្រាប់​ការនាំ​ចេញ​លើកដំបូង​ត្រឹម​ខែ​មករា​ឆ្នាំ​ក្រោយ​ដែល​ជា​ការនាំ​ចេញ​ផ្លែ​ចេក​កម្ពុជា​លើក​ដំបូង​។ ដោយសារ​តែ​ទិសដៅ​របស់​យើង យើង​ចង់​នាំ​ចេញ​ផ្លែ​ចេក​ពី ៤ ទៅ ៥ កុងតឺន័រ ហើយ​បន្ទាប់មក​យើង​បន្ត​ជំរុញ​ការផលិត​របស់​យើង​ដើម្បី​ឈាន​ដល់​ការនាំ​ចេញ​ប្រចាំ​ថ្ងៃ​។

តើ​អ្វី​ជា​ភាព​ខុស​គ្នា​រវាង​ពូជ​ផ្លែ​ចេក​ក្នុង​ស្រុក និង​ពូជ​នាំ​ចូល​?

ចេក​របស់​យើង​មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​បញ្ហា​គឺ​ថា វា​មិន​អាច​រក្សា​បាន​ក្នុង​រយៈពេល​វែង និង​ឆាប់​ខូច ឬ​ជាំ ដូច្នេះ​បច្ចុប្បន្ន​យើង​មិន​អាច​នាំ​ចេញ​ផ្លែ​ចេក​ផ្ទាល់​របស់​យើង​បាន​ទេ ប៉ុន្តែ​យើង​សហការ​ជាមួយ​នាយកដ្ឋាន​ទី​ពិសោធន៍​កសិកម្ម​ក្នុង​ការ​សិក្សា​អំពី​ពូជ​ថ្មី​សម្រាប់​ការសម្រេច​បាន​ការនាំ​ចេញ ហើយ​យើង​នឹង​ផលិត​កូន​ចេក​កាន់​តែ​ច្រើន​។ ពូជ​ចេក​ដែល​បាន​នាំ​ចូល​មាន​ការ​ទទួល​ស្គាល់​រួចហើយ​នៅលើ​ទីផ្សារ ចំពោះ​ភាព​ពិសេស​របស់​វា​គឺ​ទុក​បាន​យូរ និង​ស្រួល​នាំ​ចូល​។

អ៊ីចឹង តើ​វា​ផ្តល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់​កសិករ​ក្នុង​ស្រុក​?

ដោយសារ​ជា​ការ​ចាប់ផ្ដើម​ដំបូង យើង​ត្រូវ​មាន​ការ​ចូលមក​របស់​វិនិយោគិន​សំខាន់ៗ ដើម្បី​ដឹកនាំ​ការនាំ​ចេញ​លើក​ដំបូង​រហូត​យើង​អាច​បង្កើត​ទំនុក​ចិត្ត​ទីផ្សារ​លើ​គុណភាព​ផ្លែ​ចេក ហើយ​បន្ទាប់​មក​កសិករ​ខ្នាតតូច ឬ​មធ្យម​អាច​ធ្វើ​តាម​គំរូ​នៃ​ការដាំដុះ និង​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​យើង​។

នៅពេល​យើង​ទទួល​បាន​ទីផ្សារ​រឹងមាំ​នៅក្នុង​ដៃ​ឧស្សាហកម្ម​ផ្លែ​ចេក និង​រីកចម្រើន​ដោយ​ខ្លួន​ឯង​ហើយ​នាំ​យក​អត្ថប្រយោជន៍​ដល់​ឧស្សាហកម្ម​ទាំង​មូល​។

កសិករ​មាន​ដើមទុន​តូច​គួរតែ​បង្កើត​សហករណ៍ និង​ប្រមូល​គ្នា​ធ្វើ​ជា​សមាជិក​ដ៏ធំ ដើម្បី​ផ្គត់ផ្គង់​ទ្រង់ទ្រាយ​ធំ​ដល់​តម្រូវការ​ទីផ្សារ​។ យើង​រៀបចំ​ផែនការ​ផលិត​កូន​ចេក ហើយ​ក្នុង​ពេល​ឆាប់ៗ យើង​នឹង​ផ្ដល់​ដល់​កសិករ​សម្រាប់​ការដាំដុះ​តាមរយៈ​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​។

ក្រុមហ៊ុន​យើង​បាន​ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ ៥០០ នាក់​រួច​ហើយ ហើយ​នៅ​ចុង​ឆ្នាំ​នេះ យើង​នឹង​ផ្ដល់​ការងារ ១ ពាន់​នាក់​ទៀត​។ ប្រជាជន​យើង មិន​ចាំបាច់​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ផ្សេង​ទៀត​នោះ​ទេ ខណៈ​ពួកគេ​អាច​មាន​ការងារ​នៅ​ក្នុង​ស្រុក ព្រមទាំង​ជួយ​ដល់​គ្រួសារ​ផង​ដែរ​៕LA