ឡុងដ៍ៈ លោក Boris Johnson នាយករដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស​បាន​ប្រាប់​សហភាព​អឺរ៉ុប (EU) កាលពី​ថ្ងៃអាទិត្យ​ថា លោក​នឹងមិន​ពន្យារពេល Brexit ឲ្យ​ហួស​ពីថ្ងៃ​ទី​ ៣១ ខែ​ តុលា​ ឡើយ​ ដោយ​លោក​បញ្ជាក់ថា សំណើ​ចុងក្រោយ​បំផុត​របស់​លោក​​ គឺជា​ឱកាស​ចុងក្រោយ​ដើម្បី​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​។

អ្នកនាំពាក្យ​ខុទ្ទកាល័យ​នាយករដ្ឋមន្ដ្រី​បានលើក​ឡើង​ថា​លោក Johnson បាន​ប្រាប់​លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង តាម​ទូរស័ព្ទ​កាលពី​ថ្ងៃអាទិត្យ​ថា​៖ «EU មិនគួរ​ត្រូវបាន​លួងលោម​ឲ្យ​មាន​ការជឿ​ដោយ​យល់​ខុស​ថា ចក្រភព​អង់គ្លេស​នឹង​បន្ត​ស្ថិតក្នុង EU បន្ទាប់ពី​ថ្ងៃទី​ ៣១ ខែតុលា នោះឡើយ​»​។

លោក Johnson បាន​ឲ្យ​ដឹងថា​លោក​នឹងមិន​ស្នើឲ្យ​មាន​ការពន្យារពេល​ទៀត​ទេ បើទោះបី​ជា​សមាជិកសភា​ចក្រភព​អង់គ្លេស​បាន​អនុម័ត​ច្បាប់​មួយ​កាលពី​ខែ​មុន​ដែល​តម្រូវ​ឲ្យ​រូបលោក​ត្រូវ​តែ​ស្វែងរក​ការពន្យារពេល Brexit ផ្សេង​ទៀត ប្រសិន​បើ​បរាជ័យ​ក្នុង​ការទទួល​បាន​កិច្ចព្រមព្រៀង​មួយ​នៅត្រឹម​ពេល​បញ្ចប់​កិច្ចប្រជុំ​កំពូល​របស់ EU នា​ថ្ងៃទី​ ១៧ និង​ទី​ ១៨ ខែ​តុលា ខាងមុខ​។

ប្រភពពី​ខុទ្ទកាល័យ​នាយករដ្ឋមន្ដ្រី​បាន​ឲ្យ​ដឹងថា​ច្បាប់​នេះ​ «​កំពុង​ធ្វើឲ្យ​ខូច​ការចរចា​»​។

ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា​៖ «​ចក្រភព​អង់គ្លេស​បាន​ធ្វើការ​ស្នើសុំ​ដ៏សំខាន់​មួយ ប៉ុន្តែ​ពេលនេះ​វា​ដល់​ពេល​សម្រាប់​គណៈកម្មការ​អឺរ៉ុប​ដែល​ត្រូវ​បង្ហាញ​ឆន្ទៈ​ក្នុងការ​សម្របសម្រួល​ផងដែរ​។ ប្រសិន​មិន​មាន​ការសម្រប​សម្រួល UK នឹង​ចាកចេញ​ដោយ​មិនមាន​កិច្ចព្រមព្រៀង​»​។

មេដឹកនាំ​អឺរ៉ុប​បាន​ប្រតិកម្ម​ដោយ​មិន​ពេញចិត្ត​ចំពោះ​ការស្នើសុំ​ចុងក្រោយ​បំផុត​របស់​ទីក្រុង​ឡុងដ៍​។

ចក្រភព​អង់គ្លេស​បាន​ជំរុញ​ឲ្យ EU ត្រូវ​ពង្រឹង​ការចរចា​ជុំវិញ​សំណើ​នេះ ខណៈ​មេដឹកនាំ​អឺរ៉ុប​បាន​ព្រមាន​ថា ចក្រភព​អង់គ្លេស​ត្រូវតែ​កែសម្រួល​ផែនការ​របស់ខ្លួន​នៅក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​មួយ​នៅ​ខែ​នេះ​។

លោក Stephen Barclay រដ្ឋមន្ដ្រី Brexit បាន​ឲ្យ​ដឹងថា ប្លុក​នេះ​ចាំបាច់​ត្រូវ​បង្ហាញ «​ភាព​ច្នៃប្រឌិត និង​ភាពបត់បែន​» មុន​ថ្ងៃទី​ ៣១ ខែតុលា នៅពេល​លោក Johnson បាន​ប្ដេជ្ញា​ថា នឹង​បញ្ចប់​សមាជិកភាព EU រយៈពេល​ ៤៦ ​ឆ្នាំ​របស់​ប្រទេស​នេះ​ដោយ​មាន ឬ​មិនមាន​កិច្ចព្រមព្រៀង​។

