ភ្នំពេញៈ អតិថិជន​ជាច្រើន​នាក់​ដែល​ដាក់​ប្រាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ីនវេសម៉ិន ឯក ​(GoldFX Investment Co., Ltd) ដែលជា​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​ព្រមាន​ប្តឹង​ក្រុមហ៊ុន​នេះ​ទៅ​តុលាការ​ដោយ​ចោទថា ក្រុមហ៊ុន​បោក​ប្រាក់​ប្រមាណ ២៧ ​លាន​ដុល្លារ​។

ឧបករណ៍​និស្សន្ទ គឺជា​កិច្ចសន្យា​ដែល​ផ្តល់​សិទ្ធិ ឬ​កាតព្វកិច្ច​នៃ​មូលបត្រ​ដើម​ទៅឱ្យ​បុគ្គល​ណាមួយ ដោយ​រាប់បញ្ចូល​ទាំង​សិទ្ធិ ឬ​កាតព្វកិច្ច​ទិញ-លក់ ឬ​ដាក់​ពាក្យសុំ​ទិញ​មូលបត្រ​ក្នុង​ពេលអនាគត​ដោយ​មិន​គិតថា បុគ្គល​នេះ​មានបំណង​ប្រើ​សិទ្ធិ ឬ​មិន​ប្រើប្រាស់​សិទ្ធិ​នេះ​ក៏ដោយ​។ ហើយ​វា​ជា​ឧបករណ៍​ហិរញ្ញវត្ថុ ដែល​មាន​តម្លៃ​ដោយសារ​ប្រសិទ្ធភាព​នៃ​ទ្រព្យសកម្ម ការប្រាក់ ​អត្រា​ប្ដូរប្រាក់ ឬ​សន្ទស្សន៍​។

ទាក់ទិន​នឹង​ការព្រមាន​ប្តឹង​នេះ​ត្រូវបាន​ធ្វើឡើង​ បន្ទាប់ពី​ក្រុមហ៊ុន​មួយ​នេះ​បានប្រកាស​ផ្អាក​ប្រតិបត្តិការ​ក្រុមហ៊ុន​ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃទី​ ២៩ ខែ មីនា ឆ្នាំ​ ២០២១ តទៅ​។ នេះ​បើតាម​លិខិត​ផ្ញើជូន​អគ្គនាយក​និយតករ​មូលបត្រ​កម្ពុជា​ចុះ​ថ្ងៃទី​ ២៩ ខែមីនា​។

លិខិត​បញ្ជាក់ថា​៖ «​កាលពីពេល​ថ្មីៗ​នេះ ដោយ​សង្ស័យ​លើ​ប្រតិបត្តិការ និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅក្នុង​ក្រុមហ៊ុន យើងខ្ញុំ​បាន​ត្រួតពិនិត្យ​ឯកសារ​ឡើងវិញ និង​បានធ្វើ​សវនកម្ម​ក្នុង​ក្រុមហ៊ុន​ទើប​ដឹង​ច្បាស់​ថា គណៈ​គ្រប់គ្រង​មួយចំនួន​ក្នុង​ក្រុមហ៊ុន​បាន​កិបកេង​ប្រវ័ញ្ច​ប្រាក់​ក្រុមហ៊ុន និង​ប្រាក់​របស់​អតិថិជន​យ៉ាង​ច្រើន​ដែល​ក្រុមហ៊ុន​កំពុង​ចាត់ការ​ដោះស្រាយ​តាម​យុត្តាធិការ​»​។

លិខិត​នេះ​បន្តថា​៖ «​ដើម្បី​រក្សា និង​កម្រិត​ផលប៉ះពាល់​ដល់​អតិថិជន ក្រុមហ៊ុន​បានសម្រេច​ផ្អាក​ប្រតិបត្តិការ​ចាប់ពី​ថ្ងៃទី​ ២៩ ខែមីនា នេះ​តទៅ​រហូត​ដល់​មាន​ការសម្រេច​ជាថ្មី​»​។

