ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន Philippines Airlines (PAL) បានបើកសម្ពោធជាផ្លូវការនូវជើងហោះហើរថ្មីពីទីក្រុងម៉ានីលមករាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញ។
ក្នុងពិធីសម្ពោធជាផ្លូវការនេះមានការចូលរួមពីប្រធាន និងនាយកប្រតិបត្តិ PAL លោក Jamie Bautista និងឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា លោក Christopher B. Montero ផងដែរ។
PAL គ្រោងនឹងធ្វើការហោះហើរត្រង់ពីទីក្រុងម៉ានីលមកកាន់រាជធានីភ្នំពេញ ៥ ជើងប្រចាំសប្តាហ៍។ ហើយវានឹងក្លាយជាការភ្ជាប់ផ្លូវអាកាសដោយត្រង់លើកដំបូងរវាងរដ្ឋធានីទាំង ២។ ក្រុមហ៊ុនអាកាសចរណ៍ PAL នឹងចាប់ផ្តើមសេវាកម្មរបស់ខ្លួនចាប់ពីខែមេសានេះតទៅ។
លោក Bautista បានឲ្យដឹងថា៖ «ការបើកជើងហោះហើរថ្មីនេះគឺជាដំណើរការដ៏រីករាយបំផុតមួយ ដែលវានឹងជួយបង្កើនការតភ្ជាប់ប្រទេស កម្ពុជា ទៅកាន់ពិភពលោកទាំងមូល។ យើងចង់ជំរុញវិស័យទេសចរណ៍ និងការផ្លាស់ប្តូរសេដ្ឋកិច្ចរវាងប្រទេសយើងទាំង ២»។
ការហោះហើរនឹងចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង ១២: ៤៥ នាទីយប់ នៅថ្ងៃអង្គារ ពុធ សុក្រ សៅរ៍ និងថ្ងៃអាទិត្យ នឹងទៅដល់ទីក្រុងម៉ានីលនៅម៉ោង ០៤:២០ នាទីព្រឹក។ ចំពោះជើងហោះហើរត្រឡប់មកវិញ នឹងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino នៃទីក្រុងម៉ានីលនៅម៉ោង ១០:១០ នាទីយប់នៅថ្ងៃ ចន្ទ អង្គារ ព្រហស្បតិ៍ សុក្រ និង ថ្ងៃសៅរ៍ ហើយនឹងមកដល់ភ្នំពេញនៅម៉ោង ១១:៤៥ នាទីយប់ក្នុងថ្ងៃដដែល។
ជើងហោះហើរ របស់ PAL នេះនឹងប្រើប្រាស់យន្ដហោះប្រភេទ Airbus A320 ដែលមាន ១៥៦ កៅអី ហើយបើមានការគាំទ្រខ្លាំង PAL ត្រៀមខ្លួនរួចជាស្រេចនឹងប្រើប្រាស់យន្តហោះប្រភេទ Airbus A321 ដែលមាន ១៩៩ កៅអី។
PAL សង្ឃឹមថា ការបើកដំណើរការជើងហោះហើរនេះមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរមកពីហ្វីលីពីនឲ្យមកទស្សនាកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ទាក់ទាញភ្ញៀវទេសចរកម្ពុជាឲ្យទៅទស្សនាហ្វីលីពីនផងដែរ។
លើសពីនេះទៀត អ្នកធ្វើដំណើរតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ PAL ក៏អាចភ្ជាប់តាមជើងហោះហើរក្នុងស្រុកជាមួយក្រុមហ៊ុនអាកាសចរណ៍ PAL ចេញពីទីក្រុងម៉ានីលទៅគោលដៅទេសចរណ៍ជាច្រើនក្នុងប្រទេស ហ្វីលីពីន បានផងដែរ៕