ក្រុង​ប៉េកាំងៈ អតិរេក​ពាណិជ្ជ​កម្មរបស់​​ប្រទេសចិន​ជា​មួយ​អា​មេរិក ​​បានធ្លាក់ចុះ​កាល​ពីខែ​កក្កដា​ នៅ​ពេល​​លោក​ប្រធានា​ធិបតី​អាមេរិក ដូណាល់​ ត្រាំ ​បាន​ហូត​ពន្ធ​នាំចូល​ខ្ពស់​លើ​ទំនិញ​របស់​ប្រទេស​ចិន​​ក្នុងតម្លៃ​រាប់​ពាន់​លាន​ដុល្លារ​​នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​មួយ​​រវាង​​​ប្រទេសដែល​​មានសេដ្ឋ​កិច្ច​ធំជាង​គេ​ទាំង​ពីរ​របស់​ពិ​ភព​លោកនេះ។

​តួលេខ​កាលពីថ្ងៃពុធ​ត្រូវ​បានចេញផ្សារ ខណៈ​ប្រទេស​ទាំង​ពីរ​​​គំរាម​កំហែងគ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​វិធានការ​បន្ថែម​ ដែល​បានជំរុញ​​ឲ្យ​មាន​ការ​បារម្ភ​ពី​ការ​កើតមាន​សង្គ្រាម​ពាណិជ្ជ​កម្ម​ ដែល​​ក្រុម​អ្នកសង្កេត​ព្រមានថា អាច​រារាំង​ពាណិជ្ជ​កម្ម​ពិ​ភព​លោក។

ទីក្រុង​ប៉េកាំង​​បានរា​យ​ការណ៍ពី​​អតិរេក​ពាណិជ្ជកម្ម​ ២៨,១ ​ពាន់លាន​ដុល្លារ​កាល​ពីខែ​កក្កដា ធ្លាក់ចុះ​ពី​កំណត់ត្រាខ្ពស់​បំផុត ២៨,៩ ពាន់​លានដុល្លារ​​​កាល​​ពីខែ​មិថុនា។ អតិរេក​ពាណិជ្ជ​កម្ម​ខ្ពស់​របស់​ប្រទេស​ចិន​​ជា​មួយអាមេរិក​​គឺជា​កម្មវត្ថុ​នៃ​ជម្លោះ​មិន​ចេះ​ចប់​មួយ ដោយ​លោក​ត្រាំ​ចោទ​ប្រកាន់​​ប្រទេស​នេះពីបទ​អនុវត្ត​មិនស្មើ​ភាព​ លួចការងារ​អាមេរិក និង​លួច​​​បច្ចេកវិទ្យា​របស់ខ្លួន។

ការធ្លាក់ចុះ​អតិរេកអា​មេរិក​របស់​​ប្រទេសចិន​​មិនទំនងជា​​នឹង​​បន្ធូរ​បន្ថយ​ភាព​តានតឹង​ជា​មួយ​លោក​ ត្រាំ​ ឡើយ។ សេតវិមាន កាល​ពីថ្ងៃទី ​៦ ខែ​កក្កដា​ បាន​ហូត​ពន្ធ​នាំចូល​ ២៥​ភាគរយ​​លើ​​ផលិត​ផល​របស់​​ប្រទេស​ចិនដែល​នាំចូល​អាមេរិក​​ក្នុង​​តម្លៃ​ ៣៤ ពាន់​លានដុល្លារ ដែល​​ជំរុញ​​ឲ្យ​មាន​ការ​ឆ្លើយ​តប​សងសឹក​​ភ្លាមៗ​ពី​ទី​ក្រុងប៉េកាំង។

​មន្ដ្រី​អាមេរិក​បាន​ថ្លែង​កាល​ពី​ថ្ងៃអង្គារ​ថា ពួកគេ​នឹង​ហូត​ពន្ធ ​២៥​ ភាគរយ​លើ​ការនាំចូល​របស់​ប្រទេស​ចិន​ក្នុងតម្លៃ​ ១៦​ ពាន់​លាន​ដុល្លារ​ផ្សេងទៀត​ចាប់​ពី​ថ្ងៃទី​ ២៣ ខែ​សីហា៕ AFP/​LA