អតិថិជន​ ១ ​រូប​បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែមីនា​នេះ ពួកគេ​បាន​រកឃើញ​អតិថិជន​យ៉ាងហោច​ណាស់ ១ ០០០ ​នាក់​ ដែល​បានដាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​នេះ​ដែល​មាន​ប្រាក់​សរុប​ប្រមាណ ២៧ ​លាន​ដុល្លារ​។

អ្នកស្រី​ឱ្យដឹងថា អតិថិជន​ទាំងអស់​គ្រោង​ដាក់ពាក្យ​បណ្តឹង​ទៅ​និយតករ​មូលបត្រ​កម្ពុជា​ (SERC) ឬ​តុលាការ​ដើម្បី​ទាមទារ​ប្រាក់​មកវិញ​។

អតិថិជន ១ ​រូប​ទៀត​ដែល​បានដាក់​ប្រាក់ ៥ ០០០ ​ដុល្លារ​ដែរ បាន​ឱ្យ​ដឹងថា ការសម្រេច​ផ្អាក​ប្រតិបតិ្តការ​របស់​ក្រុមហ៊ុន គឺជា​ការគេចវេះ​មិន​ចង់​ដោះស្រាយ​ជាមួយ​អតិថិជន​។

អ្នកស្រី​ប្រាប់ថា​៖ «​ចំពោះ​លិខិត​ក្រុមហ៊ុន ពួកខ្ញុំ​យល់ថា ជាការ​លាងខ្លួនឯង​ឱ្យ​ស្អាត បន្ទាប់មក​បិទទ្វារ និង​លែង​ទទួល​ខុសត្រូវ​លើ​លុយ ២៧ ​លាន​ដុល្លារ ដែល​យើង​បាន​វិនិយោគ​ជាមួយគ្នា​។ ពួក​ខ្ញុំ​ចង់ឱ្យ​ក្រុមហ៊ុន​ចេញមុខ​ដោះស្រាយ​ដោយ​កំណត់ពេល​ឱ្យបាន​ជាក់លាក់​ហើយ​ចង់​ឱ្យ​ក្រុមហ៊ុន​បង្វិលប្រាក់​ជូន​អតិថិជន​វិញ​ទាំងអស់​»​។

អតិថិជន​ទាំងអស់​នេះ​បាន​អះអាងថា ពួកគេ​នឹងមិន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ដើម្បី​ប្តឹង​ជនបរទេស​រស់នៅ​ក្រៅប្រទេស​ដែល​ក្រុមហ៊ុន​នេះ​អះអាង​ថា​ជនបរទេស​ទាំង ៣ ​នាក់​នោះបាន​កិបកេង​ប្រាក់​ក្រុមហ៊ុន និង​អតិថិជន​។

អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន GoldFX Investment ត្រូវ​បានចេញ​ដោយ​និយតករ​មូលបត្រ​កម្ពុជា​ចុះ​ថ្ងៃទី​ ១៩ ខែវិច្ឆិកា ឆ្នាំ​ ២០២០​។ និយតករ​មូលបត្រ​កម្ពុជា​បាន​ជូនដំណឹង​ពី​ម្សិលមិញ​ដល់​វិនិយោគិន​ដែលមាន​បំណង​ចង់​ដាក់ពាក្យ​បណ្ដឹង សូម​ដាក់ពាក្យ​បណ្ដឹង​នៅ​និយតករ​មូលបត្រ​កម្ពុជា​។

ទិន្នន័យ​របស់ SERC បាន​បង្ហាញថា ទំហំ​ជួញដូរ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​បាន​កើន​ពី ៨៤ ​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០១៨ ដល់ ១៦០,៦៨ ​លានដុល្លារ​ត្រឹម​ត្រីមាស​ទី​ ៤ ឆ្នាំមុន​។ បច្ចុប្បន្ន​ទីផ្សារ​ឧបករណ៍​និស្សន្ទ​មាន​សមភាគី​កណ្ដាល​ចំនួន​ ៥ ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ ២២ ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ចំនួន​ ៥ និង​ក្រុមហ៊ុន​ធានា​ទុកទ្រព្យ​ចំនួន​ ៥៕ LA