អស់​រយៈពេល​ជាង​ ២ ​សប្តាហ៍​កន្លងមកនេះ អ្នកប្រើប្រាស់​កម្មវិធី​ស្មាតហ្វូន វីង ​រាប់រយ​នាក់ បាន​បរិច្ចាគ​អាហារ និង​គ្រឿងឧបភោគ​បរិភោគ​ជាច្រើន​ផ្សេងទៀត​ដល់​ជន​ដែល​ងាយ​រងគ្រោះ​បំផុត​ពី​ជំងឺ​កូវីដ​ ១៩ តាមរយៈ​ វីងម៉ល ។

ប្រជាជន​រាប់ពាន់នាក់​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ចេញពី​កន្លែង​រាំងខ្ទប់​កាលពី​ខែ​មុន​ ដើម្បី​ការពារ​ និង​កាត់បន្ថយ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។ ទាំងនេះ​បាន​ធ្វើឱ្យ​ប្រជាជន​មួយចំនួន​បាត់បង់​ប្រាក់ចំណូល​ប្រចាំថ្ងៃ ជាពិសេស​អ្នក​ដែល​ប្រកបរបរ​ក្រៅ​ប្រព័ន្ធ​។

យី សុធារី អ្នក​បរិច្ចាគ​ម្នាក់​បាន​និយាយថា​៖ «​ខ្ញុំ​បានឃើញ​អ្នក​រើស​សំរាម និង​អ្នកធាក់ស៊ីក្លូ​ជាច្រើន​នៅតាម​ដងផ្លូវ ដែល​ពួកគាត់​បាត់បង់​សមត្ថភាព​ក្នុង​ការរកប្រាក់​ចំណូល​ប្រចាំថ្ងៃ​។ ពេលខ្លះ​ពួកគាត់​ស្ទើរតែ​គ្មាន​អាហារ​បរិភោគ​ក៏មានដែរ​»​។

ដោយ​មើលឃើញ​ពី​ទុក្ខលំបាក​នៅក្នុង​សហគមន៍​យ៉ាង​ដូច្នេះ សុធារី និង​មិត្តភក្តិ​ប្រមាណ​ ៥០ ​នាក់​ផ្សេងទៀត បាន​រួម​វិភាគទាន​ចំនួន​ ៣៧០ ​ដុល្លារ និង​បានសម្រេច​ជ្រើស​រើសយក​ វីងម៉ល ​ដើម្បី​បញ្ជា​ទិញ​អាហារ​ដើម្បី​ដឹក​ជូន​ដល់​អ្នកខ្វះខាត​រហូត​ទៅដល់​ ៧០ ​នាក់​ក្នុង​ក្រុងភ្នំពេញ​ដោយ​ចំណាយពេល​ត្រឹមតែ ១ ​ម៉ោង​តែប៉ុណ្ណោះ​។

សុធារី បាន​បន្ថែមទៀតថា​៖ «​អ្វីដែល​ធ្វើឱ្យ​យើង​ពេញចិត្ត​នោះ​គឺ​យើង​បាន​ជួយ​សហគមន៍​របស់​យើង​បាន ដូច​យើង​បាន​ជួប​ពួកគាត់​ដោយផ្ទាល់​អ៊ីចឹង​។ យើង​គ្រាន់តែ​ចុច​ ២-៣ ​ប៉ក់ បន្ទាប់មក​យើង​អាច​បញ្ជូន​បាយ​ឆា​ក្តាម​ ៧០ ​កញ្ចប់ រួមទាំង​ទឹកសុទ្ធ ដើម្បី​ចែកជូន​ដល់​ពូពូ​អ្នកធាក់ស៊ីក្លូ និង​អ្នក​រើស​សំរាម​បាន​យ៉ាង​រហ័ស​។ រយៈពេល​ ២ ​ទៅ​ ៣ ​នាទី​ បន្ទាប់ពី​ចែក​អាហារ​រួច ក្រុម​ដឹកជញ្ជូន​ វីងម៉ល ​បាន​ចែករំលែក​រូបភាព​នៃ​សកម្មភាព​ចែក​អាហារ​របស់​ពួកយើង​។ វីងម៉ល ​មិន​ត្រឹមតែ​អាចជួយ​ដល់​អ្នក​កំពុង​ជួប​ទុក្ខ​លំបាក​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ផ្តល់​ភាពងាយស្រួល​សម្រាប់​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​បាន​»​។

