ក្រុងស៊ាងហៃៈ ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតចំនួន ៣ របស់ប្រទេស ចិន បានដាក់ពាក្យទាមទារសំណងពីក្រុមហ៊ុនផលិតយន្តហោះ Boeing ជុំវិញការចតយន្តហោះទុកចោល និងការពន្យារពេលចែកចាយយន្តហោះ 737 MAX 8 បន្ទាប់ពីមានករណីធ្លាក់យន្តហោះ ២ ករណី។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនកាលពីថ្ងៃពុធ។
សេចក្តីរាយការណ៍នានាដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនដែលចេញផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ក្រុមហ៊ុន China Eastern Airlines និងក្រុមហ៊ុន Air China នឹងស្វែងរកការបង់សំណងពីក្រុមហ៊ុនផលិតយន្តហោះអាមេរិកមួយនេះ បានកើតមានឡើងក្នុងគ្រាដែលមានការកើនឡើងភាពតានតឹងក្នុងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។
ក្រុមហ៊ុន China Southern គឺជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់អាស៊ី បើគិតពីចំនួនយន្តហោះ ហើយក្រុមហ៊ុន China Eastern គឺជាក្រុមហ៊ុនធំទី២ ក្នុងប្រទេស ចិន ខណៈដែលក្រុមហ៊ុន Air China គឺជាក្រុមហ៊ុនអាកាសចរណ៍រដ្ឋចិន។
អ្នកនាំពាក្យក្រុមហ៊ុន China Eastern បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា សេចក្តីរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Xinhua របស់រដ្ឋចិន ដែលបានលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍នេះបានដាក់ពាក្យទាមទារសំណងទៅកាន់ក្រុមហ៊ុន Boeing គឺជាការពិត។
ទាំងអ្នកនាំពាក្យ និងសេចក្តីរាយការណ៍ព័ត៌មានមិនបានផ្តល់ព័ត៌មានលម្អិតអំពីទឹកប្រាក់ដែលទាមទារ ឬព័ត៌មានលម្អិតផ្សេងទៀតនោះទេ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន China Southern និងក្រុមហ៊ុន Air China មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានភ្លាមៗនោះទេ។
ទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍ថា៖ «ការចតយន្តហោះ Boeing 737 MAX 8 ទុកចោល បានបង្កឲ្យមានការខាតបង់ខ្លាំងសម្រាប់ក្រុមហ៊ុន China Eastern ហើយការខាតបង់នៅតែកំពុងកើនឡើង»។
Xinhua បានរាយការណ៍ថា ក្រុមហ៊ុន China Eastern មានយន្តហោះចំនួន ១៤ គ្រឿងដែលកំពុងចតចោល។
មិនមានព័ត៌មានច្បាស់លាស់ភ្លាមៗនោះទេថា តើក្រុមហ៊ុនអាកាសចរណ៍ ២ ទៀតមានយន្តហោះប៉ុន្មានដែលចតទុកចោលនោះឡើយ។
ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននាពេលកន្លងមកបានរាយការណ៍ថា យន្តហោះ MAX សរុបចំនួន ៩៦ គ្រឿង ស្ថិតក្នុងប្រតិបត្តិការក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ទាំងអស់របស់ប្រទេស ចិន។
មិនមានការបង្ហាញភ្លាមៗទេថា ចំណាត់ការនេះមានការពាក់ព័ន្ធនឹងជម្លោះពាណិជ្ជកម្មដែលកាន់តែជូរចត់រវាងប្រទេសទាំង ២៕ AFP/KC