
ផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុនៃក្រុមហ៊ុន Golden Fx Link។
ក្នុងការផ្តល់អាទិភាពជូនវិនិយោគិនក្នុងស្រុក និងការប្រើប្រាស់អត្ថប្រយោជន៍នៃការអប់រំ ក៏ដូចជាបទពិសោធអន្តរជាតិក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ក្រោមការដឹកនាំ និងកិច្ចសហប្រតិបត្តិការដ៏ខ្ពង់ខ្ពស់ពីគណៈកម្មការមូលបត្រកម្ពុជា បានរៀបចំសិក្ខាសាលាជាលក្ខណៈទ្រង់ទ្រាយធំ នៅគ្រប់ខេត្តក្រុងទាំងអស់នៃប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមជាអធិបតីពីអភិបាល និងអភិបាលរងខេត្តផងដែរ។
សិក្ខាសាលានេះមានគោលបំណងចែករំលែកនូវសារៈសំខាន់នៃការជួញដូរឧបករណ៍និស្សន្ទ និងឱកាសវិនិយោគនៅក្នុងទីផ្សារឧបករណ៍និស្សន្ទ ហើយតាមរយៈសិក្ខាសាលានេះ យើងបានផ្ដល់ការអប់រំ និងបង្កើនចំណេះដឹងទាក់ទងនឹងការវិនិយោគទៅកាន់សាធារណជនជាង ៣ ០០០ នាក់។
ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន ហ្គោលដេន អេហ្វ អិកស៍ លីង ឃែភីថល បានអញ្ជើញអ្នកជំនាញជនជាតិជប៉ុនម្នាក់ ដែលមានបទពិសោធ ៤០ ឆ្នាំ នៅក្នុងវិស័យហិរញ្ញវត្ថុមកបង្កើតផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីបង្ហាញ និងណែនាំអំពីបច្ចេកវិទ្យាជួញដូររបស់ជប៉ុន រួមបញ្ចូលទាំងការជួញដូរស្វ័យប្រវត្តិ (Expert Adviser) និងការជួញដូរវៃឆ្លាតសិប្បនិម្មិត (Artificial Intelligence) ព្រមទាំងចំណេះជំនាញលើវិធីគ្រប់គ្រងទុនវិនិយោគរបស់វិនិយោគិនកម្ពុជាឱ្យប្រកបដោយសុវត្ថិភាព។
ចាប់តាំងពីពេលនោះមក ផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់យើង បានរៀបចំសិក្ខាសាលាអប់រំជាង ២០ ដងរួចមកហើយ។ តាមរយៈសកម្មភាពជាមូលដ្ឋាននេះ យើងបានអភិវឌ្ឍសមត្ថភាពរបស់វិនិយោគិនកម្ពុជា និងលើកកម្ពស់ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាជាបន្តបន្ទាប់។ ផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់យើងនឹងបន្តដើរតួនាទីជាស្ពានមួយរវាងកម្ពុជា និងជប៉ុន ក្នុងសកម្មភាពលើកស្ទួយសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើន។
បេសកកម្មរបស់យើង គឺផ្តល់ជូននូវស្តង់ដាមិនត្រឹមតែរបស់ប្រទេសជប៉ុន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្តង់ដាពិភពលោកដល់វិនិយោគិនកម្ពុជាផងដែរ។ លើសពីនេះទៅទៀត យើងក៏បានចាប់ផ្តើមផែនការបោះពុម្ពសៀវភៅអត្ថបទស្តីពី «ការជួញដូរឧបករណ៍និស្សន្ទសម្រាប់ប្រជាជនកម្ពុជា» ដែលត្រូវបានសរសេរជាភាសាខ្មែរដំបូងគេ ដើម្បីផ្ដល់ជូននូវការយល់ដឹងច្បាស់លាស់ និងជំនាញជួញដូរប្រកបដោយវិជ្ជាជីវៈ៕