លោក ឈន ថន អ្នកធាក់ស៊ីក្លូ ១ ​រូប​ដែល​បានទទួល​អំណោយ​បាន​និយាយថា ការចែករំលែក​អំណោយ​ទាន​ទាំងនេះ ពិតជា​ផ្តល់​ប្រយោជន៍​ខ្លាំងណាស់​ដល់​កម្មករ អ្នក​រើស​សំរាម និង​អ្នកដទៃ​ផ្សេងទៀត​ដែល​កំពុង​ជួប​ទុក្ខលំបាក​។

លោក ថន បាន​និយាយថា​៖ «​ចាប់តាំងពី​ការរីករាលដាល​នៃ​មេរោគ​កូវីដ ១៩ អស់​ជាច្រើន​ថ្ងៃ​មកហើយ​ដែល​ភាគច្រើន​ខ្ញុំ​ទៅផ្ទះ​ដោយ​ដៃទទេ​»​។

«​វា​ពិតជា​លើកទឹកចិត្ត​ដល់​ពួកខ្ញុំ​ណាស់​ដែលមាន​សប្បុរសជន​ដឹង​ពី​ទុក្ខលំបាក​របស់​ពួកយើង​។ ខ្ញុំ និង​អ្នក​ក្បែរ​ខ្ញុំ​ដែល​កំពុង​ទីទ័ល បានទទួល​ជំនួយ​ឧបត្ថម្ភ​ជាច្រើន​ពី​សប្បុរសជន​។ ខ្ញុំ​ពិតជា​សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន​ម្ចាស់ជំនួយ​ទាំងឡាយ​ណាស់​»​។

ម្ចាស់ជំនួយ​គ្រាន់តែ​បើក​កម្មវិធី ស្មាតហ្វូនវីង (Wing Money App) រួច​ចូលទៅ​កាន់ «​វីងម៉ល​» (WingMall) បន្ទាប់មក​បញ្ជាក់ ទីកន្លែង ឈ្មោះ ឬ​លេខ​ទំនាក់ទំនង​របស់​អ្នកទទួល នោះ​ក្រុម​ដឹកជញ្ជូន​របស់​ វីងម៉ល នឹង​នាំយក​ជំនួយ​ទាំងនោះ​ទៅ ចែកជូន​ដល់​ជនខ្វះខាត ព្រមទាំង​មាន​ការផ្ញើ​រូបភាព​ត្រឡប់មកវិញ​ដើម្បី​ធ្វើជា​ភ័ស្តុតាង​ដល់​សប្បុរសជន​ទៀតផង​។

លោក សាក់សាម ស៊ូបាម នាយក​គ្រប់គ្រង​ការទូទាត់​អាជីវកម្ម​អេឡិចត្រូនិក វីងម៉ល មានប្រសាសន៍​ថា បែបបទ​នៃ​ការផ្តល់​ជំនួយ​ទាំងនេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​រវាង​ម្ចាស់ជំនួយ និង​ជនទីទ័ល​។ លោក​ សាក់សាម បាន​បន្តថា​៖ «​ការផ្តួចផ្តើម​ទាំងនេះ គឺ​ដើម្បី​ជួយ​គ្រួសារ​ដែល​កំពុង​ជួប​ទុក្ខលំបាក​។ វា​មិន​ត្រឹមតែ​ជួយ​អ្នក​ដែល​កំពុង​ខ្វះខាត​ប៉ុណ្ណោះ​ទេ តែ​វា​បានបង្ហាញ​ពី​សាមគ្គីភាព​ជាតិ​តែមួយ ដើម្បី​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​»​។ អតិថិជន​របស់​ វីងម៉ល អាច​ទិញ​ទំនិញ​ជាច្រើន​ពី​ហាង​រាប់ពាន់​នៅ​ទីក្រុង​ភ្នំពេញ​ជាមួយ​អាហារ និង​ភេសជ្ជៈ​ដ៏សម្បូរបែប​ដែល​បានដាក់​បង្ហាញ​នៅលើ​វីងម៉ល​។

សប្បុរសជន និង​ទទួល​បាន​ការបញ្ចុះតម្លៃ និង​សេវា​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​។ អ្នកប្រើប្រាស់​កម្មវិធី ស្មាតហ្វូនវីង ​ទាំងអស់ អាច​បន្ត​ផ្តល់ជំនួយ​ដល់​ជន​ដែល​ងាយ​រងគ្រោះ​ដោយ​ជំងឺ​កូវីដ​ ១៩ តាមរយៈ​ វីងម៉ល ​ប្រកបដោយ​ភាពងាយស្រួល​៕