ជាមួយ​នឹង EU ស្នើ​ឲ្យ​មាន​សំណើ​ដែល​កែតម្រូវ​ឡើងវិញ​ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ អ្នកនាំពាក្យ​ខុទ្ទកាល័យ​ប្រធានាធិបតី​បាន​ឲ្យ​ដឹងថា​លោក ម៉ាក្រុង បាន​យល់ព្រម​ក្នុង​ការហៅ​ទូរស័ព្ទ​របស់​លោក​ជាមួយ​លោក Johnson ថា ការចរចា​រវាង​ក្រុម​របស់​លោក Michel Barnier អ្នកចរចា​ជាន់ខ្ពស់​របស់ EU និង​មន្ដ្រី​ចក្រភព​អង់គ្លេស គួរតែ​បន្ត​ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ​ខាងមុខ​ទៀត ដើម្បី​វាយតម្លៃ ប្រសិន​បើ​កិច្ចព្រមព្រៀង​មួយ​អាច​ធ្វើ​ទៅ​បាន​ត្រឹម​ចុង​សប្ដាហ៍​នេះ​។

លោក Barclay បាន​បញ្ជាក់ថា គំនិត​របស់​លោក Johnson បាន​ដាក់​ជា​ផ្លូវការ​ទៅ​ទីក្រុង​ប្រ៊ុចសែល រួចហើយ​វា​គឺជា «​តំបន់​ចាប់ផ្ដើម​មួយ​» ហើយ «​ការចរចា​ដ៏តានតឹង​» នៅពេល​នេះ​មាន​ភាពចាំបាច់​ខ្លាំង​។

លោក​បាន​ប្រាប់​ទូរទស្សន៍ BBC ថា​៖ «​យើង​បាន​ដាក់ចេញ​សំណើ​ដ៏ប្រាកដប្រជា​បំផុត​ដែល​រួមទាំង​ការសម្របសម្រួល​របស់​យើង​ផងដែរ​»​។

លោក Barclay បន្ថែម​ទៀត​ថា​រដ្ឋាភិបាល​កំពុង​ពិចារណា​ការរៀបចំ​ការបោះឆ្នោត​សភា មុនពេល​កិច្ចប្រជុំ​កំពូល​របស់ EU ដើម្បី​បង្ហាញ​ទីក្រុង​ប្រ៊ុចសែល​ថា ផែនការ​នេះ​មាន​ការគាំទ្រ​ពី​សមាជិកសភា​។

មេដឹកនាំ​អឺរ៉ុប​តាម​ការរាយការណ៍​បាន​ឲ្យ​ដឹងថា បាន​ប្រឆាំង​នឹង​ការស្នើសុំ​របស់​ចក្រភព​អង់គ្លេស​ក្នុង​ការពិភាក្សា​ដំបូង​លើ​សំណើ​នេះ​ដែល​ត្រូវ​បញ្ចប់​នៅ​ចុង​សប្ដាហ៍​នេះ ហើយ​ពួកគេ​នឹង​បន្ត​ជាថ្មី​នៅ​ថ្ងៃ​ចន្ទ ដោយ​វា​នឹង​ត្រូវ​អស់​ពេលវេលា​មុន​ពេល​កិច្ចប្រជុំ​កំពូល EU​។

មិនមាន​ភាពមិន​ដាច់ស្រេច​ទេ

លោក Johnson បានចាប់ផ្ដើម​ទូរស័ព្ទ​ទៅ​មេដឹកនាំ​អឺរ៉ុប​កាលពី​ចុង​សប្ដាហ៍​មុន ដើម្បី​បញ្ចុះបញ្ចូល​សំណើ​របស់​លោក​ដែល​ថ្លែង​ទៅកាន់​លោកនាយក​រដ្ឋមន្ដ្រី​ហូឡង់ Mark Rutte កាលពី​ថ្ងៃ​សៅរ៍​។

លោក Rutte បាន​សរសេរ​លើ Twitter ថា លោក​បាន​ប្រាប់​លោក Johnson «​ពី​សំណួរ​សំខាន់​ជាច្រើន​អំពី​សំណើ​របស់​ចក្រភព​អង់គ្លេស​» និង «​មាន​ការងារ​ជាច្រើន​ត្រូវធ្វើ​មុនពេល​» កិច្ចប្រជុំ​កំពូល​របស់ EU​។

លោក Barnier និយាយ​ក្នុង​កម្មវិធី​មួយ​ក្នុង​ប្រទេស​បារាំង​កាលពី​ថ្ងៃ​សៅរ៍​ថា វា​នឹង​មាន​ការពិបាក​ខ្លាំង​ក្នុង​ការសម្រេច​បាន​កិច្ចព្រមព្រៀង​។

មេដឹកនាំ​ចក្រភព​អង់គ្លេស​កំពុង​សង្ឃឹមថា ការគំរាមកំហែង​នៃ​ការចាកចេញ​ដោយ​មិន​មាន​កិច្ចព្រមព្រៀង​ដ៏ច្របូកច្របល់​ក្នុង​រយៈពេល​តិចជាង​ ៣ ​សប្ដាហ៍​អាច​បង្ខំ​ឲ្យ EU ត្រូវធ្វើការ​សម្របសម្រួល​។

លោក Barclay បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អាទិត្យ​ថា រដ្ឋាភិបាល​នឹង​គោរព​តាមច្បាប់​ដែល​តម្រូវ​ឲ្យ​លោក Johnson ​ត្រូវ​ស្វែងរក​ការពន្យារពេល​ផ្សេងទៀត ប្រសិន​បើ​មិនមាន​កិច្ចព្រមព្រៀង​ត្រូវ​សម្រេចបាន​៕ LA