ភ្នំពេញ ប៉ុស្ដិ៍ | ​អតិផរណា​ធ្លាក់​ចុះ​ដូច​គ្នា​ទៅ​នឹង​ការ​ព្យាករ

អតិផរណា​ធ្លាក់​ចុះ​ដូច​គ្នា​ទៅ​នឹង​ការ​ព្យាករ

សេដ្ឋកិច្ច

កាលបរិច្ឆេទផ្សាយ:
០៧ កុម្ភៈ ២០១៣ | ១៦:៤៧

អ្នកយកព័ត៌មាន:
ម៉ៃ គុណមករា

ប្រធានបទផ្សេងៗ


ភ្នំពេញៈ អត្រា​អតិផរណា​របស់​កម្ពុជា​ឆ្នាំ​២០១២​បាន​ធ្លាក់​មក​នៅ​ត្រឹម​៣​ភាគ​រយ ដោយ​ធ្លាក់​ចុះ​ពី​៤,៩​ភាគរយ​កាល​ពី​ឆ្នាំ​២០១១។ នេះ​បើ​តាម​ទិន្នន័យ​ពី​ធនាគារ​ជាតិ​កម្ពុជា​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​មករា។

លោក ជា ចាន់តូ ទេសាភិបាល​ធនាគារ​ជាតិ​កម្ពុជា​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​កាល​ពី​ចុង​ខែ​មករា​ថា សេដ្ឋកិច្ច​កម្ពុជា​ដំណើរ​ការ​ទៅ​យ៉ាង​ល្អ​កាល​ពី​ឆ្នាំ​មុន​ដោយ​មាន​ការ​ត្រួត​ពិនិត្យ​អត្រា​ប្តូរ​ប្រាក់​តម្លៃ​ទំនិញ​បានល្អ។ មន្រ្តី​រូប​នេះឲ្យ​ដឹង​ថា​ម៉ាក្រូ​សេដ្ឋកិច្ច​ដំណើរ​ការ​ល្អខណៈ​ការ​ធ្លាក់​ចុះ​នៃ​អត្រា​អតិផរណា​នៅ​បណ្ដា​ប្រទេស​ជិត​ខាង​គឺ​ជា​ការ​រួម​ចុះ​ណែក​មួយ​។

លោក​ថ្លែង​ថា​៖ «ស្ថិរភាព​តម្លៃ​អាហារ​និង​ប្រាក់​រៀល​គឺជា​ការ​រួម​ចំណែក​ដ៏​ធំ​មួយ​សម្រាប់​សេដ្ឋកិច្ច​។ អត្រា​អតិផរណា ៣​ភាគ​រយ​កាល​ពី​ឆ្នាំ​មុន​គឺ​មាន​កម្រិត​ទាប​និង​អាច​គ្រប់​គ្រង​បាន​» លោក​បន្ត​ថា ប្រាក់​រៀល​កម្ពុជា​ធៀប​នឹង​ប្រាក់​ដុល្លារ​បាន​កើន​ឡើង​១,៧​ភាគ​រយ​កាល​ពី​ឆ្នាំ​មុន​បើ​ប្រៀប​នឹង​២០១១​។

លោក ឃិន សុង អគ្គ​នាយក​រង​វិទ្យាស្ថាន​ជាតិ​ស្ថិតិ បាន​និយាយ​ថា​កម្ពុជា​អាច​មាន​លទ្ធភាព​ផលិត​នូវ​ផលិត​ផល​ជា​ច្រើន​ទៀត​ដែល​អាច​ផ្គត់​ផ្គង់​ដល់​ទី​ផ្សារ​កាល​ពី​ឆ្នាំ​មុន​។ លោក​បាន​បន្ត​ថា៖

«យើង​មាន​ស្ថិរភាព​តម្លៃ​អាហារ​និង​សាច់​នៅ​ពេល​ដែល​យើងអាច​ផលិត​បាន​ច្រើន​ថែម​ទៀត​នោះ​ហេតុ​ដូច​នេះ​ហើយ​អត្រា​អតិផរណា​គឺ​នៅ​មាន​កម្រិត​ទាប​ហើយ​យើង​គ្មាន​ការ​បារម្ភ ព្រោះ​អាច​គ្រប់​គ្រង​បាន​»

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​និង​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិបាន​ព្យាករ​កាល​ពី​ខែ​តុលា​ថា អតិផរណា​របស់​កម្ពុជា​នៅ​ឆ្នាំ​២០១២ គឺ​៣​ភាគរយ​និង​៣,ភាគ​រយ។

លោក ឃិន សុង បាន​លើក​ឡើង​ថា​៖ «នៅ​ពេល​ដូច​គ្នា​នេះ​បើ​សិន​ជា​យើង​សម្លឹង​មើល​អតិផរណា​នៅ​បណ្ដា​ប្រទេស​ជិត​ខាង​របស់​យើង​គឺ​មាន​កម្រិត​ទាប​ដែល​នេះ​គឺ​ជា​ការ​រួម​ចំណែក​សម្រាប់​យើង​» PB

 

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com