ក្រុងប៉េកាំងៈ ទិន្នន័យ​បានបង្ហាញ​កាលពី​ថ្ងៃ​អង្គារ​ថា អតិរេក​ពាណិជ្ជកម្ម​របស់​ប្រទេស​ ចិន​ ជាមួយ​អាមេរិក​បាន​រួម​តូច​កាលពី​ឆ្នាំមុន ខណៈ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​ពីរ​របស់​ពិភពលោក​បាន​ដកហូត​ពន្ធ​នាំចូល​ពិន័យ​ទៅវិញ​ទៅមក​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​កាន់តែខ្លាំង​មួយ ខណៈ​ប្រទេស​ទាំងពីរ​ត្រៀម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដែល​បន្ធូរបន្ថយ​ភាពតានតឹង​។

ភាពខុស​គ្នា​យ៉ាងខ្លាំង​ក្នុង​ការចរាចរ​ពាណិជ្ជកម្ម​គឺជា​ឆ្នឹង​ខ្នង​ដ៏សំខាន់​មួយ​នៃ​ការខ្វែង​គំនិត​គ្នា​សម្រាប់​លោក ដូណាល់ ត្រាំ នៅក្នុង​ជម្លោះ​ដែល​ជាប់គាំង​ដ៏យូរ​ដែល​បាន​មើលឃើញ​លោក​ប្រធានាធិបតី​រូបនេះ​ដកហូត​ពន្ធ​នាំ​ចូល​លើ​ទំនិញ​មាន​តម្លៃ​រាប់រយ​ពាន់​លាន​ដុល្លារ ដែល​ជំរុញ​ឲ្យ​មាន​ការសងសឹក​ពី​ទីក្រុង​ប៉េកាំង និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​។

អតិរេក​របស់​ប្រទេស​ ចិន​ មាន​ទំហំ​ប្រហែល ២៩៥,៨ ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៩ ធ្លាក់ចុះ ៨,៥ ​ភាគរយ​ ធៀប​នឹង​ចំនួន​ខ្ពស់​បំផុត​ ៣២៣,៣ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​ទិន្នន័យ​គយ​។

កាលពី​ខែធ្នូ អតិរេក​របស់​ខ្លួន​ជាមួយ​អាមេរិក​មាន​ចំនួន​ប្រហែល ២៣,២ ពាន់​លាន​ដុល្លារ​ ធៀប​នឹង ២៤,៦ ពាន់​លាន​ កាលពី​ខែ​វិច្ឆិកា​។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ខ្នាតតូច​ដែល​បានប្រកាស​កាលពី​ខែ​មុន​នឹង​មើលឃើញ​ទីក្រុង​ប៉េកាំង​ទិញ​បន្ថែម​ផលិតផល​អាមេរិក​មានតម្លៃ ២០០ ពាន់​លាន​ដុល្លារ​ ក្នុង​អំឡុងពេល ២ ​ឆ្នាំ​។ នេះ​បើ​យោងតាម​ក្រុមមន្ដ្រី​របស់​ទីក្រុង​វ៉ាស៊ីនតោន​។ ប្រទេស​ ចិន​ នៅ​មិនទាន់​បញ្ជាក់​តួលេខ​នេះ​ជា​សាធារណៈ​នៅឡើយ​ទេ​។

រដ្ឋបាល​លោក ត្រាំ បាន​ផ្អាក​ដកហូត​ពន្ធ​នាំចូល​ថ្មី​លើ​ទំនិញ​ដែល​ផលិត​នៅ​ប្រទេស ​ចិន ​ដូចជា​គ្រឿង​អេឡិចត្រូនិក​ដែល​នឹងត្រូវ​ចាប់ផ្ដើម​អនុវត្ត​កាលពី​ខែ​មុន​។ រដ្ឋាភិបាល​នេះ​ក៏បាន​បញ្ឈប់​ការ​ហូតពន្ធ​ទាំងនោះ​នៅ​ថ្ងៃទី​ ១ ខែ​កញ្ញា លើ​ផលិតផល​មានតម្លៃ ១២០ ​ពាន់​លាន​ដុល្លារ​ផងដែរ​។

ប៉ុន្តែ​ទីក្រុង​វ៉ាស៊ីនតោន​បាន​រក្សា​ពន្ធ​នាំចូល ២៥ ​ភាគរយ​ លើ​ការនាំ​ចូល​របស់​ប្រទេស​ចិន​ដែល​មាន​តម្លៃ​ប្រហែល ២៥០ ​ពាន់​លាន​ដុល្លារ​។

នៅក្នុង​សញ្ញា​មួយ​បន្ថែមទៀត​នៃ​ការកាត់បន្ថយ​ការកើនឡើង​ខ្លាំង ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ចន្ទ​បាន​ដក​ប្រទេស​ចិន​ចេញពី​ឈ្មោះ​ជា​អ្នក​កេងចំណេញ​តម្លៃ​រូបិយប័ណ្ណ (currency manipulator) ដែល​ខ្លួន​បានដាក់​លើ​ចិន​កាលពី​រដូវក្ដៅ​ឆ្នាំមុន​។

ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​អង្គារ លោក Zou Zhiwu អ្នកនាំពាក្យ​រដ្ឋបាល​គយ​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ខែ​វិច្ឆិកា និង​ខែធ្នូ ការនាំ​ចូល​របស់​ប្រទេស​ចិន​ពី​អាមេរិក​ដែល​រួមមាន​ទាំង​សណ្ដែកសៀង និង​សាច់ជ្រូក​បាន​កើនឡើង​។

លោក Zou បាន​បន្ថែមថា ការបង្កើន​ការនាំ​ចូល​ពី​អាមេរិក​នឹងមិន​ប៉ះពាល់​ដល់​ការទិញ​របស់​ប្រទេស​ ចិន ​ពី​បណ្ដា​ប្រទេស​ផ្សេងទៀត​នោះទេ​។

លោក​ក៏បាន​ឲ្យ​ដឹងថា ភាពតានតឹង​ផ្នែក​ពាណិជ្ជកម្ម «​បានដាក់​សម្ពាធ​មួយចំនួន​លើ​ពាណិជ្ជកម្ម និង​ក្រុមហ៊ុន​បរទេស​របស់​ប្រទេស​ចិន​ដែល​ភាគច្រើន​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​»​។

លោក​បាន​ថ្លែងថា​៖ «​ទោះបីជា​ការនាំចេញ​របស់​យើង​ទៅ​អាមេរិក​បាន​ធ្លាក់ចុះ​ក៏ដោយ ក៏​ប្រសិទ្ធភាព​នៃ​សហគ្រាស​ដែល​ធ្វើ​ពិពិធកម្ម​លើ​ទីផ្សារ​របស់​ពួកគេ មាន​សារៈសំខាន់​»​។ លោក​បន្ថែម​ថា​ការនាំ​ចេញទៅ​ទីផ្សារ​មិនមែន​អាមេរិក បាន​កើនឡើង ហើយ​ការនាំចេញ​ជារួម​នៅ​តែ​កំពុង​កើនឡើង​៕ LA