ភ្នំពេញៈ អនុបាតប្រាក់ចំណេញសុទ្ធជាមធ្យម ៣ ឆ្នាំជាប់ៗគ្នាកាលពីឆ្នាំ ២០១៧ របស់ក្រុមហ៊ុនទាំង ៥ ដែលចុះបញ្ជីជួញដូរនៅ CSX បានបង្ហាញពីការធ្លាក់ចុះ។ នេះបើតាមរបាយការណ៍ CSX ដែលទើបចេញផ្សាយកាលពីថ្ងៃពុធ។
របាយការណ៍បង្ហាញថាអនុបាតប្រាក់ចំណេញសុទ្ធជាមធ្យមជារួមនៅផ្សារមូលបត្រកម្ពុជា គឺ ១៤,៥៨ ភាគរយនៅឆ្នាំ ២០១៧ ធ្លាក់ចុះពី ២០ ភាគរយនៅឆ្នាំ ២០១៥ និងពី ១៦,៤៤ ភាគរយនៅឆ្នាំ ២០១៦។
អនុបាតប្រាក់ចំណេញសុទ្ធគឺជាផលធៀបរវាងប្រាក់ចំណេញសុទ្ធ និងប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនដែលវាជាសន្ទស្សន៍យ៉ាងសំខាន់សម្រាប់ឆ្លុះបញ្ចាំងពីសុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនធ្វើអាជីវកម្ម។ អ្នកជំនាញផ្នែកហិរញ្ញវត្ថុបានលើកឡើងថា ការរក្សាបានអនុបាតប្រាក់ចំណេញសុទ្ធ ២ ខ្ទង់បានបង្ហាញថា ក្រុមហ៊ុនមានសុខភាពហិរញ្ញវត្ថុល្អ។
លោក ល្មុន សូឡី ប្រធាននាយកដ្ឋានចុះបញ្ជី និងផ្តល់ព័ត៌មាននៃផ្សារមូលបត្រកម្ពុជាបានឲ្យដឹងថា ការធ្លាក់ចុះអនុបាតប្រាក់ចំណេញជាមធ្យមនៅ CSX បង្ហាញពីការថមថយអត្រាប្រាក់ចំណេញ ប៉ុន្តែបានលើកឡើងថា វាមិនទាន់ដល់កម្រិតគួរឲ្យព្រួយបារម្ភនៅឡើយ។
លោកបញ្ជាក់ថាការធ្លាក់ចុះអនុបាតប្រាក់ចំណេញនាពេលនេះអាចបណ្តាលមកពីក្រុមហ៊ុននីមួយៗស្ថិតក្នុងដំណាក់កាលពង្រីកផលិតកម្ម ហើយត្រូវការបង្កើនការចំណាយដែលអាចមានឥទ្ធិពលដល់អនុបាតប្រាក់ចំណេញ។
លោកថ្លែងថា៖ «ធម្មតាការធ្លាក់ចុះហ្នឹងវាមិនល្អទេ ប៉ុន្តែខ្ញុំគិតថាកម្រិត [អនុបាតប្រាក់ចំណេញ] ដែលនៅខ្ពស់ជាង ១០ ភាគរយវានៅក្នុងកម្រិតល្អប្រសើរនៅឡើយ»។
ក្នុងចំណោមក្រុមហ៊ុនចុះបញ្ជីទាំង ៥ ក្រុមហ៊ុន ៤ បានបង្ហាញពីនិន្នាការនៃការធ្លាក់ចុះអនុបាតប្រាក់ចំណេញជាមធ្យមប្រចាំឆ្នាំរបស់ខ្លួន។ ប៉ុន្តែមានតែក្រុមហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ PPAP មួយទេដែលមានអនុបាតប្រាក់ចំណេញកើនឡើង។
អនុបាតប្រាក់ចំណេញជាមធ្យមរបស់ PPAP បានកើនពី ២១,០៣ ភាគរយកាលពីឆ្នាំ ២០១៥ ដល់ ២៨,៤៤ ភាគរយនៅឆ្នាំ ២០១៧។ (សូមមើលក្រាហ្វិក)
យោងតាមរបាយការណ៍ StockInfo របស់ CSX ក្រុមហ៊ុនដែលចុះបញ្ជីនីមួយៗសុទ្ធតែបានទទួលប្រាក់ចំណូលសរុបកើនឡើង បើទោះបីជាអនុបាតប្រាក់ចំណេញសុទ្ធធ្លាក់ចុះក៏ដោយ។
លោក អ៊ីវ រ៉ាណ្ណារិទ្ធ នាយកប្រតិបត្តិក្រុមហ៊ុនមូលបត្រ RHB Indochina Securities បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ការដែលក្រុមហ៊ុននីមួយៗបានរាយការណ៍ពីការកើនឡើងប្រាក់ចំណូលគឺជាប្រតិបត្តិការល្អ ហើយការធ្លាក់ចុះអនុបាតប្រាក់ចំណេញដោយសារការកើនឡើងចំណាយដើម្បីពង្រីកផលិតកម្មមិនមែនជាអ្វីដែលគួរព្រួយបារម្ភទេ។ លោកបន្តថាការរក្សាបានអនុបាតប្រាក់ចំណេញច្រើនជាង ២ ខ្ទង់គឺជាការល្អ។
លោកបញ្ជាក់ថា៖ «ជាទូទៅបើអនុបាតប្រាក់ចំណេញធ្លាក់ចុះក្រោម ១០ ភាគរយអី អាហ្នឹងវាអាចជាការ [ក្រើនរំឭកពីការបារម្ភ] ប៉ុន្តែបើវានៅរក្សាបានប្រហែល ១៥ ភាគរយគឺមានន័យថាសុខភាពហិរញ្ញវត្ថុនៅក្នុងកម្រិតល្អហើយសម្រាប់ក្រុមហ៊ុន»៕