ទីក្រុងអូតាវ៉ា៖ ទីភ្នាក់ងារ​ស្ថិតិ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​កាណាដា បាន​កាត់បន្ថយ​ការងារ ២០៧ ០០០ កន្លែង​កាលពី​ខែមេសា ដោយសារ​តែ​រលក​កូវីដ​បំប្លែង​ថ្មី ជំរុញ​អត្រា​ការគ្មាន​ការងារ​ធ្វើ​កើនឡើង​ដល់ ៨,១ ភាគរយ បន្ទាប់ពី​ការចាប់ផ្ដើម​នៅ​ឆ្នាំនេះ​ស្ថិត​លើ​ដំណើរ​ផ្លូវ​ធ្លាក់ចុះ។

យោងតាម​ទីភ្នាក់ងារ​ស្ថិតិ Statistics Canada ការខាតបង់​បាន​កើតឡើង​បន្ទាប់ពី​មាន​ការកើនឡើង​ក្នុង​រយៈពេល​ពីរ​ខែ​មុន ហើយ​ស្ទើរតែ​គ្រប់​វិស័យ​ទាំងអស់​របស់​ផ្នែក​ឯកជន ដែល​បំផ្លាញ​ក្ដីសង្ឃឹម​ថា សេដ្ឋកិច្ច​បាន​ចាប់ផ្ដើម​ដំណើរ​ទៅមុខ។

ទីភ្នាក់ងារ​ស្ថិតិ​នេះ​បាន​ឲ្យ​ដឹងថា ការងារ​ពេញ និង​ក្រៅ​ម៉ោង​ត្រូវបាន​បាត់បង់​កាលពី​ខែមេសា ភាគច្រើន​នៅក្នុង​ឧស្សាហកម្ម​ជាច្រើន​ដែល​រង​ផលប៉ះពាល់​ដោយផ្ទាល់​ ដោយ​ការរឹតបន្តឹង​សុខភាព​សាធារណៈ​ថ្មី ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​យ៉ាង​រហ័ស​ជំងឺ​កូវីដ​បម្លែង​ថ្មី។

លោក Royce Mendes អ្នកវិភាគ​នៅ CIBC បាន​ថ្លែងថា៖ «ទីផ្សារការងារ​របស់​ប្រទេស​កាណាដា ត្រូវបាន​បំផ្លាញ​ជាថ្មី​ស្ថិតក្រោម​សម្ពាធ​នៃ​ការកើនឡើង​ផ្សេងទៀត​ការឆ្លង​ជំងឺ​កូវីដ និង​ការរឹតបន្តឹង​ដ៏តឹងតែង»។

លោក​លើកឡើង​ថា៖ «ដោយសារ​តែ​ការរឹតបន្តឹង​ដ៏​តឹងតែង​ជាការ​ឆ្លើយតប​នឹង​រលក​ទី ៣ នៅតែ​ដំណើរការ ដែល​ចាប់ផ្ដើម​កាលពី​ខែឧសភា និង​ផ្នែក​ខ្លះ​នៃ​ប្រទេស​នេះ​តម្រូវ​ឲ្យ​មាន​វិធានការ​កាន់តែ​តឹងតែង​ថែមទៀត ការបាត់បង់​ការងារ​កាន់តែ​ច្រើន​អាច​បង្ហាញ​នៅក្នុង​របាយការណ៍​បន្ទាប់»។

លោក​បញ្ជាក់ថា៖ «ព័ត៌មាន​ដ៏ល្អ​គឺថា ខ្សែកោង​កំពុង​កោង​ចុះ​នៅក្នុង​តំបន់​មួយចំនួន​នៃ​ប្រទេស​នេះ និង​ការចាក់​វ៉ាក់សាំង​កំពុង​បង្កើនល្បឿន ទាំងពីរ​នេះ​នឹង​ជួយ​ទីផ្សារ​ការងារ​ចាប់ផ្ដើម​ស្ទុះ​ងើបឡើង​វិញ​នៅ​ខែមិថុនា»។

ការកើនឡើង ០,៦ ពិន្ទុ​ភាគរយ ក្នុង​អត្រា​គ្មាន​ការងារ​ធ្វើ​ពី ៧,៥ ភាគរយ​កាលពី​ខែមីនា បន្ទាប់ពី​ការធ្លាក់​ចុះមក​នៅត្រឹម​កម្រិត​ទាប​បំផុត​របស់ខ្លួន ចាប់​តាំង​ការចាប់ផ្ដើម​ការរីករាលដាល​ជំងឺ​កូវីដ១៩។

ការបាត់បង់​ការងារ​ត្រូវបាន​កត់ត្រា​លម្អិត​នៅក្នុង​វិស័យ ការ​ស្នាក់នៅ និង​សេវា​ម្ហូបអាហារ និង​ព័ត៌មាន វប្បធម៌ និង​ការកម្សាន្ត​នានា។

ភាគច្រើន​នៃ​ការបាត់បង់​នេះ​គឺ​នៅ​ទីក្រុង Ontario ដែល​កំពុងស្ថិត​ក្រោម​ការបិទខ្ទប់​ដែល​បញ្ជា​ដោយ​រដ្ឋាភិបាល​ជា​លើក​ទី ៣ នៅ​ឆ្នាំនេះ និង​ខេត្ត British Columbia ភាគ​ខាងលិច​បំផុត។

ការធ្លាក់ចុះ​អត្រា​ការងារ​មួយផ្នែក​ត្រូវបាន​ប៉ះប៉ូវ​ដោយ​ការទទួល​បាន​ផ្នែក​សេវា​រដ្ឋបាល​សាធារណៈ វិជ្ជាជីវៈ វិទ្យាសាស្ដ្រ និង បច្ចេកវិទ្យា ហិរញ្ញវត្ថុ ការធានារ៉ាប់រង និង​អចលទ្រព្យ ឧស្សាហកម្ម​ទាំង ៣ ជា​កន្លែង​ដែល​សកម្មភាព​អាច​ត្រូវបាន​ប្រតិបត្តិការ​ពី​ចម្ងាយ។

ជា​លទ្ធផល ចំនួន​ប្រជាជន​កាណាដា ដែល​ធ្វើ​ការងារ​ពី​ផ្ទះ​បាន​កើនឡើង ១០០ ០០០ ដល់ ៥,១ លាន​នាក់៕ AFP/LA