យុនណានៈ តំបន់ភាគខាងជើងរបស់ប្រទេស ឡាវ ចំនួន ១០ នឹងពង្រឹងកិច្ចសហប្រតិបត្តិការអាជីវកម្មបន្ថែមទៀតជាមួយខេត្តយុនណាន ប្រទេស ចិន ជាពិសេសនៅក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ។
មុនដាក់ដំណើរការយុទ្ធនាការ ទស្សនាប្រទេស ឡាវ‑ចិន ឆ្នាំ ២០១៩ (Visit Laos-China Year 2019) គណៈកម្មាធិការកិច្ចសហប្រតិបត្តិការ ឡាវ‑ចិន បានជួបប្រជុំក្នុងប្រទេស ចិន ដើម្បីឲ្យប្រតិបត្តិករធុរកិច្ចមកពីប្រទេសទាំង ២ អាចពិភាក្សាអំពីវិស័យសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត។
ថ្លែងក្នុងកិច្ចប្រជុំនេះ អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិឡាវ លោក Bounleuth Luangaseuth អ្នកចូលរួមបានពិភាក្សាអំពីសក្តានុពលអនាគត និងពិនិត្យមើលឡើងវិញនូវកិច្ចសហប្រតិបត្តិការកន្លងមក ដើម្បីឆ្ពោះទៅរកសមិទ្ធផល និងការអភិវឌ្ឍបន្ថែមទៀត។
លោកបានបន្ថែមថា កិច្ចប្រជុំនេះគឺដើម្បីបម្រើអត្ថប្រយោជន៍ដល់វិស័យទេសចរណ៍ក្នុងប្រទេស ឡាវ និងចិន ជាពិសេសនៅខេត្តភាគខាងជើងប្រទេស ឡាវ និងខេត្តយុនណាន។
គណៈប្រតិភូឡាវមានគោលបំណងទាក់ទាញការវិនិយោគថែមទៀតពីចិន និងផ្សព្វផ្សាយគោលនយោបាយវិនិយោគរបស់ឡាវ។
ក្រុមមន្រ្តីនឹងពន្យល់ផងដែរអំពីលក្ខណវិនិច្ឆ័យសម្រាប់ការប្រតិបត្តិការអាជីវកម្មក្នុងប្រទេស ឡាវ ទៅដល់ក្រុមហ៊ុនចិនក្នុងខេត្តយុនណាន។
កិច្ចប្រជុំនេះអាចឲ្យប្រតិបត្តិករឡាវ និងចិនរៀនសូត្រអំពីសកម្មភាពរបស់គ្នាទៅវិញទៅមក និងបម្រើជាវេទិកាសម្រាប់ ការផ្គូផ្គងធុរកិច្ច។
លោក Bounleuth បានថ្លែងថា ដោយរំពឹងថានឹងមានភ្ញៀវទេសចរចិនច្រើននៅឆ្នាំក្រោយ សភាពាណិជ្ជកម្មនិងឧស្សាហកម្មជាតិឡាវ និងប្រទេស ចិន នឹងបង្កើតសេវាព័ត៌មានមួយដើម្បីជួយដល់អាជីវកម្មនានាដែលប្រតិបត្តិការនៅក្នុងប្រទេសនីមួយៗ។
ភាគីទាំង២បានពិនិត្យមើលឡើងវិញនូវសមិទ្ធផលជាច្រើនរវាងឡាវ និងចិនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសពាក់ព័ន្ធនឹងខេត្តភាគខាងជើងរបស់ប្រទេសឡាវ និងខេត្តយុនណានដែលនៅជាប់ខេត្តរបស់ឡាវទាំងនោះ។
ប្រតិបត្តិករធុរកិច្ចពីប្រទេសនីមួយៗបានពិភាក្សាបញ្ហាដែលពួកគេប្រឈមមុខ ដំណោះស្រាយដែលអាចបាន និងការបង្កើនការនាំចេញនាំចូលផងដែរ៕ ANN/PS